COVID-19
អន្តរជាតិ
COVID-19៖ ផ្សារ​មួយ​នៅ​មី​យ៉ាន់​ម៉ា រៀបចំ​គម្លាត​កន្លែង​លក់ដូរ ខណៈ​ក្នុងប្រទេស​មាន​១២១​ករណី​
22, Apr 2020 , 4:07 pm        
រូបភាព
រូបភាព៖ Facebook, Jain Weraphong
រូបភាព៖ Facebook, Jain Weraphong
​នា​ថ្ងៃទី​២០ ខែមេសា ម្ចាស់​គណនី Facebook ឈ្មោះ Jain Weraphong បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​ផ្សារ​លក់ដូរ​មួយកន្លែង នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​គេ​កំណត់​ឲ្យ​អ្នកលក់​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ឬ​កំណត់​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។


 
​តាម​ការ​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​បណ្តាញ​សង្គម Facebook លោក Jain Weraphong បាន​សរសេរ​យ៉ាងខ្លី​ថា «​ផ្សារ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​មី​យ៉ាន់​ម៉ា​»​។ បើតាម​រូបភាព​ដែល​បាន​បង្ហោះ អ្នកលក់ដូរ ត្រូវបាន​គេ​កំណត់​ឲ្យ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ពី ១​ម៉ែត្រ ទៅ ២​ម៉ែត្រ ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព និង​ការពារ​ករណី​ឆ្លង COVID-19​។ 
 
​ការ​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​នេះ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម Facebook ដោយ​ខ្លះ​សរសើរ​ថា ជា​គំនិតល្អ ក្នុងការ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស ហើយ​ខ្លះទៀត​ថែមទៀត ធៀប​មី​យ៉ាន់​ម៉ា​ទៅនឹង​ប្រទេស​មួយចំនួន​ជាដើម​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ មី​យ៉ាន់​ម៉ា​មាន​ករណី COVID-19 សរុប​ចំនួន ១២១​ករណី ស្លាប់ ៥​ករណី និង​ជាសះស្បើយ​ចំនួន ៧​ករណី​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​នៅ​កម្ពុជា បានសរសេរថា ផ្សារ​នោះ​ស្ថិតនៅក្នុង​ស្រុក​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ ហើយ​មានការ​ចែករំលែក​តៗ​គ្នា​ទាំង​យល់ច្រឡំ​៕








Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com