COVID-19
ជាតិ
មូលនិធិ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព កំពុង​ស្វែងរក​ការគាំទ្រ ដើម្បី​ជួយជន​រងគ្រោះ ព្រោះ​កូ​វីដ​១៩
22, Apr 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​សុខភាព កំពុង​ស្វែងរក​ការគាំទ្រ​ពី​សប្បុរស​ដើម្បី​ជូន​ជន​ងាយ​រងគ្រោះ នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។ នេះ​ជា​គម្រោង​មួយទៀត បន្ថែម​លើ​គម្រោង​ចាស់​របស់​អង្គការ ដើម្បី​ប្រមូល​វិភាគទាន​ពី​សប្បុរសជន ចែក​ដល់​ជន​ងាយ​រងគ្រោះ​ទាំងនោះ​។

 
​មូលនិធិ ព្រះពុទ្ធសាសនា ដើម្បី​សុខភាព គឺជា​អង្គ​ការជួយ​ទ្រទ្រង់​មូលនិធិ​សមធម៌​សហគមន៍ ដែល​កំពុង​ជួយ​ជនក្រីក្រ​ងាយ​រងគ្រោះ ដូចជា​ចាស់ជរា​ក្រីក្រ ជនពិការ កុមារកំព្រា ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​របេង និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​សេវា​ថែទាំ​សុខភាព ប្រកបដោយ​សមធម៌​។​
 
​លោក ហ្ស​ង់ អ៊ីវ ជា​សមាជិក​នៃ​កណៈក​ម្មា​ធិ​ការ មូលនិធិ ព្រះពុទ្ធសាសនា ដើម្បី​សុខភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចាប់តាំងពី​មាន​កូ​វីដ​១៩ មូ​និ​ធិ បានផ្ដល់​អំណោយ​ជួយ​អ្នក​បាត់បង់​ការងារ​(​បាត់​ចំណូល​)​ព្រោះ​កូ​វីដ​១៩ បាន​ប្រមាណ​២០០​ករណី​។ លោក ហ្ស​ង់ អ៊ីវ បន្ថែមថា ជន​ងាយ​រងគ្រោះ​ពី​កូ​វីដ​១៩ ដែល​លោក​បាន​ចុះទៅ​ជួប​ផ្ទាល់ គឺ​ពួកគេ​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ តែ​មិនបាន​ជួប​ជនក្រីក្រ​ដែលមាន​ផ្ទុក​កូ​វីដ​១៩​ឡើយ​។
 
​លោក​ពន្យល់​បន្ថែម​ដូច្នេះ​៖«​ពួកយើង​មិនទាន់បាន​ជូ​ប​អ្នកក្រីក្រ​ដែលមាន​ផ្ទុក​កូ​វីដ​១៩​ទេ​។ យើង​បាន​ជួបតែ​អ្នកក្រីក្រ​ដែល​បាន​បាត់បង់​ការងារ​ព្រោះ​កូ​វីដ​១៩​។ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា​គ្រូ​សារ​មួយ​នោះ មានកូន​៣​នាក់ ម្ដាយ​ដែលជា​ស្ត្រី​មេម៉ាយ ជា​បង្គោល​រកប្រាក់​ចិញ្ចឹម​គ្រួសារ តែ​ក្រោយពី​មាន​កូដ​វី​១៩ កន្លែងធ្វើការ​របស់គាត់​ត្រូវ​បិទ ដូច្នេះ​គាត់​មាន​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​។ ដូច​លោកយាយ​មួយទៀត គាត់​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​ប្អូនប្រុស ដែល​ធ្វើ​ជាជាង​ប៉ះ​កង់​នៅជាប់​របង​សាលា តែ​ពេល​សាលារៀន​បិទ គាត់​ក៏​មិនអាច​រកប្រាក់​បាន ហើយ​មិនអាច​ផ្ដល់ជំនួយ​ឱ្យ​បងស្រី​បាន​ដូច​មុន​ដែរ ដូច្នេះ​យើង​យក​ជំនួយ​ទៅ​ជួយ​លោកយាយ​ម្នាក់​នោះ​»​។ 
 
​មូលនិធិ ព្រះពុទ្ធសាសនា ដើម្បី​សុខភាព នេះ ផ្ដល់​អតិ​ភាព​ដល់​អ្នក​ដែល​មានប័ន​ក្រីក្រ តែ​ទោះជា​យ៉ាងណា អ្នកក្រីក្រ​គ្មាន​ប័ន​ក៏​អាច​ទទួលបាន​មូលនិធិ​នេះដែរ ដោយ​ពួកគេ​ត្រូវមាន​ការធានា​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកដឹកនាំ​ផ្នែក​សាសនា ថា​ពិតជា​ក្រីក្រ​ខ្វះ​លទ្ធភាព​មែន នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហ្ស​ង់ អ៊ីវ​។ ជា​សមាជិក​នៃ​កណៈក​ម្មា​ធិ​ការ មូលនិធិ ព្រះពុទ្ធសាសនា ដើម្បី​សុខភាព លោក ហ្ស​ង់ អ៊ីវ ស្នើ​ដល់​សប្បុរសជន​ដែលមាន​លទ្ធភាព មេត្តាជួយ​ជនក្រីក្រ​តាម​សទ្ធា​ជ្រះថ្លា​។​
 
​អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​សុខភាព បង្កើតឡើង​ដោយ​សម្ដេចព្រះ​ជ័យ​មុនី ឃឹម សន ដោយមាន​ព្រះ​បទុម​រង្សី ខៀវ ខន ជា​ប្រធាន​។ មូលនិធិ​នេះ​គ្រប់គ្រង​ដោយ គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​៦​រូប​។ អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​សុខភាព ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក មិន​ស្វែងរក​ប្រាក់ចំណេញ មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤​។ អង្គការ​នេះ​ទទួលស្គាល់​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។
 
​អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​សុខភាព បាន​នឹង​កំពុង​អនុវត្តន៍​សកម្មភាព​នៅ​ខេត្ត​ចំនួន​១២ ក្នុងប្រទេស​កម្ពុជា​។ អង្គការ​នេះ​ធ្វើការ​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​ជនក្រីក្រ​ងាយ​រងគ្រោះ​បំផុត​រួ​មាន ចាស់ជរា ជន​មាន​ពិការភាព កុមារកំព្រា ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​របេង និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​សេវា​ថែទាំ​សុខភាព ប្រកបដោយ​សមធម៌​។ 
 
​សកម្មភាព​ជួយ​ជនក្រីក្រ ធ្វើឡើង​តាមរយៈ​មូលនិធិ​សមធម៌​សហគមន៍​ទាំង​៤០០​ឃុំ ដែលមាន​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១២​។ មកដល់​បច្ចុប្បន្ននេះ តាមរយៈ​គម្រោង​កម្មវិធី និង​ជំនួយ​សប្បុរសធម៌​នានា អង្គការ​បាន​ជួយ​ជនក្រីក្រ​ងាយ​រងគ្រោះ​ខាងលើ​ជាច្រើន​ម៉ឺន​នាក់ ឱ្យទទួល​បាន​សេវា​ថែទាំ​សុខភាព​សមស្រប ប្រកបដោយ​គុណភាព​។​
 
​សប្បុរសជន​អាច​បរិច្ចាគ​ទាន​របស់ខ្លួន នៅតាម​ហឹប មូលនិធិ ព្រះពុទ្ធសាសនា ដើម្បី​សុខភាព ដែលមាន​នៅក្នុង​វត្ត​នានា​នៅ​រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​ទៅ​ព្រះ​បទុម​រង្សី ខៀវ ខន ០៩២ ២៥ ៦២ ៦៨​។ លោក អន សុជាតិ ០៨៩ ៦១ ៥៩ ៥៩​។ លោកស្រី ស៊ិន ចន្ទី ០១៥ ៤១៦ ០០៧​។ លោក Jean Yves ០១២ ៨២៣ ៤០០​។ ថវិកា​ដែល​សប្បុរសជន​ឧបត្ថម្ភ ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈកម្មការ​ខាងលើ ដោយមាន​របាយការណ៍​ច្បាស់លាស់ និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​៕ 

Tag:
 មូលនិធិ​
  ពុទ្ធសាសនា​
  សុខភាព​
  កូ​វីដ​
  អ្នកក្រ​
  គាំ​ទ្រេ​
© រក្សាសិទ្ធិដោយ thmeythmey.com