COVID-19
អន្តរជាតិ
WHO ថា កូ​រ៉ូ​ណាវី​រុស ទំនង​ចេញពី​សត្វ មិនមែន​មន្ទីរពិសោធន៍​ចិន​ឡើយ​
22, Apr 2020 , 9:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​២១ ខែមេសា បាន​លើកឡើងថា ដោយ​ផ្អែក​ទៅតាម​ភស្តុតាង​ដែល​ទទួលបាន កូ​រ៉ូ​ណាវី​រុស មាន​ដើមកំណើត​ចេញពី​សត្វ​ប្រចៀវ ហើយ​វា​មិនមែន​បែកចេញ​ពី​មន្ទីរពិសោធន៍​ឡើយ​។ ការលើកឡើង​របស់​អង្គការ​សុខភាព​ពិភពលោក នៅពេលនេះ គឺ​ស្របពេល​ចិន កំពុង​រង​សម្ពាធ​ពី​គ្រប់ទិសទី ជុំវិញ​ការផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស និង​ប្រភព​របស់​វា​។​

 
​នាពេល​កន្លងមក ប្រ​ធានា​ធិ​បត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រករឿង​ចិន​យ៉ាងខ្លាំង​ជុំវិញ​ការ​លាក់​ព័ត៌មាន​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ជាពិសេស លោក​ប្រធានាធិបតី​ថែមទាំង ព្រមាន​ស៊ើបអង្កេត​លើ​ដើមកំណើត​នៃ​វីរុស​ថែមទៀត ដើម្បី​ប្រាកដថា​តើ​វីរុស​ថ្មី​មួយ​នេះ ចេញពី​មន្ទីរពិសោធន៍​ទីក្រុង​វូ​ហាន​ឬក៏​អត់​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី Fadela Chaib អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង​ហ្សឺ​ណែវ​ថា ដោយ​ផ្អែក​ទៅតាម​ភស្តុតាង ដែលមាន​នៅក្នុង​ដៃ កូ​រ៉ូ​ណា​វីរុស​គឺមាន​ដើមកំណើត​ចេញ​មកពី​សត្វ ហើយ​វា​មិនមែនជា​ការបង្កើតឡើង​ដោយ​មនុស្ស ឬ​ការលេចចេញ​ពី​មន្ទីរពិសោធន៍​ណាមួយ​ដែរ​។ យ៉ាងណាក៏ដោយ លោកស្រី​ក៏​មិនអាច​ច្បាស់​មួយរយ​ភាគរយ​ដែរ​ថា វា​កើតចេញ​មកពី​សត្វ​ឬ​យ៉ាងណា ប៉ុន្តែ​កូ​រ៉ូ​ណា​វីរុស​មាន​ភាគរយ​ច្រើន​កើតចេញ​មកពី​សត្វ ជាជាង​មនុស្ស​បង្កើត​វា​។ 
 
​ទន្ទឹមគ្នានេះ អ្នកនាំពាក្យ ក៏បាន​បន្តទៀតថា មិនទាន់មាន​ការបង្ហាញ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើ​កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លងកាត់​របាំង​ពិសេស​ពីស​ត្វ ទៅ​មនុស្ស​ដោយ​របៀប​ណា​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​នាពេល​កន្លងមក មាន​គេ​សង្ស័យថា កូ​រ៉ូ​ណាវី​រុស គឺ​បែកចេញ​មន្ទីរពិសោធន៍​សត្វ​ប្រចៀវ​មួយកន្លែង​នៅក្នុង​ទីក្រុង​វូ​ហាន​។ ប៉ុន្តែ​ការសង្ស័យ​នេះ គឺ​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា កូ​រ៉ូ​ណា​វីរុស​ពិតជា​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នេះឡើយ​។ 
 
​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ និង​ដើមកំណើត​កូ​រ៉ូ​ណាវី​រុស ប្រទេស​ជាច្រើន​ដូចជា​អាល្លឺម៉ង់ អូស្ត្រាលី អាមេរិក បារាំង កំពុង​ដាក់​សម្ពាធ​មកលើ​ចិន​ឲ្យ​បង្ហាញ​ពី​តម្លាភាព​ជុំវិញ​កូ​រ៉ូ​ណាវី​រុស ដែល​បាន​ផ្ទុះ​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន​។  ជាការ​ឆ្លើយតប ចិន​បាន​លើកឡើងថា ខ្លួន​មិនដែល​លាក់បាំង​ព័ត៌មាន​ជុំវិញ​កូ​រ៉ូ​ណា​វីរុស​អ្វី​ឡើយ សូម្បីតែ​ហ្សែ​ន​នៃ​វីរុស ការសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ការចែករំលែក​ព័ត៌មាន​ផ្សេងទៀត​ជាដើម​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com