COVID-19
ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ក្រៅពី​បាត់​ចំណូល​ច្រើន អ្នកលក់​លៀស​ហាល​ប្រឹង​ដើរ​លក់​ទាំង​អារម្មណ៍​ភ័យខ្លាច​ឆ្លង​កូ​វីដ​-១៩ ​
22, Apr 2020 , 4:26 pm        
រូបភាព
ភ្នំពេញ​៖ ជាទូទៅ​នៅ​រដូវប្រាំង របរលក់​លៀស​ហាល​​មាន​ទីផ្សារ​ច្រើន ដែល​អាច​រកចំណូលបាន​ប្រមាណ ៣០០​ទៅ​៤០០​ដុល្លារ​ក្នុង​មួយខែ​។ អំឡុងពេល​ជួប​វិបត្តិ​ដោយ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​អ្នក​ប្រកបមុខរបរ​លក់​លៀស​ហាល និង​ខ្ចៅ​ស្ងោរ​ជាដើម បាត់បង់​ចំណូល​លើសពី​ពាក់កណ្តាល​នៃ​ចំណូល​ដែល​ពួកគាត់​ធ្លាប់​រកបាន ហើយ​ពួកគាត់​ប្រឈម​នឹង​បោះបង់​មុខរបរ​ប្រចាំ​ថ្ងៃមួយ​នេះ​ទៀតផង​។ លើសពីនេះ អ្នក​ដែល​កំពុង​បន្ត​ប្រក​បរបរ​នេះ ប្រឹង​ដើរ​លក់​ទាំង​អារម្មណ៍​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖



​អ្នកស្រី ហុង ជឿន ជា​អ្នកលក់​លៀស​ហាល​នៅ​ផ្សារ​ច្បារអំពៅ បាន​លើកឡើងថា អ្នកស្រី​ពិតជា​បារម្ភ​ពី​ការកើតមាន​នូវ​ជំងឺ​កូ​វីដ​១៩ នៅពេល​មក​លក់​លៀស​ហា​ល​បែបនេះ ប៉ុន្តែ អ្នកស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅពីនេះ​ឡើង​។ អ្នកស្រី ជឿន និយាយ​ទាំង​ក្តីបារម្ភ​ដូច្នេះ​ប្រាប់ ThmeyThmey25 ៖«​ប្រសិនបើ ត​ទៅមុខទៀត​នៅតែ​មិនមាន​មនុស្ស ហើយ​កាន់តែ​ស្ងាត់​បែបនេះ ខ្ញុំ​ក៏​មិនដឹងថា​ទៅរក​អ្វី​ផ្សេងទៀត​ដែរ​»​។​

​ចំណែក​អ្នកស្រី សុខ រ៉ា​ន់ ជា​អ្នកលក់​លៀស​ហាល​នៅ​ផ្សា​របឹង​កេងកង បាន​ឆ្លើយ​ប្រាប់ ThmeyThmey25 ថា​៖ «​ខ្លាច​ឆ្លង​ជំងឺ គឺ​ចេះតែ​ខ្លាច​ហើយ ប៉ុន្តែ​ឲ្យ​ធ្វើ​យ៉ាងម៉េច​បើ​យើង​ក្រ អីចឹង​មានតែ​មក​លក់ ដើម្បី​បាន​លុយ​ខ្លះ​។ ហើយ​បើ​លក់​លែង​បាន គឺ​ទៅ​នៅ​ស្រុក​វិញ​ហើយ​»​។​

​រីឯ​អ្នកស្រី សុង សារ៉េត ជា​អ្នកលក់​ខ្ចៅ​តាមផ្លូវ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ក៏​ត្អូញត្អែរ​ពី​ការបាត់​ចំណូល​របស់​អំឡុងពេល​កូ​វីដ​១៩​នេះដែរ​។ អ្នកស្រី​ដែល​រុញ​រទេះ​លក់​ខ្ចៅ​កណ្តាល​ថ្ងៃ​ក្តៅ រូបនេះ បានលើកឡើង​ដូច្នេះ​៖ «​ឥឡូវ​លក់​មិន​បានទេ វេទនា​លក់​ណាស់​។ ពីមុន​ធ្លាប់តែ​លក់បាន​១-២​តៅ​ក្នុង​មួយថ្ងៃ ប៉ុន្តែ ពេលនេះ​លក់​មិន​បានទេ​មួយថ្ងៃ​លក់​មិន​អស់​១​តៅ​ផង​»​។

© រក្សាសិទ្ធិដោយ thmeythmey.com