ជាតិ
សង្គមជាតិ
​ស្នងការរង​ខេត្តកណ្តាល​ម្នាក់ ដែល​ពាក់ព័ន្ធ​រឿង​កាត់​ដី​រដ្ឋ ត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​
22, Apr 2020 , 10:29 pm        
រូបភាព
លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុករបស់លោក សុខា)
លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុករបស់លោក សុខា)
​ភ្នំពេញ​៖ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​របស់លោក ស្រេង សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បណ្តោះអាសន្ន​។


 
​ប្រកាស​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង នៅ​ថ្ងៃទី​២១ មេសា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា លោក ស្រេង សុខា ត្រូវ​ទៅ​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។ 
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២២ មេសា​នេះ​ថា​៖ «​ការសម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន របស់លោក ស្រេង សុខា គឺ​ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ដី​ជាង​៤០​ហិកតា ដែល​បាន​ប្រើប្រាស់​ឈ្មោះ​របស់លោក ម៉ៅ ភិ​រុណ អតីត​អភិបាលខេត្ត​កណ្ដា​ក្នុងការ​កាត់​យក​ដី​ដាក់​ជា​កម្មសិទ្ធិ​របស់ខ្លួន​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ដី​ជាង​៤០​ហិកតា​នេះ គឺ​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ 
 
​លោក ស្រេង សុខា ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​ស្រាវ ជ្រាវ បន្ទាប់ពី​បានបង្ហាញ​ទ្រ​សម្បត្តិ​យ៉ាងច្រើន ក្នុង​ការចូល​ស្ដីដណ្ដឹង​នារី​ម្នាក់ តាមរយៈ​ទឹក​ប្រាប់​១០​ម៉ឺន​ដុល្លារ ឡាន​ទំនើប និង​គ្រឿងអលង្ការ​មួយចំនួន​ទៀតផង​។ 
 
​ករណី​ខាងលើនេះ ត្រូវបាន​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បកស្រាយ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ តែ​ជា​រឿង​សម្ញែង​ទ្រព្យសម្បត្តិ​៕

Tag:
 ស្នងការរង
© រក្សាសិទ្ធិដោយ thmeythmey.com