ជាតិ
សង្គមជាតិ
ស្នងការរងខេត្តកណ្តាលម្នាក់ ដែលពាក់ព័ន្ធរឿងកាត់ដីរដ្ឋ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុករបស់លោក សុខា)
× ភ្នំពេញ៖ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងាររបស់លោក ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបណ្តោះអាសន្ន។
ប្រកាសក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្ដេច ស ខេង នៅថ្ងៃទី២១ មេសា ឆ្នាំ២០២០ បានបញ្ជាក់ថា លោក ស្រេង សុខា ត្រូវទៅបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់សារព័ត៌ថ្មីៗតាមទូរសព្ទនៅថ្ងៃទី២២ មេសានេះថា៖ «ការសម្រេចផ្អាកការងារបណ្ដោះអាសន្ន របស់លោក ស្រេង សុខា គឺដោយសារលោកជាប់ពាក់ព័ន្ធសំណុំរឿងដីជាង៤០ហិកតា ដែលបានប្រើប្រាស់ឈ្មោះរបស់លោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្ដាក្នុងការកាត់យកដីដាក់ជាកម្មសិទ្ធិរបស់ខ្លួន»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដីជាង៤០ហិកតានេះ គឺនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ស្រេង សុខា ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវ ជ្រាវ បន្ទាប់ពីបានបង្ហាញទ្រសម្បត្តិយ៉ាងច្រើន ក្នុងការចូលស្ដីដណ្ដឹងនារីម្នាក់ តាមរយៈទឹកប្រាប់១០ម៉ឺនដុល្លារ ឡានទំនើប និងគ្រឿងអលង្ការមួយចំនួនទៀតផង។
ករណីខាងលើនេះ ត្រូវបានលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បកស្រាយថា មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ តែជារឿងសម្ញែងទ្រព្យសម្បត្តិ៕
© រក្សាសិទ្ធិដោយ thmeythmey.com