COVID-19
អន្តរជាតិ
ថៃ បញ្ចុះតម្លៃ​អគ្គិសនី​ឲ្យ​អ្នក​ប្រើ​២២​លាន​នាក់​ដើម្បី​សម្រួលការ​លំបាក​អំឡុង​ពេល COVID-19
22, Apr 2020 , 10:59 pm        
រូបភាព
ដោយ:
​គណរដ្ឋមន្ត្រី​ថៃ យល់ព្រម​ជាមួយនឹង​សេចក្តីសម្រេច​របស់​ក្រសួង​ថាមពល​ថៃ​ក្នុង​ការមិន​យក ឫ​បញ្ចុះតម្លៃ​អគ្គិសនី​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​ក្នុង​គ្រួសារ អំឡុងពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ។ នេះ​បើតាម​កាសែត Bangkok Post ។​

 
​លោក Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួង​ថាមពល និយាយថា គណៈរដ្ឋមន្ត្រី​យល់ព្រម​ជា​ផ្លូវការ​នូវ​វិធានការ​បញ្ចុះតម្លៃ​អគ្គិសនី​ពី​ខែមីនា ដល់​ឧសភា ហើយនឹង​អនុវត្ត​នៅ​ទូទាំងប្រទេស​។ កាសែត Bangkok Post ផ្សាយ​បែបនេះ​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃទី​២១ ខែមេសា​។ វិធានការ​នេះ នឹងត្រូវ​ចំណាយ​ប្រាក់ ២៣,៦​ពាន់​លាន​បាត (​ប្រហែល​៧២៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​សម្រាល​បន្ទុក​សាធារណៈ​។ 
 
​ក្នុងអំឡុងពេល​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 នេះ តម្លៃ​អគ្គិសនី​ក្នុងផ្ទះ​ខ្លះ បាន​កើនឡើង​ពី ២​ទៅ​៣ ដង​ដោយសារតែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ដាច់​តែឯង ធ្វើការ​ពី​ផ្ទះ ឫ​ជៀសវាង​ចេញទៅ​ក្រៅ​ដែល​សុទ្ធតែជា​សកម្មភាព​កាត់បន្ថយ​ការឆ្លង​។​
 
​យោងតាម​រដ្ឋមន្ត្រី​ថាមពល​ថៃ ចំណាត់ការ​ខាងលើនេះ រំពឹងថា​នឹង​សម្រាល​បន្ទុក​របស់​អ្នកប្រើប្រាស់​ជាង​២២​លាន​នាក់​។ ក៏ប៉ុន្តែ​ក្រសួង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត ជាពិសេស​ការពិចារណា​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​អាជីវកម្ម និង​វិស័យ​ឧស្សាហកម្ម​ផង​។​
 
​ក្នុង​សំណើ​កាត់​បន្ថយថ្លៃ​អគ្គិសនី លំនៅស្ថាន​ណា​ដែល​ប្រើប្រាស់​អគ្គិសនី​ក្រោម​១៥០ គីឡូវ៉ាត់ម៉ោង នឹងមិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ ហើយ​វិធានការ​នេះ​អនុវត្ត​សម្រាប់តែ​ផ្ទះ​ដែល​ភ្ជាប់​ចរន្តអគ្គិសនី​មិន​លើសពី​៥ អំពែ​ប៉ុណ្ណោះ​។ គេ​រំពឹងថា​លំនៅស្ថាន​ជាង ១០​លាន​គ្រួសារ​នឹង​ទទួលផល​ពី​វិធានការ​ខាងលើ​។​
 
​សម្រាប់​លំនៅស្ថាន ដែល​ភ្ជាប់​ចរន្ត​លើសពី​៥​អំពែ តែ​ប្រើ​អគ្គិសនី​តិចជាង​៨០០​គីឡូវ៉ាត់ម៉ោង គេ​នឹង​តម្រូវ​ឲ្យ​បង់ថ្លៃ​តាម​វិ​ក្ក័​យ​ប​ត្រ​ខែកុម្ភៈ​។ 
 
​បើតាម​កាសែត​ដដែល លំនៅស្ថាន ដែល​ប្រើ​លើស​៨០០​គីឡូវ៉ាត់ម៉ោង រដ្ឋ​នឹង​បញ្ចុះតម្លៃ​៥០​ភាគរយ​។​
​រីឯ លំនៅស្ថាន​ដែល​ប្រើប្រាស់​លើសពី​៣,០០០ គីឡូវ៉ាត់ម៉ោង នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៣០​ភាគរយ​។​
 
​ចំណែក​នៅ​ពី​ថ្ងៃទី​២១ ខែមេសា សហព័ន្ធ​ឧស្សាហកម្ម​ថៃ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ផ្អាក​ការបង់ថ្លៃ​អគ្គិសនី​ពី​សហគ្រាស​ខ្នាតតូច មធ្យម និង​លំនៅស្ថាន​រយៈពេល​៤​ខែ​។ លោក Supant Mongkolsuthree ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ និយាយថា រដ្ឋាភិបាល​គួរតែ​បញ្ចុះតម្លៃ​អគ្គិសនី​៥​ភាគរយ ឯ​តម្លៃ​ពន្ធគយ​លើ​ប្រេង គួរ​គណនា​តាម​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ​សកល​៕

© រក្សាសិទ្ធិដោយ thmeythmey.com