COVID-19
ជាតិ
អ្នកស្រី ប៉ូ សុផាត ដាក់​ប្រាក់​ក្នុង​ថង់​ពេល​ទិញ​ទំនិញ ដើម្បី​ការពារ​ការឆ្លង​កូ​វីដ​១៩
22, Apr 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ព្រោះតែ​ខ្លាច​ឆ្លង​កូ​វីដ​-១៩ ​តាមរយៈ​ការ​កាន់​ប្រាក់​ញឹកញាប់ អ្នកស្រី ប៉ូ សុផាត ដែល​រស់នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល បានដាក់​ប្រាក់​ក្នុង​ថង់ នៅ​រាល់ពេល​ចេញទៅ​ទិញ​ទំនិញ​នៅលើ​ទីផ្សារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី ព្យាយាម​ឱ្យប្រាក់​ទៅ​អ្នកលក់​គ្រប់​តម្លៃ​ទំនិញ ដើម្បី​ចៀស​រាង​ការ​អាប់​ត្រឡប់មកវិញ​ផងដែរ​។ ក្រោយ​​ទិញ​ទំនិញ​ចប់​សព្វ​គ្រប់​ ស្ត្រី​កូន​៣​រូបនេះ ប្រញាប់ប្រញាល់​លាងដៃ​នឹង​ទឹក​មេស្រា​ភ្លាមៗ មុនពេល​មកដល់​ផ្ទះ ​លាងដៃ​នឹង​សាប៊ូ​ម្ដងទៀត​។​


 
​រស់នៅ​ជនបទ​ក៏ពិតមែន ប៉ុន្តែ​គ្រួសារ​របស់​អ្នកស្រី ប៉ូ សុផាត មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូ​វីដ​-១៩​។ ចាប់តាំងពី​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​មក ផ្ទះ​របស់​អ្នកស្រី ប៉ូ សុផាត ត្រូវបាន​កំហិត​ចំពោះ​ការ​កាន់​ប្រាក់​។ ស្ត្រី​កូន​៣​រូបនេះ ទទួល​ភារកិច្ច​កាន់​ប្រាក់​តែម្នាក់ឯង​ប៉ុណ្ណោះ ដើម្បី​ទិញ​ទំនិញ​សព្វ​សារពើ ​សម្រាប់​គ្រួសារ​ធំ​ ដែលមាន​សមាជិក​១១​នាក់​។​
 
​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ខណៈពេលដែល​អ្នកស្ រី​កំពុងស្ថិត​នៅក្នុង​ផ្សារ​ដែល​នៅក្នុង​ភូមិ ក្រោយពី​ទិញ​ទំនិញ​រួច ស្ត្រី​វ័យ​ជិត​៤០​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា ការដាក់​ប្រាក់​ក្នុង​ថង់ គឺ​ដើម្បី​បញ្ចៀស​ពី​ការ​កាន់​ប្រាក់ ​ក្នុង​រយៈពេល​យូរ ម្យ៉ាង​ក៏​ដើម្បី​ភាពងាយស្រួល ​ក្នុងការ​យកប្រាក់​ចេញ​​ចូល​ស​​ម្រាប់​ទិញ​ទំនិញ​ដែរ​។ 
 
​អ្នកស្រី​ពន្យល់​បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​ដាក់​ប្រាក់​ក្នុង​ថង់​បែបនេះ វា​ងាយស្រួល​យកទៅ​ទិញ​របស់របរ​។ ម្យ៉ាង​ ក៏​ដើម្បី​ការពារ​ការឆ្លង​កូ​វីដ​-១៩​ដែរ ព្រោះ​ខ្ញុំ​ឮ​គេ​និយាយថា មេរោគ​វា​អាច​ទំ​ជាប់​នឹង​លុយ​ដែរ​»​។​
 
​ការការពារ​នៅមាន​បន្តទៀត ​សម្រាប់​អ្នកស្រី ប៉ូ សុផាត គឺ​ក្រោយពី​ទិញ​ទំនិញ​ចប់​រួចរាល់។ អ្នកស្រី​ចាប់ផ្ដើម​លាងដៃ​នឹង​មេស្រា​ភ្លាមៗ មុនពេល​មកដល់​ផ្ទះ​លាងដៃ​នឹង​សាប៊ូ​បន្ថែមទៀត​នោះ​។ ទោះជា​យ៉ាងណា​ស្ត្រី​ពាក់អាវ​ចាក់​ពណ៌​ស្វាយ និង​ពាក់​ម៉ាស់​ពណ៌​ឈាមជ្រូក​រូបនេះ ប្រាប់​ពី​មូល​ហេតុ ដែល​អ្នកស្រី​មិន​ប្រើ​ទឹក​អាល់កុល​ថា​៖«​សុខភាព​របស់ខ្ញុំ​ទទួលយក​ក្លិន​ស្រា​បាន ប៉ុន្តែ​ចំពោះ​ទឹក​អាល់កុល ​សុខភាព​របស់ខ្ញុំ​ទទួល​យកមិន​បានទេ​។ ពេល​ទៅ​ផ្សារ​ ខ្ញុំ​ព្យាយាម​ដើរ​ឆ្ងាយ​ពី​កន្លែង​ដែលមាន​មនុស្ស​ច្រើន។ បើ​ថ្ងៃ​ណា ​ខ្ញុំ​ដើរទៅ​ប៉ះ​គេ ឬ​គេ​ដើរមក​ប៉ះ​ខ្ញុំ ពេលមកដល់​ផ្ទះ​ ខ្ញុំ​ប្រញាប់​ងូតទឹក​ក្ដៅ ហើយ​សម្លៀកបំពាក់​ទាំង​នោះ ខ្ញុំ​គក់​នឹង​សាប៊ូ​ភ្លាម​»​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា វីដេអូ​សកម្មភាព​ដើរ​ផ្សារ​នៅក្នុង​ភូមិ របស់​អ្នកស្រី ប៉ូ សុផាត ដូចតទៅ​៖


Tag:
 កូ​វីដ​
  ការពារ​
  ប្រាក់​
  ទំនិញ​
© រក្សាសិទ្ធិដោយ thmeythmey.com