អន្តរជាតិ
អ៊ីរ៉ង់ ប្រកាសជោគជ័យលើការបាញ់បង្ហោះផ្កាយរណបយោធាលើកដំបូង រូបភាព៖ Gulf Time
× កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃទី២២ ខែមេសា បានប្រកាសជោគជ័យលើការបាញ់បង្ហោះផ្កាយរណបយោធាជាលើកដំបូងរបស់ខ្លួន។ ការបាញ់ផ្កាយរណបនេះ ធ្វើឡើងក្នុងអំឡុងពេលអ៊ឺរ៉ង់ និងអាមេរិក កំពុងតែរងភាពតានតឹងជាមួយគ្នានៅក្នុងតំបន់។
តាមរយៈវេបសាយសារព័ត៌មានSepahnews កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសពីការបាញ់បង្ហោះផ្កាយរណបយោធាជោគជ័យយ៉ាងធំធេង។ ផ្កាយរណប ដែលត្រូវបានគេដាក់ឈ្មោះ Nour នេះ ត្រូវបានបាញ់ចេញពីជើងទម្រមានពីរដំណាក់ ចេញពីវាលខ្សាច់ Markazi ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។
នៅក្នុងខ្លឹមសារសារព័ត៌មានដដែលនេះ ផ្កាយរណបគឺស្ថិតនៅកម្ពស់ ៤២៥គីឡូម៉ែត្រពីផែនដី និងស្ថិតនៅក្នុងគន្លងរបស់ផែនដីយ៉ាងត្រឹមត្រូវ។ ការប្រកាសភាពជោគជ័យនេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានទទួលបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបយោធា កាលពីជាងពីរខែមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កន្លងមក អាមេរិក បានចោទអ៊ីរ៉ង់ថា កម្មវិធីផ្កាយរណបរបស់អ៊ីរ៉ង់ គឺគ្រាន់តែជាសកម្មភាពបិទបាំងការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួនតែប៉ុណ្ណោះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានលើកឡើងថា កម្មវិធីអវកាសរបស់ខ្លួននេះ គឺស្របទៅនឹងកាតព្វកិច្ចអន្តរជាតិ ជាពិសេស គឺស្របទៅនឹងច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ការបាញ់បង្ហោះនេះ គឺធ្វើឡើងបន្ទាប់អាមេរិក និងអ៊ីរ៉ង់ ទើបតែមានទំនាស់ថ្មីជាមួយគ្នានាសប្តាហ៍មុន។ នាថ្ងៃទី១៥ ខែមេសា អាមេរិក បានចោទអ៊ីរ៉ង់ថា បានបញ្ជាឲ្យកប៉ាល់របស់ខ្លួន មកបំពាននាវាអាមេរិក ហើយមានកប៉ាល់អ៊ីរ៉ង់មួយ បានជិះមកជិតនាវាអាមេរិកតែត្រឹម ៩ម៉ែត្រប៉ុណ្ណោះ នៅក្នុងឈូងសមុទ្រពែរ្ស។
សូមបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែងមក ទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ គឺស្ថិតនៅក្នុងភាពតានតឹងយ៉ាងខ្លាំង។ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអួរអាប់ថែមទៀត បន្ទាប់ពីអាមេរិកបានសម្លាប់ លោក Qasem Soleimani មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com