COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​អ៊ីតាលី Pescara នឹង​ប្រើ​ឯកសណ្ឋាន​ថ្មី​ច្នៃ​ដោយ​ក្មេងប្រុស​អាយុ​៦​ឆ្នាំ នៅ​រដូវ​កាល​ក្រោយ​
23, Apr 2020 , 7:59 am        
រូបភាព
​ក្មេងប្រុស​អាយុ ៦ ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​អ៊ីតាលី​កំពុង​ទទួលបាន​ការអបអ​រ​សាទរ​យ៉ាងខ្លាំង​បន្ទាប់ពី​រចនា​ម៉ូត​អាវ​របស់​ក្រុមកីឡា​បាល់ទាត់​មួយ ហើយ​ត្រូវ​ក្រុម​ជំនាញ​របស់​ក្លិប Pescara ទទួលយក​។ Pescara នឹង​ប្រើប្រាស់​ឯកសណ្ឋាន​របស់​ក្មេងប្រុស​នេះ​ជា​ផ្លូវការ​នៅ​រដូវ​កាល​ក្រោយ​។​



​ក្មេងប្រុស​ឈ្មោះ Luigi D'Agostino បាន​យកឈ្នះ​កុមារ​ដទៃទៀត​នៅក្នុង​ការប្រកួតប្រជែង​មួយ​ដែ​រៀបចំ​ដោយ​ក្លិប Pescara នៃ​លី​គ​លំដាប់​ទី​ពីរ​អ៊ីតាលី Serie B សម្រាប់​អ្នកគាំទ្រ​វ័យក្មេង​របស់ខ្លួន​។ ក្លិប​បង្កើត​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​ធុញទ្រាន់​អំឡុងពេល​ជាប់​ក្នុងផ្ទះ ដោយសារ​ជំងឺឆ្លង COVID-19 ក្នុងប្រទេស​អ៊ីតាលី​។​
 
​ក្លិប Pescara ដែលមាន​ឈ្មោះ​ពេញ Pescara Calcio បានកកើតឡើង​ក្នុង​ឆ្នាំ ១៩៣៦ ហើយ​ធ្លាប់​លេង​នៅ​លី​គ​កំពូល​អ៊ីតាលី Serie A រយៈពេល​៧​រដូវ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​
 
​អំឡុងពេល COVID-19 រាតត្បាត ដែល​ធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​លី​គ​ត្រូវ​ផ្អាក​នោះ ក្លិប​នេះ​បាន​បង្កើត​កម្មវិធី​សម្រាប់​កុមារ​ដែលមាន​ឈ្មោះថា «​ទាត់ Covid-19» ឬ​ជា​ភាសារ​អង់គ្លេស «give a kick to Covid-19»​។​
 
D'Agostino បាន​គូររូប​អាវ​ហើយ​លើ​រូប​អាវ​នោះ​មាន​ត្រី​ដូ​ហ្វី​ន (Dolphin) កំពុង​លេង​ជាមួយ​បាល់ និង​មាន​ពណ៌​ឆ្នូតៗ​ចំនួន​៦​ពណ៌​ផ្សេងទៀត​នៅលើ​ផ្ទៃ​អាវ​នោះ​។ ក្លិប Pescara បានប្រកាស​ជ័យជម្នះ​របស់​ក្មេងប្រុស​វ័យ​៦​ឆ្នាំ D'Agostino នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ Pescara ដែលមាន​មាន​ផ្លាកសញ្ញា​សម្គាល់​ក្រុម​ជា​ត្រី​ដូ​ហ្វី​ន​ដែរនោះ បានសម្រេច​យក​ការ​រចនា​ឯកសណ្ឋាន​ដោយ​យក​គំរូ​តាម​គំនូរ​របស់​ក្មេងប្រុស​នេះ ដើម្បី​ពាក់​ប្រកួត​ជា​ផ្លូវការ​នៅ​រដូវ​កាល​ក្រោយ​៕





Tag:
 Pescara
  Luigi D\'Agostino
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com