COVID-19
អន្តរជាតិ
លោក ត្រាំ បញ្ជា​ឲ្យ​ទ័ពជើងទឹក​អាមេរិក​បាញ់​កាណូត​អ៊ីរ៉ង់ បើ​ហ៊ាន​ចូល​កៀក​ពេក​
23, Apr 2020 , 9:39 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បើកដៃ​ឲ្យ​កប៉ាល់​ទ័ពជើងទឹក​អាមេរិក​បាញ់​កាណូត​យោធា​អ៊ីរ៉ង់ បើ​ពួកគេ​ចូល​កៀក​ខ្លាំងពេក​។ បញ្ជា​របស់លោក ត្រាំ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​កាណូត​ទ័ព​អ៊ីរ៉ង់​ដែល​បំពាក់​កាំភ្លើង​ផង​នោះ បាន​ចូល​កៀក​នាវា​អាមេរិក​មួយគ្រឿង​នៅ​តំបន់​ឈូង​សមុទ្រ​។ ប៉ុន្តែ​មន្ត្រី​យោធា​អ៊ីរ៉ង់ ហាក់​មិន​ព្រឺ​នឹង​ការព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ ដោយ​ប្រាប់​អាមេរិក​ឲ្យ​គិតគូរ​ពី​បញ្ហា​ជំងឺ COVID-19 ក្នុងស្រុក​វិញ​ទៅ​។

  
 
​កាណូត​១១​គ្រឿង​របស់​កងទ័ព​អ៊ីរ៉ង់ បានធ្វើ​ដំណើរ​ជិត​ខ្លាំង​នឹង​កប៉ាល់ចម្បាំង​របស់​ក​ង​ទ័ពជើងទឹក​អាមេរិក​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​កាលពី​ថ្ងៃទី​២១ ខែមេសា​កន្លងទៅ​។ រឿងនេះ​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​សប្បាយចិត្ត​ឡើយ និង​ផ្ដល់​ភ្លើង​បៃតង​ឲ្យ​កងទ័ព​អាមេរិក​ធ្វើ​សកម្មភាព​ការពារ​ខ្លួន​របស់​ពួកគេ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន លោក ត្រាំ អះអាងថា អាមេរិក​មិនអាច​អត់ធ្មត់​នឹង​រឿង​បែបនេះ​បានឡើយ ហើយ​លោក​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​អ៊ីរ៉ង់​បង្ក​គ្រោះថ្នាក់​ដាក់​កងទ័ព​អាមេរិក និង​កប៉ាល់​យោធា​អាមេរិក​ឡើយ​។ លោក​ក៏​ដាក់​បញ្ជា​ថា បាញ់​ពួកគេ​កម្ទេច​ទៅ​។ 
 
«​នេះ​ជាការ​គំរាម​។ នៅពេល​ពួកគេ​ចូល​កៀកក​ប៉ាល់​របស់​យើង ពួកគេ​មាន​កាំភ្លើង និង​អាវុធ​ផ្សេង​លើ​ទូក​ផង តែ​យើង​នឹង​កម្ទេច​ពួកគេ​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ។  
 
​តាមពិតទៅ ហេតុការណ៍​ដូចខាងលើ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ជារឿយៗ កងទ័ព​អាមេរិក ក៏បាន​បាញ់​ព្រមាន​កប៉ាល់ ឬ​កាណូត​កងទ័ព​អ៊ីរ៉ង់​ដែល​គឃ្លើន​ចូល​កៀកក​ប៉ាល់​របស់ខ្លួន​។ និយាយ​ពី​រឿង​បាញ់​ចំ​វិញ យោធា​អាមេរិក ក៏​អាចអនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​កម្ទេច​តែម្ដង​ក៏បាន​។ ប៉ុន្តែ​ការបញ្ជា​ចេញពី​មាត់​លោក ត្រាំ ជា​រឿង​ដែល​អាចធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​។​
 
​យ៉ាងណាក្ដី ការ​គំរាម​របស់លោក ត្រាំ ហាក់​មិនបាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​រអា​ឡើយ​។ ទីភ្នាក់ងារ​ព័ត៌មាន ISNA បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​អ៊ីរ៉ង់ លោក Abolfazl Shekarchi ថា អាមេរិក​គួរតែ​ផ្ដោតលើ​ការសង្គ្រោះ​យោធា​របស់ខ្លួន​ពី​ជំងឺ COVID-19 វិញ​ទៅ​។ មន្ត្រី​យោធា​អ៊ីរ៉ង់​រូបនេះ ចង់​ឌឺដង​អាមេរិក​ពាក់ព័ន្ធ​ការឆ្លង COVID-19 នៅលើ​នាវា​ដឹក​យន្តហោះ Theodore Roosevelt រហូត​មានការ​បណ្ដេញ​មេបញ្ជាការ​ទៅទៀត​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com