ជួយ​ចែករំលែក​! របប​អាហារ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! របប​អាហារ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ​
23, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ គឺ​ខុសពី​ប្រភេទ​ផ្សេងទៀត​នៃ​ជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​កើតឡើង​តែ​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។ ជាធម្មតា​មិន​បង្ហាញ​រោគសញ្ញា​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ ហើយ​ងាយ​នឹង​បាត់​ទៅវិញ​ក្រោយ​សម្រាល​។ កំឡុងពេល​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ អ័រម៉ូន​ដែលជា​ធម្មតា​ផលិតឡើង​ដើម្បី​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក​ចាប់ផ្ដើម​ជះឥទ្ធិពល​លើ​ការផលិត​អាំង​ស៊ុយ​លីន​។ សរីរាង្គ​របស់​ស្ត្រី​មួយចំនួន​អាច​នៅតែ​ផលិត​អាំង​ស៊ុយ​លីន​លើស​បន្តិច​ដើម្បី​រក្សា​កម្រិត​គ្លុយកូស ឬ​ជាតិ​ស្ករ ប៉ុន្តែ​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ​មិនអាច​ឡើយ​។ ថា​តើ​មាន​វិធី​អ្វី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ​ឬ​អត់​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​មួយចំនួន​ដែល​អ្នក​គួរ​សាកល្បង ៖
 
១. ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ឱ្យបាន​ត្រឹមត្រូវ​
 
​ផ្លែឈើ​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​ចំពោះ​សុខភាព​ផ្ទុយ​ពី​នំ​ស្រួយ​និង​សូកូឡា​ដែល​អ្នក​ទទួលទាន​ចន្លោះពេល​អាហារ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​ផ្លែឈើ​មួយចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ណា​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ទាប​។​

២. ទទួលទាន​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន​
 
​ដើម្បី​រក្សា​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ការ​ទទួលទាន​ប្រូតេអ៊ីន​បាន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុងមាន​ជំងឺ​ទឹកនោមផ្អែម​កំឡុងពេល​មាន​ផ្ទៃពោះ ចូរ​ព្យាយាម​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ និង​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៣. ទទួលទាន​ខ្លាញ់​ក្នុង​កម្រិត​មធ្យម​
 
​ការ​ទទួលទាន​ខ្លាញ់​សុខភាព​ល្អ​ក្នុង​កម្រិត​មធ្យម គឺ​ពិតជា​ល្អ​សម្រាប់​អ្នក​កំឡុងពេល​មាន​ផ្ទៃពោះ​។ នោះ​ក៏​ព្រោះតែ​ខ្លាញ់​ល្អ​នឹងមិន​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ​។​

៤. ចៀសវាង​ទទួលទាន​អាហារ​មាន​ជាតិ​ម្សៅ​
 
​អាហារ​មាន​ជាតិ​ម្សៅ​ច្រើន​តែមាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ដែល​នឹង​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នេះ​មានន័យថា​អ្នក​គួរ​ចៀសវាង​ទទួលទាន​អាហារ​មាន​ជាតិ​ម្សៅ​ដូចជា​នំ​បុ័ង និង​បា​យស​ជាដើម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​អាច​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​បា​យស​។​

៥. បង្កើន​ការទទួល​ទាន​បន្លែ​
 
​ការទទួល​ទាន​បន្លែ​បាន​ច្រើន គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
៦. រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​

​អ្នក​ក៏​អាច​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ជំនួស​ផ្លែឈើ​។ គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ល្អ​ខ្ពស់ ប៉ុន្តែ​ជាតិ​ស្ករ ឬ​កាបូ​អ៊ី​ដ្រា​ត​ទាប​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com