ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់ឱ្យ​សក់​ដុះ​វែង​ឆាប់រហ័ស កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
23, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់ឱ្យ​សក់​ដុះ​លឿន​ក្រាស់​ឆាប់រហ័ស​មិន​ពិបាក​ឡើយ​!  គួរ​ធ្វើ​បែបណា​មែន​ទេ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់ ៖
 
១. ផ្លាស់ប្ដូរ​របប​អាហារ​
 
​របប​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន គឺ​ចាំបាច់​ណាស់​ដើម្បីឱ្យ​សក់​អាច​លូតលាស់​បាន​វែង​ឆាប់រហ័ស​។ ទោះជា​យ៉ាងណា​អ្នក​ក៏ត្រូវ​ការ​អាហារ​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ ព្រមទាំង​វីតាមីន​សំខាន់ៗ​ផ្សេងទៀត​រួមបញ្ចូល​ទាំង​វីតាមីន A វីតាមីន B វីតាមីន D វីតាមីន E និង​វីតាមីន K ផងដែរ​។​
 
២. កាត់បន្ថយ​ស្ត្រេ​ស​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ការលូតលាស់​នៃ​សក់​។ អ័រម៉ូន​ស្ត្រេ​ស​អាច​បណ្ដាលឱ្យ​សក់​ងាយ​នឹង​ជ្រុះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កាត់បន្ថយ​ភាព​ស្ត្រេ​ស​សម្រួល​អារម្មណ៍​ខ្លះ​។​
 
៣. កម្រិត ឬ​បញ្ឈប់​ការប្រើប្រាស់​ម៉ាស៊ីនកម្ដៅ​លេង​ម៉ូដ​សក់​
 
​កម្ដៅ​ចេញពី​ម៉ាស៊ីន​កៀប​សក់ មូរ​រួញ និង​ម៉ាស៊ីន​ផ្លុំ​សក់​ងាយ​បណ្ដាលឱ្យ​សក់​ប្រែជា​ឆាប់​បែក​ចុង​និង​ជ្រុះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ​។​
 
៤. កក់​សម្អាត​សក់​ឱ្យបាន​ត្រឹមត្រូវ​
 
​អ្នក​មិនចាំបាច់​ប្រើប្រាស់​សាប៊ូ​នៅពេល​កក់សក់​ឡើយ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រើ​ក្រែ​ម​បន្ទន់​សក់​គ្រប់ពេល​។ ទោះបីជា​សាប៊ូកក់សក់​ជួយ​កម្ចាត់​ភាពកខ្វក់ ធូលី អង្កែ​ចេញពី​សក់ ប៉ុន្តែ​វា​ក៏​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​ដែល​ពង្រឹង​សុខភាព​សក់​ផងដែរ​។ រីឯ​ក្រែ​ម​បន្ទន់​សក់​វិញ​នឹង​ជួយ​ជំនួស​និង​ការពារ​ប្រូតេអ៊ីន​ក្នុង​សក់​ទប់ស្កាត់​ការខូចខាត​។ ហើយ​ដើម្បី​ជាការ​ប្រសើរ ចូរ​បញ្ចប់​ការលាង​សម្អាត​សក់​ជាមួយ​ទឹក​ត្រជាក់​។​
 
៥. តម្រឹម​សក់​ឱ្យបាន​ទៀងទាត់​

​គន្លឹះ​ដ៏​ចាំបាច់​មួយទៀត​ដែល​អ្នក​មិនគួរ​រំលង​ដើម្បី​ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់​ចូរ​តម្រឹម​សក់​រាល់​រយៈពេល​ពី ១០ ទៅ ២០ សប្តាហ៍​ម្ដង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com