ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​
24, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពេល​សម្រាល​អ្វីដែល​ស្ត្រី​ជា​ម្ដាយ​គួរ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន គឺ​សម្រាក​អោយបាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​សុខភាព​ល្អ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​។  អ្វីដែល​សំខាន់​ទៀត​នោះ គឺ​របប​អាហារ​ត្រឹមត្រូវ​ក៏​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយផ្ដល់​ថាមពល​បន្ថែម​និង​បង្កើន​ទឹកដោះ​?


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​កំឡុងពេល​កំពុង​បំបៅ​ដោះ ៖

១. បន្លែ​បៃតង​
 
​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​។ នេះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ភាគច្រើន​មាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក (folic acid) ដែល​ជួយ​រាងកាយ​ផលិត​កោសិកា​ឈាម​ថ្មី​។ បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​ជាតិ​ដែក​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។​
 
២. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដែល​ជួយ​បង្កើន​បរិមាណ​នៃ​ការ​ទឹកដោះ​។ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​អាស៊ីត​ជាតិ​ខ្លាញ់ DHA ដែល​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សរសៃប្រសាទ​របស់​ក្មេង​និង​ជួយ​អោយ​ស្ត្រី​ជា​ម្ដាយ​រក្សាបាន​នូវ​អារម្មណ៍ល្អ​ជៀសផុត​ពី​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​។​
 
៣. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ទឹកដោះគោ យ៉ា​អួរ ឈី​ស និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងទៀត គឺ​សំខាន់​ណាស់​ដែល​គួរតែមាន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​។ អាហារ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន D វីតាមីន B និង​ជាពិសេស​នោះ​គឺ​កាល់ស្យូម​ដែល​ចាំបាច់​ក្នុងការ​លូតលាស់ ឬ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​។​
 
៤. សាច់​គ្មាន​ខ្លាញ់​

​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប គឺ​សុទ្ធតែ​ត្រូវការ​ថាមពល​បន្ថែម ហើយ​សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុចិញ្ចឹម​ដែល​ជួយផ្ដល់​កម្លាំង​ដល់​រាងកាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន B12 និង​ជាពិសេស​ជាតិ​ដែក​ចាំបាច់​សម្រាប់​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​និង​ថាមពល​ឆាប់រហ័ស​។​

៥. ស៊ុត​
 
​ស៊ុត ជា​អាហារ​ពេលព្រឹក​ល្អ​បំផុត​មួយ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​មិន​ពិបាក​នឹង​ចម្អិន​ទៀត​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន រួមទាំង​វីតាមីន D និង choline ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ការអភិវឌ្ឍ​ខួរក្បាល​របស់​ទារក​។​
 
៦. ក្រូច​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ធ្វើអោយ​វា​ក្លាយជា​អាហារ​ល្អ​បំផុត​មួយ​ជួយ​បង្កើន​ការផលិត​ទឹកដោះ​។ បរិមាណ​នៃ​វីតាមីន C ក្នុង​ផ្លែក្រូច​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ជា​ម្ដាយ និង​ទារក​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៧. បាយ​អង្ករសម្រូប​
 
​បាយ​អង្ករសម្រូប​អាច​ផ្ដល់នូវ​ថាមពល​បន្ថែម​ដែល​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ និង​ថែមទាំង​ជួយ​បង្កើន​ការផលិត​ទឹកដោះ​សម្រាប់​ទារក​ទៀតផង​។​
 
៨. គ្រាប់​ធញ្ញជាតិ​

​មាន​ផ្ទុក​ប្រូតេអ៊ីន ព្រមទាំង​អាស៊ីត​ខ្លាញ់​ល្អៗ វីតាមីន E អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​អូ​មេ​ហ្កា ៦ ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ជាតិ​សរសៃ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បង្កើន​ការផលិត​ទឹកដោះ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com