COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
UEFA៖ Champions League និង Europa League ទំនងជាអាចចាប់ផ្តើមវិញក្នុងខែសីហា
× ក្របខណ្ឌ UEFA Champions League និង Europa League ទំនងជាអាចចាប់ផ្តើមការប្រកួតទាំងស្រុងឡើងវិញក្នុងខែសីហា បន្ទាប់ពីមានការពិភាក្សាបន្ថែមរវាងសហព័ន្ធនិងក្លិបអំពីជំនួបដែលនៅសល់ក្នុងរដូវកាល ២០១៩-២០ នេះ។
នាកិច្ចពិភាក្សាមួយនៅថ្ងៃទី២១ ខែមេសា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រាប់ទៅកាន់សហព័ន្ធទាំង ៥៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនថា នៅតែមានលទ្ធភាពសម្រាប់បន្តការប្រកួតប្រជែងក្របខណ្ឌអឺរ៉ុប ដែលអាចធ្វើឡើងក្នុងខែមិថុនា កក្កដា និងខែសីហា។
មិនត្រឹមតែក្របខណ្ឌអឺរ៉ុបឡើយ កាសែតកីឡា BBC Sport ក៏បានដឹងពីកិច្ចពិភាក្សាចុងក្រោយអំពីផែនការក្នុងការបញ្ចប់លីគក្នុងស្រុកនៅត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ទៀតផង។ យ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយបានបង្ហាញពីកិច្ចព្រមព្រៀងគ្នាលើបញ្ហានេះទេ។
មួយវិញទៀត UEFA មានការជឿជាក់ថា ការរឹតបន្តឹងការធ្វើដំណើរទំនងជាត្រូវបន្ធូរបន្ថយនៅក្នុងខែសីហា ប្រសិនបើជំងឺ COVID-19 ថមថយ ដែលជាសញ្ញាល្អសម្រាប់ការបន្តប្រកួតប្រជែង ដែលតម្រូវឲ្យមានការឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត។
ដោយសារហេតុផលខាងលើនេះ ការគ្រោងទុកសម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្របខណ្ឌកំពូលអឺរ៉ុបដែលត្រូវលេងប្តូរទឹកដីគ្នា ទំនងជាធ្វើឡើងនៅចន្លោះថ្ងៃទី១១ និងទី២២ ខែសីហា។
សូមបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យព្រឹត្តិការណ៍កីឡាជុំវិញពិភពលោក រួមទាំងកីឡាបាល់ទាត់គ្រប់កម្មវិធីត្រូវផ្អាកដោយគ្មានកាលកំណត់ឡើយ។ គិតត្រឹមថ្ងៃទី២៣ ខែមេសានេះ ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី បានសម្លាប់មនុស្សជិត ២សែននាក់ និងឆ្លងជាង២លាន៦សែននាក់ជុំវិញពិភពលោក ដោយក្នុងនោះក៏មានអ្នកសះស្បើយច្រើនដែរចំនួនជាង៧សែននាក់៕
Tag:
UEFA Champions League
Europa League
© រក្សាសិទ្ធិដោយ thmeythmey.com