COVID-19
ជាតិ
​កុំ​ភ្លេចខ្លួន​! ពលរដ្ឋ​កម្ពុជា​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការឆ្លង COVID19
23, Apr 2020 , 11:50 am        
រូបភាព
កុមារកម្ពុជាម្នាក់ពាក់ម៉ាស Spiderman ដើម្បីការពារការឆ្លងកូវីដេ១៩។ រូបថត AFP
កុមារកម្ពុជាម្នាក់ពាក់ម៉ាស Spiderman ដើម្បីការពារការឆ្លងកូវីដេ១៩។ រូបថត AFP
និពន្ធនាយករងសារព័ត៌មានថ្មីៗ (@saophalniseiy

​រយៈពេល​១១​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា​នេះ ដែល​កម្ពុជា​មិន​ប្រទះឃើញ​ការឆ្លង​ថ្មី​នៃ​ជំងឺ រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ស្រប​ពេលដែល​អ្នក​ឆ្លង​ស្ថិតនៅក្រោម​ការព្យាបាល​មាន​ត្រឹម​១២ នាក់​ប៉ុណ្ណោះ​។ ថ្វី​វា​ជា​សញ្ញា​វិជ្ជមាន ប្រជាជន​កម្ពុជា​ក៏​ពុំគួរ​មើលស្រាល​ស្ថានការណ៍ ឬ​ព្រងើយកន្តើយ ចំពោះ​ការព្រមាន​ពី​ហានិភ័យ​ដែរ ដ្បិតថា ពិភពលោក​បច្ចុប្បន្ន​នៅតែ​បន្ត​រងគ្រោះ ហើយ​អ្នកវិទ្យាសាស្ត្រ នៅ​បន្ត​ស្វែងយល់​ពី​មេរោគ និង​មិនទាន់​អាច​ផលិត​បាន​វ៉ាក់សាំង​ការពារ​នៅឡើយ​។​

 
​នៅតាម​ដងផ្លូវ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ហាក់​ចាប់ផ្តើម​ត្រឡប់មក​ស្ថានភាព​ភាព​អ៊ូអរ ហើយ​នៅតាម ទីតាំង មួយចំនួន​ដូចជា សួនច្បារ និង​កន្លែង​លក់​អាហារ ឬ​ភេសជ្ជៈ​តាម​ដងផ្លូវ​ក៏​ចាប់ កកកុញ​ជាថ្មី ក្រោយ​ស្ងប់ស្ងាត់ អស់​ប្រហែល​ពីរ ឬ​បី​សប្តាហ៍​។ នៅតាម​ផ្ទះ និង​កន្លែង​ការងារ​ខ្លះ មនុស្ស​ចាប់ផ្តើម​ប្រមូល​ផ្តុំគ្នា ជួបជុំ​ជប់លៀង​ផឹកស៊ី ឯ​នៅតាម​ផ្សារ​ក៏​ចាប់ ផ្តើម​ណែនណាន់តាន់តាប់ ដូច​សព្វមួយដង​ដែរ​។ នេះ​ក៏ដោយ​សារ កម្ពុជា​គ្មាន​ករណី ឆ្លង​ថ្មី ដែល ប្រកាស​ដោយ​ក្រសួងសុខាភិបាល​ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​មកនេះ​។ 
 
​តាមពិតទៅ វា​ជាស​ញ្ញា​វិជ្ជមាន​មួយ និង​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ប្រឹងប្រែង​របស់​អាជ្ញាធរ​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ស្រាវជ្រាវ​ធ្វើតេស្ត​អ្នក​ឆ្លង តាមដាន​ស្វែងរក (contact tracing) អ្នកមាន ទំនាក់ទំនង​ផ្ទាល់​ក្តី ប្រយោល​ក្តី យកចិត្តទុកដាក់​ព្យាបាល​ថែទាំ​អ្នកជំងឺ​ក្នុង​រយៈពេល​កន្លងមក​។ 
 
​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សង្គ្រាម​ប្រឆាំង​មេរោគ​ដែលជា​សត្រូវ​គ្មាន​រូបរាង ស្ថិតនៅ​ឆ្ងាយណាស់ពី​ជ័យជម្នះ​។ វា​នៅតែ​ជា​ក្តីបារម្ភ​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​រាល់គ្នា ដ្បិតថា ហានិភ័យនៃការឆ្លង​ថ្មី​នៅ​ខ្ពស់ ហើយ​ការឆ្លង​ជា​សហគមន៍នៅតែ​អាច​កើតមាន បើសិនជា​បងប្អូនប្រជាជនយើង​ចាប់ផ្តើមលែងយកចិត្ត​ទុកដាក់ ឬ​ខ្វល់ខ្វាយ​ពី​គ្រោះថ្នាក់​ដែល អាច​កើតមាន​ចំពោះ​យើង​និង​អ្នកដទៃទៀតនៅពេលនេះ​។ 
 
​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ​គឺ ផ្អែកលើ​ហេតុផល​សាមញ្ញ​ចំនួន​បី​។ ហេតុផល​ទីមួយ គឺ ដរាប ណា គ្មាន​វ៉ាក់សាំង គ្រោះថ្នាក់​នៅតែ​ខ្ពស់​ចំពោះ​មនុស្ស​គ្រប់គ្នា​។ កុំភ្លេចថា ការផលិត វ៉ាក់សាំង ចាយ​ពេលវេលា​យូរណាស់ ហើយ​មិន​ប្រាកដ​ណាស់​ការស្រាវជ្រាវ​ជោគជ័យ ហើយ​មនុស្ស​គ្រប់គ្នា មាន លទ្ធភាព​ទទួលបាន​ដែ​រ​។ ម្យ៉ាង​បច្ចុប្បន្ន​អ្នកវិទ្យាសាស្ត្រ​ក៏​ស្ថិតនៅក្នុង ដំណាក់កាល​តាមដាននិង​ស្វែងយល់​ពី​មេរោគ​ប៉ុណ្ណោះ ដោយសារ​វា​បន្ត​ផ្លាស់ប្តូរ​ទម្រង់​ជា​បន្តបន្ទាប់​។ វា​ប្រាកដណាស់​ថា យើង​គ្រប់គ្នា​ត្រូវ​ព្យាយាម​សម្រប​ខ្លួនដើម្បី​ជម្នះ​ក្តី​លំបាក និង​គ្រោះថ្នាក់ ហើយ​ត្រូវ​ចាំ​ថា  ភាព​ធម្មតា​ដូចដែលយើង​គ្រប់គ្នា​ធ្លាប់ធ្វើ​ទំនង​មិនអាច​កើតឡើងក្នុង​រយៈពេល​ខ្លី​ខាងមុខ​ឡើយ​។ 
 
​ដោយសារ​បញ្ហាលំបាក​នេះហើយ ប្រទេស​ជឿនលឿន​មួយចំនួន​ចាប់ផ្តើម​គិតពី សេណា​រី​យ៉ូ​មួយ​ដែល «​ទុក​ឲ្យ​ឆ្លង​រហូត​មាន​ភាពស៊ាំ​ទប់​ទល់នឹង​មេរោគ​» ឬ Herd Immunity ជា​ភាសា​អង់គ្លេស​។ វា​ជា ដំណោះស្រាយ​មួយ​តាម​ក្រិ​ត្យ​ក្រម​ធម្មជាតិ ប៉ុន្តែ​វា​ព្រៃផ្សៃ​បន្តិច និង​គ្មាន​គុណធម៌ ដ្បិតថា «​អ្នកខ្សោយ​ត្រូវស្លាប់ ហើយ​អ្នកខ្លាំង​អាច​បន្ត​រស់​»​។ តាម​ការប៉ាន់ស្មាន សេណា​រី​យ៉ូ​នេះ គឺ​គេត្រូវ​ទុកឲ្យ​មាន​អ្នក​ឆ្លង​រហូតដល់​៨០​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​សរុប​។​យ៉ាងណាមិញ​សេណា​រី​យ៉ូ​នេះ​មិនគួរ​កើតមាន​ទេ ដ្បិតថា ពិភពលោក​បច្ចុប្បន្ន​មានការ​រីកចម្រើន ជឿនលឿន​ខ្លាំង​ជាពិសេស ផ្នែក វិទ្យាសាស្ត្រ មិនមែន​ពឹង​ផ្អែកលើ​ធម្មជាតិ​ទាំងស្រុង​ដូច​ពីមុន​ឡើយ​។ 
 
​ត្រឡប់មកវិញ វ៉ាក់សាំង​ជា​ក្តី​រំពឹង​របស់​មនុស្សជាតិ​រាល់គ្នា​។ ប៉ុន្តែ​កាលណា​បើ​គ្មាន​វ៉ាក់សាំង លទ្ធភាព​នៃ​ការឆ្លង​ជំងឺ គឺមាន​គ្រប់ពេល​។ ត្រង់ចំណុច​នេះ អ្នក​អាច ពិចារណា​បន្តិច​ដែរ ថ្វីបើ​កម្ពុជា​គ្មាន​ការឆ្លង​ថ្មី ឬ​ទោះ​អ្នក​ឆ្លង​ជាសះស្បើយ​អស់​ក្តី យើង​មិន ត្រូវ​ភ្លេច​ថា វា​មាន​ករណី​អ្នក​ដែលមាន​ឆ្លង​តែ​គ្មាន​រោគសញ្ញា​។ សាក​ស្រមៃ​មើល បើសិន​គ្រប់គ្នា​លែង​ប្រុងប្រយ័ត្ន តើ​វា​នឹងមានអ្វី​កើតឡើង បើ​ពួកគេ​ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​ដើរហើរ​ដោយសេរី​ដូចយើង​រាល់គ្នា​នោះ​? 
 
​បញ្ហា​ទី​ពីរ​គឺ លទ្ធភាព​នៃ​ធ្វើតេស្ត​របស់​យើង​ទៅលើ​មនុស្ស​ទូទៅ​នៅមានកម្រិត​។ បើតាម​ទិន្នន័យ​ក្រសួងសុខាភិបាល កម្ពុជា​បានធ្វើ តេស្ត​មនុស្ស​ប្រហែល​ជាង ៦០០ នាក់​ប៉ុណ្ណោះ​ក្នុង ចំណោម​ប្រជាជន មួយ​លាន​នាក់​។ វា​តិច​ឬ​ច្រើន​អាច​បង្ហាញថា ចំនួន​អ្នក​ដែល​យើង​បានធ្វើ​តេស្ត​រក​ជំងឺ ស្ថិតនៅក្នុង កម្រិត​មួយ​ទាប​នៅឡើយ ហើយ​វា​ក៏​អាចជា​ហេតុផល​មួយ​ដែល ធ្វើ​ឲ្យ​ការស្វែងរក​អ្នក​ឆ្លង​នៅមានកម្រិត​។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន​អាជ្ញាធរ​សុខាភិបាល​កំពុង​ព្យាយាម​បង្កើត​ការធ្វើ​តេស្ត ហើយ​វា​មានលទ្ធភាព ដែល​យើង​អាច​នឹង​រកឃើញ​មនុស្ស​មាន​ផ្ទុកមេរោគ​នេះ​ទៀត​។ ដូច្នេះហើយ យើង​មិនអាច​សប្បាយចិត្ត រហូតដល់​ភ្លេចខ្លួន ដោយសារ​ឃើញ​ចំនួន​អ្នក​ឆ្លង​នៅ​ឋេ​រ​ឡើយ​។​
 
​ចំណុច​ទី​បី គឺ រលក​នៃ​ការឆ្លង​ទី​ពីរ​ជា​របត់​មួយ​ធំ​បំផុត សម្រាប់​សុខុមាលភាព​សាធារណៈ​របស់ កម្ពុជា ទាំងមូល​។ មន្ត្រី​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​សុទ្ធតែ​បាន​ក្រើនរម្លឹក និង​ព្រមាន​ម្តង ជា​ពីរដង​ពី «​រលក​នៃ​ការឆ្លង​ថ្មី​» ដែល​អាច​នឹងមាន​។ ប្រាកដ​ហើយ​ថា រាល់​រលក​នៃ​ការឆ្លង​ថ្មី នឹង​បង្ក​ឲ្យ​មាន​ស្ថានភាព​អាក្រក់​ជាង​បច្ចុប្បន្ន​ដែល​ពិបាក​ស្មាន​។ ស្ថានភាព​អាក្រក់​នោះ​គឺ សំដៅលើ​ការឆ្លង​ក្នុង​សហគមន៍ ដែល​អាជ្ញាធរ​ពិបាក​កំណត់​ប្រភព​អ្នក​ឆ្លង និងគ្មាន​លទ្ធភាព​គ្រប់គ្រង និង​ទប់ស្កាត់​។ អ្នក​រាល់គ្នា​ត្រូវ​ចាំ​ថា រាល់​ករណី​ឆ្លង​ច្រើន​ជា​ចង្កោម នឹង​ក្លាយជាបន្ទុក​ដ៏ធ្ងន់ធ្ងរណាស់សម្រាប់វិស័យ​សុខាភិបាល​របស់​កម្ពុជា​យើង​ដែល​នៅមានកម្រិតស្រាប់​នោះ​។ 
 
​ត្រង់ចំណុច​នេះដែរ ករណី​ឆ្លង​ថ្មី​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​អាស៊ី​ដូចជា ជប៉ុន និង​សិង្ហ​បុរី គួរតែ​ក្លាយជា​មេរៀន​ដ៏​សំខាន់​សម្រាប់ ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​។ ក្នុង​កាលៈទេសៈដ៏​លំបាក និង​មិន​ច្បាស់លាស់​ដូច​បច្ចុប្បន្ននេះ ការចូលរួម​ទប់ស្កាត់ និង​ការបន្ត​ប្រុងប្រយ័ត្នរបស់​យើង​ដោយ​ស្តាប់​តាម​ការណែនាំ​របស់​អាជា្ញធ​រ​ជំនាញ​ជា​រឿង​ចាំបាច់​បំផុត​មិនអាច​ខ្វះ​បាន​។ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ប្រជាជន និង​ប្រជាជាតិ​យើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com