COVID-19
ជាតិ
មហាផ្ទៃ ហាម​ពលករ​ជាង​៨​ម៉ឺន​នាក់​វិល​ទៅ​ក្រៅប្រទេស ហើយ​លើកទឹកចិត្ត​ឲ្យ​ដាំ​បន្លែ​នៅផ្ទះ​
23, Apr 2020 , 2:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​ហាមឃាត់​ពលករ​ខ្មែរ​ជាង​៨​ម៉ឺន​នាក់ មិន​ឲ្យ​វិលត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រសួង​ស្នើឱ្យ​ពលករ​ទាំងនោះ ដាំ​បន្លែ​នៅតាម​ផ្ទះ​វិញ ដើម្បី​រក​ចំណូល​បណ្ដោះអាសន្ន​សិន ទម្រាំ​តែ​ជំងឺ​កូ​វីដ​១៩ ស្ងប់ស្ងាត់​ទៅវិញ​។​


 
​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ពលករ​ជាង​៨​ម៉ឺន​នាក់ ដែល​ត្រឡប់​មកពី​ក្រៅប្រទេស​នេះ មិនទាន់​រកឃើញ​មាន​ឆ្លង​ជំងឺ កូ​វីដ​-១៩ នៅឡើយ​ទេ​។ ប៉ុន្តែ​ក្រសួង ក៏​មិន​ចង់ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ​ដែរ​។​
 
​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ស្រង់​សម្តី​លោកស្រី ជូ ប៊ុន​អេង នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​រយៈពេល​ខ្លី មធ្យម និង​វែង​របស់​ពលករ​ចំណាកស្រុក​ក្នុងស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​សូមមេត្តា​កុំអាល​វិលត្រឡប់​ទៅរក​ប្រទេស​គោលដៅ​វិញ ដោយសារ​ប្រទេស​គោលដៅ​ហ្នឹង បច្ចុប្បន្ននេះ​គឺមាន​អត្រា​ឆ្លង​ខ្ពស់ជាង​យើង​ទៀត​។ អ៊ីចឹង​ប្រសិនបើ​ពួកគាត់​វិលត្រឡប់​ទៅ​ពេលនេះ គឺ​ជួបនឹង​ហា​នី​ភ័យ​ខ្ពស់​ណាស់ ហើយ​ខាង​ប្រទេស​គេ​វិញ​ក៏​រឹតបន្ដឹង​ដែរ អំពី​ការបិទ​ព្រំដែន​ដែរ​»​។​
 
​រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) រូបនេះ ក៏​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការដាំដុះ​បន្លែ​បន្ថែម​នៅតាម​ទីលំនៅ​រៀងៗ​ខ្លួន ដើម្បី​រកប្រាក់​ចំណូល​ក្នុង​គ្រួសារ​បន្ថែមទៀត ។ ជាពិសេស​ត្រូវ​មានការ​អត់ធ្មត់​ចំពោះ​ដំណាក់​កាលដែល​កម្ពុជា​កំពុង​ជួបប្រទះ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​
 
​កន្លងមក​ក្រសួងសុខាភិបាល ធ្លាប់​បញ្ជាក់ថា ពលករ​ខ្មែរ​ជាង​៤០០​នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត​សំណាក​រក រក​កូ​វីដ​១៩​នោះ គឺ​មិនមាន​មេរោគ​ឡើយ​។​
 
​បើតាម​លោកស្រី ជូ ប៊ុន​អេង ពលករ​ខ្មែរ​ដែល​ចូលដល់​ព្រំដែន​ភ្លាមៗ គឺ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចុះ​ពិនិត្យ និង​សួរ​ប្រវត្តិ​ពួកគាត់ ព្រមទាំង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​«​បើសិន​យើង​រកឃើញថា មាន​ពលករ​យើង​ណា​ម្នាក់​មាន​កម្តៅ ខុសពី​ធម្មតា​។ គឺ​ពួកគាត់​ស្ថិតនៅ​ការតាមដាន​បន្ដ​អត់​ទាន់​បញ្ជូន​គាត់​ចេញមក​ទេ​។ អ៊ីចឹង​នៅពេលនោះ មាន​ជា​បន្ដបន្ទាប់ ដែល​យើង​ស្នើសុំ​មន្ទីរពេទ្យបង្អែក​ព្រំដែន​ត្រូវ​ពិនិត្យ​បន្ថែម ដើម្បី​យក​សំណាក​ក្នុងការ​ពិនិត្យ​ចឹ​ង យើង​រក​អត់​ទាន់​ឃើញ យើង​គិតថា​ពួកគាត់​មាន​ក្ដៅ​ដោយ​មូលហេតុ​ផ្សេងៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ ។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ មេសា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១២២​នាក់ ក្នុងនោះ​ជាសះស្បើយ​១១០​នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅសល់តែ​១២​នាក់​ប៉ុណ្ណោះ​៕

Tag:
 COVID-19
  ជូ ប៊ុន​អេង
© រក្សាសិទ្ធិដោយ thmeythmey.com