COVID-19
អន្តរជាតិ
ពលរដ្ឋ​ថៃ​អត់​ការងារ​ធ្វើ​នៅ​បាងកក តម្រង់​ជួរ​យក​ម្ហូប​ដោះ​ទ័ល​មួយគ្រា​
23, Apr 2020 , 3:10 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ពលរដ្ឋ​ថៃ​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​COVID-19 នៅ​ថ្ងៃទី​២២ ខែមេសា បាននាំគ្នា​តម្រង់​ជួរ​យ៉ាង​វែង​អន្លាយ​ដើម្បី​ទទួលយក​ម្ហូបអាហារ​មិន​គិតលុយ នៅ​ទូទាំង​ទីក្រុង​បាងកក ។ ពួកគេ​សង្ឃឹម​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដើម្បី​ដោះ​ទ័ល​មួយគ្រា​សិន ខណៈ​ជំងឺ​រាតត្បាត​COVID-19 ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ថៃ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ចាត់​ចំណាត់ការ​ឆ្លើយតប​។​

 
កម្មករ​ក្រៅ​ប្រព័ន្ធ​ថៃ​ប្រមាណ​២៧​លាន​នាក់  ដែល​បាត់បង់​ការងារ​ពួកគេ​ក្នុង​វិស័យ​ទេសចរណ៍ កម្សាន្ត សេវាកម្ម និង​ភោជនីយដ្ឋាន បានដាក់​ពាក្យ​សម្រាប់​ការចែក​ប្រាក់​ប្រចាំខែ​ពី​រដ្ឋាភិបាល​ថៃ​។ យ៉ាងណាមិញ ត្រឹម​ពាក់កណ្ដាល​នៃ​សំណើ​ប៉ុណ្ណោះ ទទួលបាន​ការយល់ព្រម​សំណើ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ទាក់ទិន​រឿង​ចែក​ប្រាក់​ជូន​ពលរដ្ឋ​រងគ្រោះ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាសថា រដ្ឋាភិបាល​លោក​មានលទ្ធភាព​ផ្ដល់ប្រាក់​ជូន​ពួកគេ​ត្រឹម​៥០០០​បាត (១៥៤​ដុល្លារ​) មួយខែ​ប៉ុណ្ណោះ​។ ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​ថៃ ក៏​យល់ព្រម​បញ្ចុះតម្លៃ​អគ្គិសនី​ពី​ខែមីនា ដល់​ឧសភា ហើយនឹង​អនុវត្ត​នៅ​ទូទាំងប្រទេស ដែល​អាច​កាត់​រហូតដល់​៥០​ភាគរយ​។​
 
​ទោះ​មានការ​យឺតយ៉ាវ និង​ចន្លោះប្រហោង​ពី​សំណាក់​រដ្ឋាភិបាល​បែបនេះ ស្មារតី​ស្មោះ​ចិត្ត​និយម​របស់​ពលរដ្ឋ​ថៃ បាន​ចូលមក​បំពេញ​។ នោះ​គឺ​ការចែក​ម្ហូបអាហារ​ជូន​ដល់​អ្នក​ខ្វះខាត​ទ័លក្រ​។ 
 
«​រដ្ឋាភិបាល​ពុំបាន​ជួយ​អ្វី​ខ្ញុំ​ឡើយ​»​។ បុរស​ថៃ​វ័យ​៤៦​ឆ្នាំ​ម្នាក់ ឈ្មោះ Chare Kunwong ដែល​អ្នក​ចម្អិន​ម្ហូបអាហា​រ​ដល់​អ្នកទេសចរ ហើយ​ចំណូល​លោក​ត្រូវ​រីងស្ងួត​ដោយសារ COVID-19 សម្លាប់​វិស័យ​ទេសចរណ៍​ថៃ​។ បុរស​រូបនេះ​បាន​ឈរ​តម្រង់​ជួរ​ក្រោយ​មនុស្ស​រាប់រយ​នាក់ កាលពី​ថ្ងៃ​ពុធ ទី​២២ ខែមេសា នៅ​ក្រុង​បាងកក រង់ចាំ​ទទួល​អាហារ​ដែល​គេ​បរិ​ច្ឆា​គ  ដូចជា អង្ករ មី និង​ទឹកដោះគោ​ជាដើម​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ប្រសិន​លោក​រង់ចាំ​ជំនួយ​របស់​រដ្ឋាភិបាល ម្ល៉ោះ​ពេលនេះ លោក​ដាច់ពោះ​ស្លាប់បាត់​ហើយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ មេសា ប្រទេស​ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប​២៨៣៩​ករណី ក្នុងនោះ​អ្នកជំងឺ​២៤៣០​នាក់​ជាសះស្បើយ ខណៈ​អ្នក​ស្លាប់មាន​៥០​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ​COVID-19 ទូទាំង​ពិភពលោក​៕
 
​សូម​ទស្សនា​វីដេអូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP៖
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com