COVID-19
អន្តរជាតិ
ជប៉ុន​រកឃើញ COVID-19 ចំនួន​៤៨ ករណី​នៅលើ​នាវា​ទេសចរណ៍ Costa Atlantica
23, Apr 2020 , 3:37 pm        
រូបភាព
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ Reuters
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ Reuters
​នា​ថ្ងៃទី​២៣ ខែមេសា ជប៉ុន​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១៤​ករណី​បន្ថែម នៅលើ​នាវា​ទេសចរណ៍ Costa Atlantica​។ តួលេខ​សរុប COVID-19 នៅលើ​នាវា​មួយ​នេះ​កើន​បាន​ដល់ ៤៨​ករណី​។ 


 
​បន្ទាប់ពី​ឃើញ COVID-19​ជាច្រើន​ករណី​នៅក្នុង​នាវា​ទេសចរណ៍ Diamond Princess នាពេល​កន្លងទៅ ពេលនេះ​ជប៉ុន​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី​ផ្សេងទៀត នៅក្នុង​នាវា​ទេសចរណ៍ Costa Atlantica​។ ករណី​រកឃើញ​ថ្មី​នេះ គឺជា​បុគ្គលិក​ធ្វើការ​នៅក្នុង​នាវា​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​ជប៉ុន បាន​រកឃើញ​ករណី COVID-19 ចំនួន ១៤​ករណី​បន្ថែមទៀត​នៅក្នុង Costa Atlantica នៅ​ថ្ងៃទី​២៣ ខែមេសា​។ ករណី​សរុប COVID-19 ដែល​រកឃើញ​នៅក្នុង​នាវា​ទេសចរណ៍​មួយ​នេះ បាន​កើន​ដល់ ៤៨​ករណី​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​នេះ គឺជា​បុគ្គលិក​ខាង​ផ្នែក​ម្ហូបអាហារ​។ 
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់បាន​រកឃើញ​នៅឡើយ​ទេ ថា​តើ​ប្រភព​ចម្លង​ដំបូង កើតចេញពី​ណា ឬ​ឆ្លង​តាមរយៈ​ណា​នោះទេ​។ អាជ្ញាធរ​ជប៉ុន បាន​ទទួលស្គាល់ថា ខ្លួន​មិនបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​អនុញ្ញាត​ឲ្យ​នាវា​ចូល​ចត​កន្លែង​ជួស​ជុស​។ 
 
​នាវា Costa Atlantica នេះ គឺជា​នាវា​ទេសចរណ៍​របស់​អ៊ីតាលី ដែល​មានតែ​បុគ្គលិក​បម្រើការ​ចំនួន ៦២៣​នាក់ បាន​ចូល​ចត​នៅ​កន្លែង​ជួស​ជុស​នាវា​មួយ​ក្នុង​ទីក្រុង​ណា​កា​សា​គី (Nagasaki) តាំងពី​ខែកុម្ភៈ​មក​ម្លេះ ដោយ​ក្រុមហ៊ុន Mitsubishi​។ មុនដំបូង នាវា​ទេសចរណ៍​នេះ ត្រូវគេ​គ្រោង​យកទៅ​ជួសជុល​នៅក្នុង​ប្រទេស​ចិន​ទេ ប៉ុន្តែ​ដោយសារ​ការរីក​សាយភាយ​នៃ COVID-19 ទើប​គេ​ជួសជុល​នៅ​ជប៉ុន​វិញ​។​
 
​គិត​មក​ត្រឹម​ពេលនេះ ជប៉ុន​មាន​ករណី COVID-19​សរុប​ចំនួន ១១៩៥០ ករណី អ្នកស្លាប់​ចំនួន ២៩៩​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៤២៤​ករណី​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com