កីឡាអន្តរជាតិ
អន្តរជាតិ
តើ Newcastle នឹង​ថ្កុំថ្កើង​ដូច Chelsea និង Man City ទេ បើ​មាន​រជ្ជទាយាទ Salman ជា​ម្ចាស់​?
23, Apr 2020 , 10:29 pm        
រូបភាព
​ការលក់​ក្លិប Newcastle United ទៅ​ឲ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​គាំទ្រ​ដោយ​ព្រះអង្គម្ចាស់ Mohammed Bin Salman ហាក់ដូចជា​ខិតជិត​ដល់​ជោគជ័យ​ហើយ​។ កិច្ចព្រមព្រៀង​ទិញដូរ​ក្លិប​មួយ​នេះ​អាច​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង ដែល​វា​នឹងធ្វើ​ឲ្យ Premier League កាន់តែ​ក្លាយជា​ក្របខណ្ឌ​កីឡាបាល់ទាត់​ពោ​ពេញ​ដោយ​ថាមពល​។​


 
​ក្លិប Newcastle United កំពុង​ឈានដល់​កិច្ចព្រមព្រៀង​លក់​ក្នុងតម្លៃ​ប្រហែល ៣០០ លាន​ផោន (៣៦៨ លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​រជ្ជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះអង្គម្ចាស់ Bin Salman​។​
 
​បើសិនជា​ក្លិប​រហស្សនាម​សារិកា​ព្រៃ ពិតជា​ធ្លាក់​ក្នុង​ដៃ​ម្ចាស់​ដែល​សម្បូរ​ទ្រព្យ​ពិតមែន នោះ​វាសនា​ពួកគេ​នឹង​ខុសពី​ក្រុម​ដទៃ​ដូចជា Chelsea ឬ Manchester City ឡើយ​។ តោ​ខៀវ និង មេឃ​ខៀវ​ចាប់ផ្តើម​រីកមុខ​មាត់​ខ្លាំង​ឡើងៗ​ចាប់តាំងពី​ក្រុម​ទាំងពីរ​នេះ​មាន​ម្ចាស់​សុទ្ធតែជា​មហា​សេស​ដ្ឋី​។​
 
​ដូច​ដឹង​ស្រាប់  ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​កាលពី​ជាង​១០​ឆ្នាំមុន​មានតែ​ក្រុម​ខ្លាំងៗ​មួយចំនួន​ដូចជា Manchester United, Arsenal និង Liverpool ប៉ុណ្ណោះ​ដែល​តែង​ប្រជែង​ពាន​គ្នា​។ ប៉ុន្តែ​១០​ឆ្នាំ​បន្ទាប់​ចុងក្រោយ​នេះ គឺ​មិន​ដូចគ្នា​ឡើយ​។​
 
​សូម​រម្លឹក​អំពី​ក្លិប Man City បន្តិច​។ នៅពេលដែល​ក្រុមហ៊ុន Abu Dhabi United របស់​សេដ្ឋី Sheikh Mansour បាន​ទិញយក​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​ក្នុងតម្លៃ ២១០ លាន​ផោន (៣៤៥​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែកញ្ញា​ឆ្នាំ ២០០៨ លោក Mark Hughes ដែលជា​អ្នកចាត់ការ​ទូទៅ​កាលនោះ បាន​នាំចូល​កីឡាករ​ថ្លៃៗ​ចូល​ក្រុម​ភ្លាមៗ​តែម្តង​។​


 
​មិនមែនជា​រឿង​ស្មុគស្មាញ ឬ​ពិបាក​គិត​នោះទេ​។ ដោយសារតែ​ម្ចាស់​សម្បូរ​ប្រាក់​ទៅហើយ ដូច្នេះ​គ្មាន​ហេតុផល​ថា​មិន​ជះ​លុយ​ដើម្បី​ជួយ​ក្លិប​ខ្លួន​ឲ្យ​រីកចម្រើន និង​ខ្លាំង​ដូច​ក្លិប​ដទៃ​នៅ​ជុំវិញ​ពិភពលោក​ឡើយ​។ មិន​ត្រឹមតែ​មានបំណង​ចង់​ប្រជែង​ពាន​ក្នុងស្រុក ក្រុម​ដែលមាន​ម្ចាស់​ជា​សេដ្ឋី​ជនជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមួយ​នេះ ថែមទាំង​ចង់​ឈ្នះ​ពាន​អឺរ៉ុប Champions League ទៀតផង​។​
 
​គិត​ត្រឹម​ពេលនេះ Man City ដែល​សព្វថ្ងៃ​មាន​លោក Pep Guardiola ជា​អ្នកចាត់ការ មាន​សមាជិក​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃៗ និង​ជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ផង​។​
​ដោយឡែក Chelsea ឯណោះ​វិញ ក៏​មិន​ខុស​អ្វី​ពី Man City ដែរ​។ សេដ្ឋី​ប្រេង​សញ្ជាតិ​រុស្ស៊ី​លោក Roman Abramovich បាន​ផ្លាស់ប្តូរ​មុខមាត់​ក្លិប​តោ​ខៀវ ឲ្យ​ក្លាយជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ Premier League​។ 


 
Abramovich បាន​ទិញយក​ភាគហ៊ុន​ធំ​របស់ Chelsea ក្នុងតម្លៃ ១៤០​លាន​ផោន (១៧២​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ​២០០៣​។ នៅ​ឆ្នាំ​២០០៤ ក្រុម​នេះ​បាន​នាំ​លោក Jose Mourinho ធ្វើជា​អ្នកចាត់ការ​របស់​ពួកគេ និង​ផ្តល់ប្រាក់​មួយចំនួន​ដើម្បី​ឲ្យ​បុរស​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទិញ​កីឡាករ​ចូល​ផង​។​
 
​ពិតជា​មិន​ធ្វើ​ឲ្យ​សេដ្ឋី​រុស្ស៊ី​ខកចិត្ត​ឡើយ Mourinho ក្រោម​ការដឹកនាំ​របស់​លោក​នៅ​រដូវ​កាល​ដំបូង (២០០៤-២០០៥) បាន​ជួយ Chelsea លើក​ពាន​កំពូល​អង់គ្លេស​ជា​លើកដំបូង​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​ជា​ប្រវត្តិសាស្ត្រ​ក្លិប​។ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​មួយ​នេះ ចាប់ផ្តើម​កើន​ឥទ្ធិពល​ជាមួយនឹង​សមាសភាព​កីឡាករ​ដែលមាន​ទេពកោសល្យ និង​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​ទៀត​។​
 
​ក្រោម​ការកាន់កាប់​ក្លិប​របស់លោក Abramovich ក្រុម​តោ​ខៀវ​ឈ្នះ​ជើងឯក Premier League ៥​សម័យ និង Champios League ១​លើក​ផងដែរ​។​
 
​ត្រឡប់មក Newcastle United វិញ នៅពេលនេះ​ពួកគេ​កំពុង​ឈានជើងដើរ​លើផ្លូវ​របស់ Chelsea និង Man City ហើយ ដ្បិត​អ្នក​ដែល​កំពុង​ចែចូវ​ទិញយក​ភាគហ៊ុន​ធំ​របស់​ក្លិប​ជា​រជ្ជទាយាទ ហើយ​សម្បូរ​លុយ​ទៀតផង​។ ព្រះអង្គម្ចាស់ Bin Salman ទំនងជា​អាច​កាន់កាប់​ក្លិប​នេះ​ក្នុងពេល​ឆាប់ៗ​មិន​ខាន ក្រោយ​មានការ​រាយការណ៍​ថា ម្ចាស់​ក្លិប​បច្ចុប្បន្ន​លោក Mike Ashley បានទទួល​លុយ​កក់​ចំនួន ២១​លាន​ដុល្លារ​រួចទៅហើយ មុន​កិច្ចព្រមព្រៀង​ចុងក្រោយ​។ 
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ មកទល់ពេលនេះ ទ្រង់ Salman កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស ករណី​ជាប់​ពាក់ព័ន្ធ​សម្លាប់​អ្នកកាសែត Jamal Khashoggi​។ អង្គការ​លើកលែងទោស​អន្តរជាតិ ថែមទាំង​បាន​ព្រមាន​ក្របខណ្ឌ Premier League ថា នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ ប្រសិន​ក្លិប​សារិកា​ព្រៃ Newcastle ធ្លាក់​ក្នុង​ដៃ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ​៕



Tag:
 Newcastle United
  Mohammed Bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com