COVID-19
អន្តរជាតិ
ចិនប្រកាសឲ្យ WHO ៣០លានដុល្លារ ក្រោយអាមេរិកផ្អាកជំនួយ ប្រមុខWHO ចាប់ដៃជាមួយប្រធានាធិបីចិន នាពេលកន្លងទៅ (AFP)
× រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស បានប្រកាសផ្ដល់ថវិកា៣០លានដុល្លារទៀតទៅកាន់អង្គការសុខភាពពិភពលោក (WHO) ក្នុងគោលដៅជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកល COVID-19 ។ ការប្រកាសផ្ដល់ជំនួយបែបនេះនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុងវ៉ាស៊ីនតោនប្រកាសផ្អាកផ្ដល់វិភាគទានសម្រាប់អង្គការអន្តរជាតិមួយនេះ។
«ចិន បានសម្រេចចិត្តបរិច្ចាគប្រាក់៣០ដុល្លារផ្សេងទៀតជូនដល់ WHO ដើម្បីគាំទ្រការប្រយុទ្ធជាលក្ខណៈសាកលប្រឆាំងCOVID-19 និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បញ្ជាក់បែបនេះក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ដោយបន្ថែមថា នេះគឺលុយជំនួយបន្ថែមពីលើការបរិច្ចាគលើកមុនចំនួន ២០លានដុល្លារ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកអ្នកនាំពាក្យ Geng បញ្ជាក់ទៀតថា ការផ្ដល់វិភាគទានរបស់ចិនដល់ភ្នាក់ងារអង្គការសហប្រជាជាតិនេះ ឆ្លុះបញ្ចាំងពីការគាំទ្រនិងទុកចិត្តពីសំណាក់រដ្ឋាភិបាលចិននិងពលរដ្ឋចិនសម្រាប់អង្គការសុខភាពពិភពលោក។
សហរដ្ឋអាមេរិក ដែលអ្នកផ្ដល់វិភាគទានធំបំផុតរបស់WHO កាលពីសប្តាហ៍មុន បានចោទប្រកាន់WHOថាចាត់ចែងវិបត្តិCOVID-19ពុំត្រឹមត្រូវ ដោយថាអង្គការនេះលម្អៀងទៅកាន់ចិន។ ក្នុងសេចក្តីប្រកាសផ្អាកជំនួយដល់WHO ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទWHOព្យាយាមបិទបាំងភាពធ្ងន់ធ្ងរនៃការរីករាលដាល COVID-19 ក្នុងប្រទេសចិន មុនពេលវារីកសាយភាយ។ លោកត្រាំអះអាងថា អាមេរិកផ្ដល់ជំនួយចន្លោះពី៤០០-៥០០លានដុល្លាររាល់ឆ្នាំដល់WHO ខណៈចិនផ្ដល់យ៉ាងតិច៤០លានដុល្លារប្រចាំឆ្នាំ៕
Tag:
ចិន
សហរដ្ឋអាមេរិក
WHO
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com