កីឡដ្ឋានមរតកតេជោ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ តាមការគ្រោងទុក ទោះបីបច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងការរាតត្បាត នៃជំងឺ(កូវីដ-១៩)ក៏ដោយ។ កីឡដ្ឋានដែលជាជំនួយឥតសំណងរបស់ចិននេះ សាងសង់លើផ្ទៃដី១៦ហិកតា ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពសាងសង់កីឡដ្ឋានមរតកតេជោ មិនបានផ្អាកនោះឡើយ ទោះជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ក៏ដោយ។ លោកអះអាងថា កីឡដ្ឋាននេះ នឹងបញ្ចប់ការសាងសង់នៅចុងខែធ្នូ ឆ្នាំ២០២០នេះតាមការគ្រោងទុក ខណៈបច្ចុប្បន្នសំណង់ធំៗ បានបញ្ចប់ការសាងសង់១០០ភាគរយ នៅសល់តែការបំពាក់គ្រឿងបរិក្ខារ និងហេដ្ឋានរចនាសម្ព័ន្ធក្រោមកីឡដ្ឋានប៉ុណ្ណោះ។
លោក វ៉ាត់ ចំរើន បញ្ជាក់ដូច្នេះ៖«ដំណើរការសាងសង់បានប្រព្រឹត្តទៅដោយរលូន ហើយមកទល់ពេលនេះ យើងអាចវាយតម្លៃបានថា គឺសម្រេចបាន៧០ទៅ៨០ភាគរយ ក្នុងការសាងសង់កីឡដ្ឋាន ដែលជាកន្លែងសម្រាប់ពិធិបើក ពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ យើងបានបញ្ចប់ការសាងសង់សំណង់រឹង១០០ភាគរយហើយ នៅឡើយតែគ្រឿងបំពាក់តែប៉ុណ្ណោះ»។
បើតាមរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ដំណើរការសាងសង់កីឡដ្ឋានមរតកតេជោ មានការរឹតត្បិតខ្លាំង លើការចេញចូលរបស់កម្មករ ពោលគឺមិនឲ្យមានការចេញចូលផ្តេសផ្តាសនោះទេ។ លោកអះអាងថា បើមានកម្មករចិន ឬខ្មែរណាម្នាក់ ចេញពីបរិវេណសាងសង់ដោយគ្មានការអនុញ្ញាត ពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចូលធ្វើការវិញ។ ការធ្វើបែបនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែង កាលពីឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅ កម្មករដែលធ្វើការនៅទីនោះ ពុំអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ពោលគឺពួកគេបន្តធ្វើការងារដូចធម្មតា។ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំប្រភិតូ ទៅពិនិត្យពីវឌ្ឍនភាព នៃការសាងសង់កីឡដ្ឋានមរតកតេជោ ក៏ដូចជាសួរសុខទុក្ខកម្មករ និងវិស្វករនៅទីនោះ។
ក្នុងឱកាសនោះដែរភាគីចិនបានប្តេជ្ញាថា ខ្លួននឹងខិតខំព្យាយាមសាងសង់កីឡដ្ឋាននេះ ឲ្យបានរួចរាល់ តាមការគ្រោងទុកនៅចុងឆ្នាំ២០២០នេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដែលរំពឹងកីឡដ្ឋាននេះ នឹងក្លាយជាកន្លែងហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី ក្នុងពេលឆាប់ៗនេះ ដើម្បីបន្ស៊ាំខ្លួនជាមួយទីលាន។
កីឡដ្ឋាននេះ សាងសង់លើផ្ទៃដី១៦ហិកតា ដែលអាចផ្ទុកអ្នកគាំទ្របានប្រមាណ៦ម៉ឺននាក់ ដោយគ្រោងចំណាយថវិកាប្រមាណ១៥៨លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ចិន។ ការសាងសង់ដោយប្រើបច្ចេកវិទ្យាចុងក្រោយរបស់ចិន ដែលអាចជម្លៀសអ្នកគាំទ្រត្រឹម៧នាទី ក្នុងករណីមានភាពមិនប្រក្រតីកើតឡើង។
សមិទ្ធផលទីពីរនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការបើកការដ្ឋានសាងសង់ធ្វើឡើងក្នុងអំ ឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទី១ ដែលរួមមានអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល ទីលានបាល់បោះ និងអគារស្នាក់នៅរបស់អត្តពលិក។ កីឡដ្ឋាននេះសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕