COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី បិទប្រទេសពីរសប្ដាហ៍ទៀត ឯឥណ្ឌូណេស៊ីបិទការធ្វើដំណើរផ្លូវទឹកនិងអាកាស រូបភាពAFP
× ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួនពីរ គឺឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានរឹតបន្តឹងវិធានការមួយកម្រិតទៀតដើម្បីទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើម COVID-19 ។ នៅថ្ងៃទី២៣ ខែមេសាឥណ្ឌូណេស៊ី បានប្រកាសបិទការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវអាកាសបណ្ដោះអាសន្ន ស្របពេលនៃការចាប់ផ្ដើមពិធីបុណ្យសាសនាឥស្លាមដ៏ធំ។ ម៉ាឡេស៊ីវិញ ក៏ប្រកាសបន្តសុពលភាពបិទប្រទេសពីរសប្ដាហ៍ទៀតក្នុងគោលដៅទប់ស្កាត់ការឆ្លង COVID-19 កាន់តែច្រើន។
បម្រាមធ្វើដំណើរចរាចរណ៍ផ្លូវអាកាស និងផ្លូវទឹក នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសានេះតទៅ តែមានករណីលើកលែងខ្លះ។ មន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបញ្ជក់បែបនេះនៅថ្ងៃទី២៣ ខែមេសា។ លោក Novie Riyanto Rahardjo អគ្គនាយកអាកាសចរណ៍ឥណ្ឌូណេស៊ីបញ្ជាក់ថា ការហាមឃាត់ធ្វើដំណើរផ្លូវអាកាស នឹងមានសុពលភាពរហូតថ្ងៃទី១ ខែមិថុនា។ ឯអគ្គនាយកដឹកជញ្ជូនផ្លូវសមុទ្រវិញ ប្រកាសថា បម្រាមផ្លូវសមុទ្រ នឹងអនុវត្តដល់ថ្ងៃទី៨ ខែមិថុនា។
យ៉ាងណាមិញ ការដឹកជញ្ជូនទំនិញ នឹងត្រូវបានលើកលែង។ ករណីលើកលែងដទៃទៀតមាន ជើងហោះហើរដែលដឹកប្រជាជនឥណ្ឌូណេស៊ីត្រឡប់ចូលស្រុកវិញ ក៏ដូចជាការធ្វើដំណើររបស់មន្ត្រីរដ្ឋ មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានាដែលមានទីតាំងនៅឥណ្ឌូណេស៊ី។
ការបិទការធ្វើដំណើរនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសបិទការធ្វើដំណើរលើប្រជាជនអំឡុងពេលពិធីបុណ្យរ៉ាម៉ាឌន ដែលជាពិធីបុណ្យសាសនាឥស្លាមដ៏ធំ និងមានការចល័តមនុស្សផងដែរ។ រដ្ឋាភិបាលប្រធានាធិបតី ចូកូ វីដូដូ បានរងការព្រមានហើយថា បើអនុញ្ញាតឲ្យមានការធ្វើដំណើរក្នុងពេលនេះ វិបត្តិ COVID-19 នឹងកាន់តែអាក្រក់ខ្លាំងមិនខាន ព្រោះប្រជាជនរាប់លាននាក់ នឹងឆ្លងជំងឺនេះតៗគ្នា។
គិតត្រឹមថ្ងៃទី២៣ ខែមេសា ឥណ្ឌូណេស៊ី មានករណីឆ្លងសរុបចំនួន៧៧៧៥នាក់ និងស្លាប់៦៤៧នាក់។
នៅម៉ាឡេស៊ីវិញ នាយករដ្ឋមន្ត្រី មូហ៊ីឌីន យ៉ាស៊ីន បានប្រកាសបន្តសុពលភាពបញ្ជាគ្រប់គ្រងការចល័តមនុស្សជាលើកទីបី។ វិធានការរឹតត្បិតដែលនឹងចប់នៅថ្ងៃទី២៨ ខែមេសា នឹងត្រូវអនុវត្តដល់ថ្ងៃទី១៤ ខែឧសភាវិញ។ មកដល់ពេលនេះ តួលេខអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីមាន៥៦០៣នាក់ និងស្លាប់៩៥នាក់។
លោក យ៉ាស៊ីន បញ្ជាក់ថា ទោះមានសញ្ញាវិជ្ជមានខ្លះក្ដី វិធានការនានា នឹងបន្តអនុវត្តដដែល។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះអះអាងថា បើស្ថានភាពកាន់តែធូរស្រាល ការរឹតត្បិតមួយចំនួននឹងត្រូវបន្ធូរបន្ថយវិញដែរ៕
Tag:
COVID-19
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com