COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA បញ្ចេញ៧៥លានដុល្លារ បង់ឲ្យក្លិបមុនកំណត់ដើម្បីដោះស្រាយវិបត្តិ
× សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ចេញប្រាក់សំណងជិត ៧០ លានអឺរ៉ូ (៧៥ លានដុល្លារអាមេរិក) ដល់ក្លិបនានាមុនពេលកំណត់ ដើម្បីជួយដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អំឡុងពេលផ្អាកការប្រកួតដោយសារការរីករាលដាលនៃជំងឺ COVID-19។
ប្រាក់ខាងលើនេះ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបត្រូវបង់ឲ្យក្លិបណាដែលមានកីឡាករខ្លួនបានចូលលេងឲ្យក្រុមជម្រើសជាតិ ក្នុងអំឡុងពេលដំណើរការប្រកួតជម្រុះពានរង្វាន់ Euro ឆ្នាំ២០២០។ ការបង់ប្រាក់នេះនឹងត្រូវធ្វើឡើងបន្ទាប់ពីការបញ្ចប់វគ្គជម្រុះ។
តាមពិតទៅ ប្រាក់នេះត្រូវបង់តាមការគ្រោងទុកនៅខែមីនា ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលធ្វើឲ្យប្រកួត play-off ត្រូវអាក់ខានបញ្ចប់តាមកាលកំណត់វិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណៈគ្រប់គ្រង UEFA បានផ្លាស់ប្តូរគោលការនេះវិញ ដើម្បីធានាថាសាច់ប្រាក់ត្រូវបញ្ជូនទៅដល់ក្លិបសម្រាប់ដោះស្រាយក្នុងពេលមានវិបត្តិនេះ។
ក្នុងចំណោមប្រាក់សរុប៧៥លានដុល្លារ UEFA ត្រូវយក ៥៣លានដុល្លារអាមេរិក បង់ទៅឲ្យក្លិបដែលអនុញ្ញាតឲ្យកីឡាករទៅជួយក្រុមជម្រើសជាតិចំនួន ៣៩ ក្រុមដែលមិនចូលដល់វគ្គជម្រុះ ខណៈ ១៩លានដុល្លារត្រូវផ្តល់ជូនក្លិបដែលមានកីឡាករចូលរួមក្នុងវគ្គជម្រុះ play-off ពានរង្វាន់អឺរ៉ុប។ សម្រាប់ប្រាក់ ៣លានដុល្លារទៀត នឹងត្រូវបញ្ជូនតាមក្រោយនៅពេលចប់ការប្រកួត។
ជុំវិញការបង់ប្រាក់មុនពេលកំណត់នេះ ប្រធាន UEFA លោក Aleksander Ceferin បានលើកឡើងថា គឺដើម្បីចូលរួមជួយសម្រួលក្លិបដែលជួបបញ្ហាហិរញ្ញវត្ថុក្នុងគ្រាលំបាកដោយសារការគំរាមកំហែងពីជំងឺ COVID-19 ពិសេសដើម្បីធានាថា ក្លិបទទួលបានការទូទាត់ប្រាក់ទាំងនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com