អន្តរជាតិ
ធនាគារ​អភិវឌ្ឍ​អាស៊ី​ថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ តិចតួច​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​អាចមកពី​កង្វះ​ការធ្វើ​តេស្ត​
24, Apr 2020 , 7:59 pm        
រូបភាព
បុគ្គលិកពេទ្យម្នាក់កំពុងធ្វើតេស្តរកវីរុសកូរ៉ូណាលើពលរដ្ឋជនជាតិប៉ាគីស្ថានម្នាក់ នៅខេត្ត Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
បុគ្គលិកពេទ្យម្នាក់កំពុងធ្វើតេស្តរកវីរុសកូរ៉ូណាលើពលរដ្ឋជនជាតិប៉ាគីស្ថានម្នាក់ នៅខេត្ត Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីបអាស៊ី​មាន​ចំនួន​ទាប បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅតាម​តំបន់​ផ្សេងទៀត ប៉ុន្តែ​នេះ​ទំនងជា​មិនមែន​ដំណឹង​ល្អ​ដែល​អ្នក​សុទិដ្ឋិនិយម​សង្ឃឹម​ដូច្នេះ​នោះទេ​។​

 
​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​បានធ្វើ​ការវិភាគ​លើ​ទិន្នន័យ បាន​បង្ហាញថា តួលេខ​ទាប​នេះ​គឺ​ដោយសារ​ការធ្វើ​តេស្ត​តិចតួច ដែល​ករណីនេះ​មានន័យថា មាន​ហានិភ័យ​ដែល​វីរុស​នេះ​អាច​ផ្ទុះឡើង នៅពេល​ដែលមាន​ករណី​ឆ្លង​វីរុស​នេះ​ដោយ​មិនមាន​ការធ្វើ​តេស្ត​ដឹង​។​
 
​អ្នកផ្ដល់​ប្រឹក្សា​នៃ​វិទ្យាស្ថាន​ធនាគារ ADB លោក Trinh Long និង​លោក Peter Morgan បាន​ពិនិត្យ​លើ​ចំនួន​នៃ​ការធ្វើ​តេស្ត និង​ការឆ្លង​នៅតាម​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី ហើយ​បន្ទាប់មក​ប្រៀបធៀប​ទិន្នន័យ​ទាំងនេះ​ជាមួយនឹង​ប្រាក់ចំណូល​ធ​ម្យ​ម​របស់​មនុស្ស​ម្នាក់ៗ​នៅក្នុង​ប្រទេស​ទាំងនោះ​។​
 
​លោក​ទាំងពីរ​បានបញ្ជាក់​ថា ការសិក្សា​របស់​ពួកគេ​បានបង្ហាញ​អំពី «​ទំនាក់ទំនង​វិជ្ជមាន​ដ៏​ខ្លាំង​» មួយ ដែល​ប្រទេស​អ្នកមាន​មាន «​កម្មវិធី​ធ្វើតេស្ត​ខ្លាំងក្លា​» ចំណែកឯ​ប្រទេស​ក្រីក្រ​វិញ​មានការ​ធ្វើតេស្ត​តិចជាង​ច្រើន​។​
 
​លោក Long និង​លោក Morgan បានបញ្ជាក់​នៅក្នុង​ការ​វិភាគ​មួយ​សម្រាប់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដូច្នេះ​ថា​៖ «​ការឆ្លង​រាតត្បាត​នៃ​វីរុស​នេះ​នៅតាម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីបអាស៊ី​កន្លងមក​ត្រូវបាន​គ្រប់គ្រង​បាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។​
 
​លោក​ទាំងពីរ​បាន​បន្ថែ​ម​ថា​៖ «​មានការ​បកស្រាយ​ពីរ​ដែល​អាចទៅរួច​។ ទីមួយ​គឺអាច​មកពី​ប្រជាជន​នៅ ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​មាន​ភាពស៊ាំ​ទប់ទល់​នឹង​ជំងឺ​ខ្ពស់ជាង ហើយ​ទី​ពីរ​អាច​បណ្ដាលមកពី​ប្រទេស​ទាំងនោះ​មានការ​ធ្វើតេស្ត​តិចតួច​»​។​
 
​គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញថា ប្រាក់ចំណូល​របស់​ពល​រដ្ឋ​ពាក់ព័ន្ធ​ជាមួយនឹង​ភាពស៊ាំ​របស់​ពួកគេ​ទៅនឹង​វីរុស​នោះទេ​។ ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​នៅក្នុង​ការវិភាគ​នេះ​ក៏​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​អាកាសធាតុ​ក្ដៅ​ផងដែរ ដែល​ក្នុងនោះ​មានដូចជា​ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ា​គី​ស្ថាន ហ្វីលីពីន និង​ថៃ​ជាដើម​។ គេ​បាន​និយាយថា​ជំងឺ​កូ​វីដ​១៩ អាច​នឹង​បាត់​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ក្ដៅ​។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់ថា ករណីនេះ​មិន​ពិត​នោះទេ​។​
 
​អង្គការ​សុខភាព​ពិភពលោក​លើកឡើង​ដូច្នេះ​ថា​៖ «​វីរុស​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូ​វីដ​១៩ អាច​ឆ្លង​នៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ក្ដៅ ហើយ​សើម​។ អ្នក​អាច​ឆ្លង​វីរុស​នេះ ទោះបីជា​ធាតុអាកាស​បើក​ថ្ងៃ​ក្ដៅ​យ៉ាងណាក៏ដោយ​»​។​
 
​ដោយ​មិនមាន​ការធ្វើ​តេស្ត គេ​បាន​ប្រើ​វិធី​ផ្សេង​នៅក្នុង​ការតាមដាន​មើលថា​តើ​អត្រា​នៃ​ការឆ្លង ឬក៏​ស្លាប់​ដែល​ពាក់ព័ន្ធ​ទៅនឹង​វីរុស​នេះ​អាច​ខ្ពស់ជាង​អត្រា​ដែល​បាន​រាយការណ៍ ឬក៏​យ៉ាងណា​នោះ​។​
 
​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ចំនួន​នៃ​ពិធី​បុណ្យសព​បាន​កើនឡើង ៤០ ភាគរយ កាលពី​ខែមីនា ដែល​អភិបាលក្រុង​ថា​បណ្ដាលមកពី​វីរុស​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ ទស្សនាវដ្ដី Economist កំពុង​ចងក្រង​ទិន្នន័យ ដែល​បង្ហាញ​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ ដែល​រដ្ឋាភិបាល​នានា​បាន​រាយការណ៍ ដោយ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​នៃ​ការស្លាប់​ដែលជា​ទូទៅ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើតឡើង​នៅក្នុង​អំឡុង​ពេលនេះ​ក្នុង​មួយឆ្នាំៗ​។​
 
​មាន​កត្តា​មួយចំនួន​ដែល​អាច​ពន្យល់ថា​ហេតុអ្វី​បានជា​អត្រា​នៃ​ការធ្វើ​តេស្ត​មាន​លក្ខណៈ​ទាប​ខ្លាំង​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីបអាស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​ប្រឹក្សា​គម្រោង​លោក Long និង​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​លោក Morgan នៃ​វិទ្យាស្ថាន​ធនាគារ ADB​។ កត្តា​ទាំងនោះ​មានដូចជា​ការចំណាយ ជំនាញ និង​គ្រឿង​ប្រដាប់​បរិក្ខា​នានា​។​
 
​លោក​ទាំងពីរ​បញ្ជាក់​ដូច្នេះ​ថា​៖ «​ទីមួយ ការ​បាន​ឧបករណ៍​ធ្វើតេស្ត​អាច​ពិបាក ដោយសារតែ​ថ្លៃ​ចំណាយ​ច្រើន និង​មានការ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​អ្នកមាន​សម្រាប់​ការផ្គត់ផ្គង់​ដែលមាន​កម្រិត​។ ទោះបីជា​ក្នុងករណី​បាន​ឧបករណ៍​ធ្វើតេស្ដ​ក៏ដោយ ក៏​សមត្ថភាព​នៅក្នុង​ការប្រើ​ឧបករណ៍​ទាំងនោះ​អាច​នៅមានកម្រិត ដោយសារ​តែមាន​បញ្ហា​ខ្វះខាត​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល ការខ្វះខាត​គ្រឿង​ប្រដាប់​បរិក្ខា​មន្ទីរពិសោធន៍ ឬក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​តាម​តំបន់​ជនបទ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុងការ​ទៅដល់​ទីកន្លែង​នោះ​។ យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​អាច​ផ្ដោតលើ​ការធ្វើ​តេស្ត​តែ​លើ​អ្នកណា​ដែលមាន​រោគសញ្ញា ជាជាង​ព្យាយាម​ជ្រើសរើស​គំរូ​តំណាង​ប្រជាពលរដ្ឋ​ទាំងមូល​»​។​
 
​លោក​ទាំងពីរ​បន្ថែមថា ការធ្វើ​តេស្ត​អ្នក​ដែល​មិនមាន​រោគសញ្ញា​អាច​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​ប្រទេស​នៅក្នុង​ការគ្រប់គ្រង​ជំងឺឆ្លង​រាតត្បាត​នេះ​។​
 
​លោក Long និង​លោក Morgan បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍ​នានា​ដូចជា​វិទ្យាស្ថាន​ធនាគារ ADB របស់​ពួកគេ​ជាដើម ផ្ដល់ជំនួយ​ដល់​ប្រទេស​ទាំងនោះ​ដើម្បី​បាន​ឧបករណ៍​ធ្វើតេស្ត ផ្ដល់​សេវា​សុខាភិបាល និង​ពង្រឹង​សេដ្ឋកិច្ច​មិន​ឲ្យ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នេះ​។ ពួកគេ​បញ្ជាក់​ដូច្នេះ​ថា ប្រសិនបើ​គ្មាន​ជំនួយ នោះ​នឹងមាន​ហានិភ័យ​នៃ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​អត្រា​ឆ្លង​ជំងឺ​នេះ​នៅពេល​អនាគត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com