COVID-19
ជាតិ
សង្គមជាតិ
វៀតណាម ផ្តល់សម្ភារ៤តោនដល់កម្ពុជា សម្រាប់ទប់ស្កាត់កូវីដ-១៩
24, Apr 2020 , 1:07 pm        
រូបភាព
រូបពីក្រសួងការពារជាតិកម្ពុជា
រូបពីក្រសួងការពារជាតិកម្ពុជា
ក្រសួងការពារជាតិវៀតណាម បានផ្តល់សម្ភារផ្នែកសុខាភិបាលប្រមាណ៤តោន រួមមាន ម៉ាស់ក្រណាត់១សែនម៉ាស់ ឧបករណ៍វាស់កម្តៅ២០០គ្រឿង និង ទឹកអាល់កុលសម្រាប់លាងដៃ៥ពាន់ដប មកដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីត-១៩។ សម្ភាសទាំងនេះ ប្រគល់ជូនតាមរយៈឯកអគ្គរាជទូត និងសេនានុព័ន្ធយោធាអមស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។



គេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា បានស្រង់សម្តីរបស់តំណាងស្នងការពេទ្យយោធា និងតំណាងអនុស្នងការទំនាក់ទំនងអន្តរជាតិវៀតណាម ដែលបានចូលរួមក្នុងពិធីប្រគល់សម្ភាស ទៅចុះផ្សាយថា ការផ្តល់សម្ភារបរិក្ខាពេទ្យទំាងនេះ គឺជាស្មារតីចែករំលែកផ្នែកសុខាភិបាលនៃក្រសួងការពារវៀតណាម ជូនដល់ផ្នែកសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជា ក្នុងន័យពង្រឹងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ តំណាងស្នងការពេទ្យយោធាវៀតណាម បន្តថា តាំងពីដើមរៀងមក ប្រទេសទាំងពីរ តែងតែជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានថ្លែងអំណរគុណដល់វៀតណាម ចំពោះការផ្ដល់សម្ភារយោធបរិក្ខារពេទ្យដ៏ចាំបាច់ទាំងនេះ ក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្ភារទាំងនោះ ត្រូវបញ្ជូនមកក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមេសា៕

Tag:
 COVID-19
  វៀតណាម
  កម្ពុជា
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com