COVID-19
អន្តរជាតិ
WHO ដាក់ចេញគំនិតផ្តួចផ្តើមចែករំលែកថ្នាំព្យាបាល ឧបករណ៍ធ្វើតេស្ត និង វ៉ាក់សាំង COVID-19
24, Apr 2020 , 1:40 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ:
អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ខ្លួននឹងប្រកាសពីកិច្ចសហការដ៏សំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍ ការផលិត និងប្រើប្រាស់ថ្នាំ ឧបករណ៍តេស្ត និងវ៉ាក់សាំងដែលមានសុវត្ថិភាព ដើម្បីព្យាបាល និងបង្ការជំងឺ COVID-19 ។ WHO ប្រកាសបែបនេះ ខណៈដែល COVID-19 កំពុងអុកឡុកប្រទេសជាច្រើនជុំវិញពិភពលោក។



ក្នុងសេចក្តីថ្លែងការនៅថ្ងៃទី២៣ ខែមេសា WHO លើកឡើងថា គំនិតផ្តួចផ្តើមដែលនឹងអនុវត្តជាមួយដៃគូផ្សេងទៀត មានបំណងបង្កើតបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង COVID-19 ហើយដែលអាចយកទៅប្រើប្រាស់សម្រាប់អ្នកដែលត្រូវការនៅជុំវិញពិភពលោក។

សម្ព័ន្ធវ៉ាក់សាំង GAVI មូលនិធិ Gates របស់មហាសេដ្ឋី Bill Gates និង មូលនិធិសកល ជាដៃគូចម្បងរបស់ WHO និងជាអ្នកផ្តល់វិភាគទានជាយ៉ាងច្រើនទៅកាន់អង្គការខាងលើ បន្ថែមពីលើប្រទេសចំនួន១៩៤ ដែលជាសមាជិករបស់WHO ក៏មានផងដែរ។

កាលពីថ្ងៃទី៦ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានលើកឡើងថា អង្គការរបស់លោក មានគម្រោងក្នុងការប្រកាសគំនិតផ្តួចផ្តើមដើម្បីពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំង ក៏ដូចជាការបង្កើតយន្តការក្នុងការចែកចាយប្រកបដោយសមធម៌ផងដែរ។ ​លោក Tedros និយាយថា៖ «WHO ប្តេជ្ញាក្នុងការធានា ថាថ្នាំ និងវ៉ាក់សាំងដែលអភិវឌ្ឍបាន នឹងត្រូវចែកចាយដោយសមធម៌ ទៅកាន់ប្រទេស និងប្រជាជនទាំងអស់»។

លោក Tedros បន្ថែមទៀតថា ខណៈពេលការអភិវឌ្ឍងវ៉ាក់សាំងកំពុងធ្វើញាប់ដៃជើង គេក៏ត្រូវជម្នះឧបសគ្គដែលរារាំងដល់ការបែងចែកប្រកបដោយសមធម៌ មិនថាវ៉ាក់សាំងឫថ្នាំព្យាបាលឡើយ បើមិនដូច្នេះទេ បញ្ហានឹងកើតមានមិនខាន។ លោកសង្កត់ធ្ងន់ថា ពិភពលោក មិនគួរមានការបែងចែករវាងអ្នកមានវ៉ាក់សាំង និងអ្នកគ្មានឡើយ។

គំនិតផ្តួចផ្តើមរបស់ WHO ក៏ត្រូវបានរំពឹងថា នឹងរួមបញ្ចូលឃ្លាំងស្តុក សម្រាប់ប្រើប្រាស់ក្នុងប្រទេសក្រីក្រ ដូចដែលអង្គការនេះធ្លាប់បានស្តុកទុកវ៉ាក់សាំងគ្រុនផ្តាសាយ ក្នុងករណីដែលវាវិវត្តជាជំងឺរាតត្បាតសកល។

សូមបញ្ជាក់ថា​ មកទល់ពេលនេះ មានប្រទេសមិនច្រើនឡើយបានចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 មានចិន អាមេរិក និងអាល្លឺម៉ង់ជាដើម។​ ការពិសោធបានឈានដល់ដំណាក់កាលប្រើប្រាស់លើមនុស្ស ប៉ុន្តែគេមិនទាន់អាចប៉ានស្មានបានទេថា វ៉ាក់សាំងផ្លូវការ នឹងចេញជារូបរាងនៅពេលណាដែរ៕

Tag:
 COVID-19
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com