ភ្នំពេញ៖ អាណាព្យាបាលមួយចំនួន បានទាមទារឲ្យមានការបញ្ចុះតម្លៃលើការបង់ថ្លៃសិក្សាអនឡាញក្នុងអំឡុងនៃការរាលដាលកូវីដ-១៩ រីឯភាគីទទួលស្គាល់ពីស្ថានភាពដ៏លំបាកនេះ ប៉ុន្តែក៏បានលើកឡើងពីបញ្ហារបស់ខ្លួនផងដែរ។ ចំពោះករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ភាគីទាំងពីរបន្តពិភាក្សាគ្នាដោយសន្តិវិធី ដើម្បីឈានដល់ចំណុចរួមមួយ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ អាណាព្យាបាលសិស្សមួយចំនួនបាននាំគ្នាលើកបដាតវ៉ានៅមុខសាលាអន្តរជាតិមួយ ដើម្បីទាមទារការបញ្ចុះតម្លៃសិក្សាពី៣០ ទៅ៥០ភាគរយ ដោយសារតែកូនៗរបស់ពួកគាត់ ត្រូវប្តូរទៅសិក្សាតាមអនឡាញ ដោយរង់ចាំរហូតដល់ស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់។
បញ្ហារួមដែលសារព័ត៌មានថ្មីៗ ទទួលបាននោះ គឺថា ក្រុមអាណាព្យាបាលទាំងនោះ បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសាររបស់ខ្លួន ដែលបានចំណាយកាន់តែខ្ពស់ ហើយចំណូលកាន់តែទាប។ បន្ថែមលើការបង់ថ្លៃទឹក ភ្លើង និងសេវាកម្មផ្សេងៗ ក្រុមអាណាព្យាបាល បានអះអាងថា ពួកគាត់ត្រូវដោះស្រាយបន្ថែមសម្ភារដែលត្រូវសិក្សាអនឡាញ និងការចំណាយពេលវេលាផ្សេងៗដើម្បីបង្រៀនកូន។
ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អាណាព្យាបាលមួយរូប បានបញ្ជាក់ប្រាប់ ThmeyThmey ថា៖ «សាលាគួរពិចារណាបញ្ចុះតម្លៃសិក្សាពី៣០ភាគរយ ទៅ៥០ភាគរយលើការបង់ថ្លៃសិក្សាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយការសិក្សាតាមអនឡាញ ក៏ត្រូវពង្រឹងគុណភាពផងដែរ»។
ជាបុគ្គលម្នាក់ដែលវិនិយោគលើវិស័យអប់រំ អស់រយៈពេលជាច្រើនឆ្នាំ លោក ប៉ិច បូឡែន ក៏បានមើលឃើញនូវស្ថានភាពដ៏លំបាករបស់ក្រុមអាណាព្យាបាលផងដែរ ប៉ុន្តែលោកក៏បានលើកឡើងពីការប្រឈមរបស់គ្រឹះស្ថានអប់រំឯកជនដូចគ្នា។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Westline School Education រូបនេះ បានគូសបញ្ជាក់ថា៖ «សាលារៀនគួរតែបញ្ចុះតម្លៃខ្លះដល់អាណាព្យាបាលដែរ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដោយកុំអាលយកថ្លៃចំណេញអី គ្រាន់តែរកចំណូលពីអាណាព្យាបាលល្មមអាចនឹងយកទៅទូទាត់ប្រាក់ខែគ្រូ បុគ្គលិក ថ្លៃផ្ទះ ថ្លៃភ្លើង និងថ្លៃចំណូលលើការរៀនតាមអនឡាញ។ សុខចិត្តធ្វើអ៊ីចឹងទៅដើម្បីជួយសម្រួលបន្ទុករបស់អាណាព្យាបាលសិស្ស។ បើអាចបញ្ចុះត្រឹម២០ទៅ៣០ភាគរយគឺអាចទប់បាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប៉ិច បូឡែន បានលើកឡើងថា ការទាមទារបញ្ចុះតម្លៃសិក្សាដល់ទៅ៥០ភាគរយ ពិតជាពិបាកទៅរួចខ្លាំងណាស់សម្រាប់បណ្តាសាលា។ លោកបន្ថែមថា៖ «សាលាអាចធ្វើបានបែបនេះ គឺទាល់តែសាលាត្រូវការកាត់បន្ថយបុគ្គលិក កាត់ប្រាក់ខែគ្រូ និងបង្ខំចិត្តបញ្ឈប់បុគ្គលិក។ អាណាព្យាបាលក៏គួរតែគិតពីសេដ្ឋកិច្ចគ្រូផងដែរ»។
លោក ប៉ិច បូឡែន បានលើកឡើង អាណាព្យាបាលសិស្សក៏ត្រូវយោគយល់ដល់សាលាដែលត្រូវចំណាយលើថ្លៃបៀរវត្សគ្រូ បុគ្គលិក ថ្លៃអាគារ ថ្លៃទឹកភ្លើង ចំណាយលើរដ្ឋបាល ថ្លៃបណ្តុះបណ្តាលបុគ្គលិក ការស្រាវជ្រាវ អភិវឌ្ឍ ថ្លៃទីផ្សារ ទំនាក់ទំនងសាធារណៈ និងថ្លៃលើការបង់រំលស់ និងការប្រាក់បង់ពន្ធនានាប្រចាំខែ។ លោក និយាយដូច្នេះថា៖«គ្រាន់តែប្រាក់ខែគ្រូគឺស្មើនឹងចំណូលសរុបប្រមាណ៥០ភាគរយរបស់សាលាទៅហើយ។ អ៊ីចឹងបើគាត់សុំបង់ត្រឹម៥០ភាគរយ គឺសាលារួចតែថ្លៃគ្រូទេ។ អ៊ីចឹងការចំណាយលើថ្លៃផ្សេងៗសម្រាប់សាលាគឺមិនអាចគ្រប់គ្រងបានឡើយ»។
បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដែលគ្រឹះស្ថានសិក្សានានា និងពលរដ្ឋកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ ក្រសួងអប់រំបានស្នើឲ្យភាគីខាងសាលារៀន និងអាណាព្យាបាលសិស្សពិភាក្សាគ្នាដោយសន្តិវិធី។
«កូវីដ-១៩ បង្កឲ្យមានការលំបាក និងប៉ះពាល់ដល់គ្រប់ភាគីទាំងអស់ ទាំងភាគីសាលា ភាគីអាណាព្យាបាលសិស្ស និងភាគីផ្សេងៗទៀត អ៊ីចឹងអត់មានអ្វីក្រៅពីការពិភាក្សាគ្នា ហើយចរចាគ្នាដើម្បីឈានទៅដល់ចំណុចរួមមួយដែលអាចទទួលយកបានទាំងសងខាងនោះឡើយ»។ នេះជាការស្នើរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។