COVID-19
អន្តរជាតិ
មន្ត្រី​សិង្ហ​បុរី​ម្នា​ក់ជាប់​ខ្នោះ​ក្រោយ​ទម្លាយ​ករណី​COVID-19 មុន​ក្រសួង​ចេញផ្សាយ​ផ្លូវការ​
24, Apr 2020 , 2:40 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​មន្ត្រី​ស៊ីវិល​សិង្ហ​បុរី​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ធ្វើ​ឲ្យ​បែកធ្លាយ​តួលេខ​ឆ្លង​ជំងឺ COVID-19 មុនពេល​តួលេខ​នេះ​ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​សិង្ហ​បុរី​នៅ​ថ្ងៃទី​២៣ ខែមេសា​។

 
​មន្ត្រី​ជា​ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ ត្រូវបាន​ប៉ូលិស​វាយខ្នោះ​សម្រាប់​ការចែករំលែក​ព័ត៌មាន​ខុស​គោលដៅ ក្រោម​ច្បាប់​ការសម្ងាត់​ផ្លូវការ​របស់​សិង្ហ​បុរី​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia ស្ត្រី​រូបនេះ ក៏បាន​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​គ្មាន​ការអនុញ្ញាត ដែល​ល្មើសច្បាប់​ការប្រើប្រាស់​កុំព្យូទ័រ​ខុស​គោលដៅ​ផងដែរ​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​សិង្ហ​បុរី មន្ត្រី​ដែល​ពុំ​ត្រូវ​បង្ហោះ​ឈ្មោះ​រូបនេះ ក៏​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រើ​ទិន្នន័យ COVID-19 របស់​រដ្ឋាភិបាល ដោយ​គ្មាន​ការអនុញ្ញាត ក្នុង​គោលបំណង​ទាញយក​ព័ត៌មាន​សម្ងាត់​របស់​ម​នុស្ស​ម្នាក់ ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​COVID-19 ហើយ​ផ្ដល់ព័ត៌មាន​នេះ​ទៅកាន់​មិត្ត​ខ្លួន​ម្នាក់​។ 
 
​កាលពី​ថ្ងៃទី​១៦ ខែមេសា វេលា​ម៉ោង​៧៖៤០​នាទី​យប់ ប៉ូលិស​សិង្ហ​បុរី ទទួលបាន​ដំណឹង​ពី​ពលរដ្ឋ​ថា តួលេខ​ឆ្លង​COVID-19​ដែល​បាន​រកឃើញ​នៅថ្ងៃនោះ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram ទោះបីជា​ក្រសួងសុខាភិបាល​សិង្ហ​បុរី ពុំទាន់​ចេញផ្សាយ​តួលេខ​នោះ​ជា​ផ្លូវការ​ក៏ដោយ​ក្តី​។ ជាង​៣​ម៉ោង​ក្រោយ ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​រាយការណ៍​ជា​ផ្លូវការ​នូវ​ករណី​ឆ្លង​COVID-19 ៧២៨​ករណី​ថ្មី នា​ម៉ោង​១១៖១០​នាទី​យប់​។ 
 
​ការស៊ើបអង្កេត​បឋម បាន​បង្ហាញថា ស្ត្រី​រូបនេះ​ដែល​ទទួលខុសត្រូវ​លើ​ព័ត៌មាន​សម្ងាត់​លើ​ករណី​COVID-19 បាន​ចែករំលែក​តួលេខ​នេះ​ជាមួយ​សមាជិក WeChat ឯកជន​មួយក្រុម​។ ប៉ូលិស​ស​ងិ្ហ​បុរី បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ស្ត្រី​រូបនេះ ក៏​ធ្លាប់​ចែករំលែក​តួលេខ​ឆ្លង​COVID-19​ប្រចាំ​ថ្ងៃជា​មួយក្រុម​WeChat​ដដែល​នេះ មុនពេល​តួលេខ​ផ្លូវការ​បាន​ចុះផ្សាយ​ច្រើនដង​មកហើយ​។ 
 
​ប្រសិនបើ​រកឃើញ​ទោសកំហុស​ក្រោម​បទ​ច្បាប់​ការសម្ងាត់​ផ្លូវការ​មែន​នោះ ស្ត្រី​រូបនេះ អាច​រង​ពិន័យ​ជា​ប្រាក់​រហូតដល់​១៤០០​ដុល្លារ និង​ជាប់គុក​រហូតដល់​២​ឆ្នាំ​។ ហើយ​ប្រសិនបើ​រកឃើញ​ទោសកំហុស​ក្រោម​ច្បាប់​ប្រើ​កុំព្យូទ័រ​ខុស​គោលដៅ​មួយទៀត​នោះ នាង​អាច​រង​ពិន័យ​៣៥០០​ដុល្លារ និង​ជាប់គុក​រហូតដល់​២​ឆ្នាំ​។ 
 
​សូមបញ្ជាក់ គិត​ត្រឹម​ថ្ងៃទី​២៤ ខែមេសា ប្រទេស​សិង្ហ​បុរី មាន​ករណី​ឆ្លង​សរុប​លើស​១​ម៉ឺន​ពីរពាន់​ករណី​ហើយ ក្នុងនោះ​ជាង​១​ពាន់​ករណី​ថ្មី​ត្រូវបាន​រាយ​ករ​ណ៍​ក្នុង​មួយថ្ងៃៗ​។ អ្នកជំងឺ​ជិត​១​ពាន់​នាក់​ជាសះស្បើយ ខណៈ​អ្នកស្លាប់​សរុប​ដោយសារ COVID-19 មាន​១២​នាក់​។ ភាគច្រើន​អ្នក​ឆ្លង​នៅ​សិង្ហ​បុរី គឺជា​ពលករ​បរទេស​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com