COVID-19
អន្តរជាតិ
ជប៉ុន​៖ អ្នក​ផ្ទុក COVID-19 ក្នុង​នាវា Costa Atlantica កើន​ដល់ ៩១​ករណី​
24, Apr 2020 , 3:19 pm        
រូបភាព
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ AFP
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ AFP
​មន្ត្រី​សុខាភិបាល​ជប៉ុន នា​ថ្ងៃទី​២៤ ខែមេសា បាន​អះអាងថា ចំនួន​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅលើ​នាវា​ទេសចរណ៍ Costa Atlantica បាន​កើន​ដល់​ចំនួន ៩១​ករណី​ហើយ​។ បញ្ហា​នេះ ទាមទារ​ឲ្យ​ជប៉ុន ខិតខំ​រក​ដំណោះស្រាយ​ថ្មី ដើម្បី​បញ្ចៀស​បញ្ហា​មួយចំនួន ដែល​ធ្លាប់​កើតមាន​លើ​នាវា​ទេសចរណ៍ Diamond Princess​។


 
​គិត​មក​ត្រឹម​ពេលនេះ ចំនួន​បុគ្គលិក​បម្រើការ​លើ​នាវា Costa Atlantica ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 បាន​កើន​ឡើងដល់​ចំនួន ៩១​ករណី​។ ដើម្បី​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​កើតមាន​ដដែល​នៅលើ​នាវា​ទេសចរណ៍ ជប៉ុន​បាន​ព្យាយាម​រក​មធ្យោបាយ​មួយចំនួន​។ 
 
​កន្លងមក​ចំណាត់ការ​របស់​ជប៉ុន​ទៅលើ​នាវា​ទេសចរណ៍ Diamond Princess ត្រូវបាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​បរទេស ដោយ​ជប៉ុន​បានសម្រេច​ចិត្ត​ដាក់​ច​ត្តា​ឡី​ស័ក​អ្នកដំណើរ​ជាច្រើន​ថ្ងៃ​នៅក្នុង​នាវា ដែលជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ច្រើនជាង ៧០០​នាក់​បាន​ឆ្លង COVID-19 ជា​បន្តបន្ទាប់​។ 
 
​យ៉ាងណាក្តី ចំណាត់​ការលើក​នេះ គឺ​ខុសពី​លើកមុខ ព្រោះ​ជប៉ុន​មិន​ចង់​បាក់​មុខជា​លើក​ទី​ពីរ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo នា​ថ្ងៃទី​២៤ ខែមេសា រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន លោក Katsunobu Kato បាន​លើកឡើងថា អ្នក ដែល​ធ្វើតេស្ត​អវិជ្ជមាន នឹង​ត្រូវគេ​ជម្លៀសចេញ​ពី​នាវា​។ ប៉ុន្តែ​លោក មិនទាន់បាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា អ្នក​ដែល​ត្រូវបាន​គេ​ជម្លៀស​ចេញពី​នាវា​ទាំងនោះ នឹងត្រូវ​យកទៅដាក់​នៅ​ទីណា​។ យ៉ាងណាក្តី ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ត្រូវបាន​មន្ត្រី​ក្រុង ណា​កា​សា​គី (Nagasaki) គាំទ្រ​យ៉ាងខ្លាំង​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​ក្រុង​ណា​កា​សា​គី បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ខ្លួន​កំពុង​ដុតដៃដុតជើង ធ្វើ​កិច្ចការ​មួយចំនួន ដើម្បី​ជម្លៀស​អ្នកបម្រើ​ការ​លើ​នាវា​ឲ្យ​កាន់តែ​ឆាប់រហ័ស​។ ក្នុង​សន្និសីទ​ដដែល​នេះ មន្ត្រីខេត្ត បាន​បញ្ជាក់ថា កិច្ចការ​នេះ មិនដឹង​រួចរាល់​នៅពេលណា​ឡើយ ប៉ុន្តែ​អាជ្ញាធរ ថ្នាក់​តំបន់ កំពុងធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ថ្នាក់កណ្តាល​។ ពេលនេះ​អាជ្ញាធរ កំពុង​ព​ន្លឿ​ន​ការធ្វើ​តេស្ត​រកមើល​COVID-19 លើ​បុគ្គលិក​ចំនួន ២៩០​នាក់ ឲ្យ​បាន​រួចរាល់ ។ 
 
​នាវា Costa Atlantica នេះ គឺជា​នាវា​ទេសចរណ៍​របស់​អ៊ីតាលី ដែល​មានតែ​បុគ្គលិក​បម្រើការ​ចំនួន ៦២៣​នាក់ បាន​ចូល​ចត​នៅ​កន្លែង​ជួស​ជុស​នាវា​មួយ​ ក្នុង​ទីក្រុង​ណា​កា​សា​គី (Nagasaki) តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ ដោយ​ក្រុមហ៊ុន Mitsubishi​។ មុនដំបូង នាវា​ទេសចរណ៍​នេះ ត្រូវគេ​គ្រោង​យកទៅ​ជួសជុល​នៅក្នុង​ប្រទេស​ចិន​ទេ ប៉ុន្តែ​ដោយសារ​ការរីក​សាយភាយ​នៃ COVID-19 ទើប​គេ​ជួសជុល​នៅ​ជប៉ុន​វិញ​។​
 
​គិត​មក​ត្រឹម​ពេលនេះ ជប៉ុន​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទថ្មី សរុប​ចំនួន​ជាង ១២០០០​ករណី អ្នកស្លាប់​ចំនួន ៣២៨​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ១៤៩៤​ករណី​៕ 
 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com