ភ្នំពេញ៖ ដោយសារតែកម្ពុជាប្រឈមនឹងមេរោគកូវីដ-១៩(COVID-19) ធនាគារជាតិនៃកម្ពុជា(NBC) ស្នើសុំគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើកលែងដល់ការផាកពិន័យផ្សេងៗដល់អតិថិជនខ្លួន រហូតដល់ចំណាច់ឆ្នាំ២០២០។ បើតាមលិខិតរបស់ធនាគារ ការស្នើសុំនេះចាប់អនុវត្តតាំងពីថ្ងៃទី២០មេសា មក។
ធនាគារជាតិ ក្រៅពីស្នើសុំការយោគយល់ពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ក្នុងការលើកលែងការផាកពិន័យចំពោះអតិថិជនហើយនោះ ក៏សុំឱ្យគ្រឹះស្ថាននៃវិស័យហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជនដោយបន្ទូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀត ក្នុងគ្រាលំបាកដែលកំពុងជួបនូវវិបត្តិ COVID-19។
កាលពីថ្ងៃទី២៧មីនា ធនាគារជាតិ បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាកប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងការរាតត្បតនៃជំងឺCOVID-19។
តាមរយៈឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន, ៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា, ៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ឆ្លើយតបសំណើរបស់ធនាគារជាតិកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុ បានអះអាងថា សមាជិកខ្លួននីមួយៗ កំពុងអនុវត្តដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្ដែងរបស់អតិជនម្នាក់ៗ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺCOVID-19នេះ ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ មេសា បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ»។
ដ្បិតគ្រឹះស្ថានហិរញ្ញវត្ថុ អាចជួយដោះស្រាយបញ្ហាលំបាកពលរដ្ឋ ដែលជួបវិបត្តិហិរញ្ញវត្ថុក្តី ប៉ុន្តែពលរដ្ឋដែលមិនរងផលប៉ះពាល់ខ្លាំង លើការរកស៊ី និងចំណូល ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩នេះវិញ គប្បីជួយសងត្រឡប់ទៅគ្រឹះស្ថានកម្ចី ដើម្បីអាចឱ្យស្ថាប័នរក្សានិរន្តភាពផងដែរ៕