COVID-19
អន្តរជាតិ
លោក ប៉ុមប៉េអូ ៖ អាមេរិក អាចមិនផ្តល់ជំនួយដល់ WHO ឡើងវិញទេ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Reuters
× ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នាថ្ងៃទី២២ ខែមេសា បានលើកឡើងថា អាមេរិកមិនអាចផ្តល់និធិសម្រាប់អង្គការសុខភាពពិភពលោកតទៅទៀតបានទេ។ ប្រមុខការទូតអាមេរិករូបនេះ ក៏បានលើកឡើងដែរថា អង្គការសុខភាពពិភពលោក (WHO) ត្រូវការកំណែទម្រង់ក្នុងការឆ្លើយតប និងការទទួលខុសត្រូវរបស់ខ្លួន ជុំវិញបញ្ហាជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
នាថ្ងៃទី១៥ ខែមេសាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកជំនួយដល់អង្គការសុខភាពពិភពលោក (WHO) ដោយចោទថា គ្មានតម្លាភាព និងជួយចិនលាក់បាំងព័ត៌មានមួយចំនួនជុំវិញ COVID-19។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអង្គការ WHO ទាត់ចោល និងលើកឡើងថា ខ្លួនមិនបានលាក់បាំងព័ត៌មានអ្វីទេ។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា អាមេរិក ប្រហែសជាមិនអាចផ្តល់ជំនួសទៅអង្គការសុខភាពពិភពលោកឡើងវិញបានទេ បើទោះបីជាមានការផ្លាស់ប្តូរការដឹកនាំ ឬច្រើនជាងនេះក៏ដោយ។ លោកប្រមុខការទូតអាមេរិក ក៏បានទាមទារឲ្យអង្គការអន្តរជាតិមួយនេះ ផ្លាស់ប្តូររចនាសម្ព័ន្ធផងដែរ ដើម្បីកែប្រែកំហុងឆ្គងរបស់ខ្លួន ក្នុងពេលកន្លងមក។
ក្នុងកិច្ចសម្ភាសដដែល លោក ម៉ុមប៉េអូ ក៏បានជឿយ៉ាងមុតមាំដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានលាក់បាំងព័ត៌មានមួយចំនួន និងមិនបានរាយការណ៍ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស ឲ្យបានទាន់ពេលវេលា ដែលធ្វើឲ្យជំងឺមួយនេះ ពិបាកគ្រប់គ្រង និងខុសច្បាប់អង្គការសុខភាពពិភពលោក។ លោកអះអាងថា លោកអគ្គនាយក Tedros Adhanom Ghebreyesus ក៏មិនបានប្រកាសជាសាធារណៈពីការធ្វើខុសរបស់ចិនដែរ។
អាមេរិក គឺជាអ្នកផ្តល់ជំនួយច្រើនជាងគេដល់ WHO ពោលគឺរហូតដល់ ៤០០លានដុល្លារឯណោះនៅក្នុងឆ្នាំ ២០១៩។ ចំនួននេះគឺស្នើនឹង ១៥ភាគរយនៃថវិការសរុបរបស់អង្គការនេះ។ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ អាមេរិក នឹងបង្វែទឹកប្រាក់ទាំងនេះ ទៅក្រុមជំនួយផ្សេងទៀត។
សូមបញ្ជាក់ថា ការផ្តាច់ជំនួយទៅអង្គការសុខភាពពិភពលោកនេះ លោកត្រាំ ត្រូវបានសមាជិកសភាបក្សប្រជាធិបតេយ្យរិះគន់យ៉ាងខ្លាំង និងចោទថាព្យាយាមដាក់កំហុសលើ WHO។ គិតមកត្រឹមថ្ងៃទី២៣ ខែមេសា អាមេរិកមានករណី COVID-19 សរុបចំនួនជាង ៨៨ម៉ឺនករណី អ្នកស្លាប់ជិត ៥ម៉ឺនករណី និងអ្នកជាសះស្បើយមានចំនួនជាង ៨ម៉ឺនករណី។
ក្រោយការប្រកាសផ្ដាច់លុយ ប្រទេសជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តនេះ។ ចិនដែលជាមុខសញ្ញារិះគន់របស់រដ្ឋបាលលោក ត្រាំ បានប្រកាសបន្ថែមការទឹកប្រាក់របស់ខ្លួនចំនួន៣០លានដុល្លារទៀតពីលើទឹកប្រាក់២០លានដែលបានប្រកាសកន្លងមក៕
Tag:
អាមេរិក
WHO
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com