ជាតិ
សង្គមជាតិ
អ្នកលក់​អន​ឡាញ ថៃ ស្រី​នាង ជាប់ពន្ធនាគារ​១១​ថ្ងៃ​ទៀត នឹងត្រូវ​ដោះលែង​វិញ​
24, Apr 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ទោស​អ្នកនាង វ៉ាន់ រចនា ដែល​គេ​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​កថា ថៃ ស្រី​នាង ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ត្រឹម​២​ខែ​១៥​ថ្ងៃ ហើយ​ទោស​នៅសល់ ត្រូវ​ព្យួរ​។ សាលា​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​និង​ចេញ​ដីកា​សម្រេច​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។

 
​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ផ្តល់ព័ត៌មាន​បន្ថែម​ឡើយ​ពី​ករណី​អ្នកនាង ថៃ ស្រី​នាង ដោយ​លោក រុញ​ឲ្យ​ទៅ​សួរ​លោក សួស វិទ្យា​រ៉ា​ឌី ដែលជា​អនុប្រធាន​របស់លោក​។ ប៉ុន្តែ លោក វិទ្យា​រ៉ា​ឌី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ​។ 
 
​អ្នកនាង ថៃ ស្រី​នាង ត្រូវបាន​ឃាត់ខ្លួន​និង​យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​សមត្ថកិច្ច អះអាងថា អ្នកនាង នៅតែ​បន្ត​ស្លៀកពាក់​សិ​ក​ស៊ី​ហួស ហើយ​ផ្សាយ​លក់​ផលិតផល​តាម​បណ្តាញ​សង្គម​។ អ្នកនាង រង​ពីបទ​បង្ហោះ​រូបភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃសង្គម តាម​មាត្រា​៣៨ និង មាត្រា​៣៩ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​
 
​គិតពី​ថ្ងៃ​២១ ខែកុម្ភៈ មកដល់​ថ្ងៃទី​២៤ ខែមេសា​នេះ អ្នកនាង ជាប់ឃុំ​បាន​៦៤​ថ្ងៃ​ហើយ ដូច្នេះ នៅសល់​១១​ថ្ងៃ​ទៀត នឹង​គ្រប់​រយៈពេល​២​ខែ​១៥​ថ្ងៃ (៧៥​ថ្ងៃ​) ហើយ​អ្នកនាង នឹងត្រូវ​ចេញពី​ពន្ធនាគារ​។ 
 
មាត្រា​៣៨ ចែងថា រូបភាព និង សម្ភារ​អាសអាភាស ជា​សម្ភារ​ដែល​អាច​មើល​ឃើញនឹងភ្នែក​ដូចជា រូបថត ខ្សែ​វីដេអូ រួមទាំង​សម្ភារ​អេ​ទ្បិ​ច​ត្រូ​និ​ច ដែល​ពិពណ៌នា​អំពើ​កេរ​ភេទ ឬ ភាព​អាសអាភាស ប្រហាក់ប្រហែល​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​រំភើប ឬ រំជួល​ដល់​ចំណង់​ផ្លូវភេទ​។​
 
​ចំណែក​មាត្រា​៣៩ សរសេរថា ជន​ណា​ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ​នៅ​ទីសាធារណៈ​នូវ​រូបភាព​និង​សម្ភារ​អាសអាភាស ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧​ថ្ងៃ ដល់ ១​ខែ​និង ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ដល់ ២​សែន​រៀល​។​
 
​មាត្រា​៣៩ បន្តថា ជន​ណា​កាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញ​នូវ​រូបភាព និង​សម្ភារ​អាសអាភាស​ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់​នៅក្នុង​ការ ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​កថាខណ្ឌ​ទី​១ ខាងលើ​។​
 
​មាត្រា​៣៩​ដដែល បន្ថែមថា ជន​ណា​ផលិត​រូបភាព និង​សម្ភារ​អាសអាភាស​ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​ណាមួយ ដូច​មានចែង​នៅក្នុង​កថាខណ្ឌ​ទី​១ និង​ទី ២ នៃ​មាត្រា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ដល់ ១​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល ដល់ ២​លាន​រៀល​៕ 

Tag:
 ថៃ ស្រី​នាង
© រក្សាសិទ្ធិដោយ thmeythmey.com