COVID-19
អន្តរជាតិ
លោក ឌូ​ទើ​តេ គំរាម​ប្រើ​ច្បាប់អាជ្ញាសឹក​លើ​ក្រុម​ឧទ្ទាម បើ​ជំនួយ COVID-19 រាំងស្ទះ​
24, Apr 2020 , 4:59 pm        
រូបភាព
លោកប្រធានាធិបតិហ្វីលិពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ABS-CBN news)
លោកប្រធានាធិបតិហ្វីលិពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ABS-CBN news)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​គំរាម​ប្រកាស​ច្បាប់អាជ្ញាសឹក ប្រសិនបើ​ក្រុម​បះបោរ​កុម្មុយនីស្ត​បង្ក​ការរំខាន​ដល់​លំហូរ​សម្ភារ​ជំនួយ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​រងគ្រោះ​ដោយសារ​ការបិទ​ប្រទេស​ព្រោះ COVID-19 ។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ សង្កត់ធ្ងន់ថា លោក​បាន​ប្រាប់​ឲ្យ​កង​កម្លាំងយោធា​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​។ ទន្ទឹមនេះ លោក ឌូ​ទើ​តេ ក៏​សម្រេច​ប្រកាស​ពន្យារ​ការបិទ​ក្រុង​ម៉ានីល​រហូតដល់​ថ្ងៃទី​១៥ ខែឧសភា​។​

 
«​ឥឡូវ ខ្ញុំ​ព្រមាន​អ្នក​រាល់គ្នា​។ ខ្ញុំ​បាន​ជូនដំណឹង​ដល់​កង​កម្លាំងយោធា និង​ប៉ូលិស​។ ខ្ញុំ​ប្រហែលជា​ប្រកាស​ច្បាប់អាជ្ញាសឹក ហើយ​វា​នឹង​គ្មាន​ការ​ត្រលប់​ក្រោយ​នោះឡើយ​»​។ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​២៤ ខែមេសា នា​ដើម​ជំនួប​ស្តីពី​ការពន្យារពេល​ចំណាត់ការ​ទប់ស្កាត់​COVID-19 ដែល​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។​
 
​មេដឹកនាំ​វ័យ​៧៥​រូបនេះ បញ្ជាក់ទៀតថា លោក​គ្រាន់តែ​សុំ​ឲ្យ​គ្រប់គ្នា​មាន​វិន័យ​ល្អ​ជាង​នេះ ហើយ​បើ​មិន​ដូច្នោះ​ទេនោះ យោធា និង​ប៉ូលិស​នឹង​ចូល​ចាត់ចែង​ហើយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ឌូ​ទើ​តេ សង្កត់ធ្ងន់ថា កងកម្លាំង​ប៉ូលិស​និង​យោធា នឹង​អនុវត្ត​ចំណាត់ការ​គម្លាត​សុវត្ថិភាព​កាន់តែ​តឹងតែង ហើយ​វា​គឺ​ដូចជា​ច្បាប់អាជ្ញាសឹក​។ 
 
​មែនទែនទៅ លោក ឌូ​ទើ​តេ ពុំមាន​ទំនាក់ទំនង​ល្អ​ឡើយ​ជាមួយ​កងទ័ព​របស់​ប្រជាជន​ថ្មី ដែលជា​ពួក​កុម្មុយនីស្ត​។ ភាព​តានតឹង​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយពី​ដំណើរការ​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​ដែល​រដ្ឋាភិបាល​ចាត់ទុកជា «​ក្រុម​ឧទ្ទាម​» នេះ បន្ត​បរាជ័យ ចាប់តាំងពី​លោក ឌូ​ទើ​តេ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​មក​។​
 
​នៅ​ថ្ងៃ​TI២៣ មេសា ប្រទេស​ហ្វីលីពីន បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន​១៦​ករណី​ថ្មី និង​ករណី​ឆ្លង ២១៧​នាក់​បន្ថែម ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ឡើងដល់​៤៦២​នាក់ និង​ការឆ្លង​ឡើងដល់​ជិត​៧​ពាន់​ករណី​។ 
 
​យ៉ាងណាមិញ នៅ​ថ្ងៃ​សុក្រ ទី​២៤ មេសា​ដដែល លោក​ប្រធានាធិបតី ឌូ​ទើ​តេ បានសម្រេច​ប្រកាស​ពន្យារ​ការបិទ​ក្រុង​ម៉ានីល​ដែលមាន​ប្រជាជន​១៣​លាន​នាក់ រហូតដល់​ថ្ងៃទី​១៥ ខែឧសភា​។ ទន្ទឹមនេះ បើតាម​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque លោក ឌូ​ទើ​តេ ក៏បាន​សម្រេច​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជិត​១​លាន​ដុល្លារ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​រូប​ណា​ដែល​អាចបង្កើត​វ៉ាក់សាំង COVID-19 បាន​ជោគជ័យ​៕

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com