អន្តរជាតិ
តើ​អ្នកវិទ្យាសាស្ត្រ​ប្រើ​វិធីសាស្ត្រ​អ្វី​ក្នុងការ​ផ្តិត​យក​រូបភាព​នៃ​វីរុស​?
24, Apr 2020 , 12:29 am        
រូបភាព
​ចំពោះ​មនុស្ស​ទូទៅ ការ​ផ្តិត​ទុក​រូបភាព​គឺជា​ការ​រក្សាទុក​ការចងចាំ ឬ​ហេតុការណ៍​អ្វីមួយ​ដែល​បានកើត​ឡើង ដើម្បី​យក​វា​មក​រម្លឹក​ឡើងវិញ​នៅពេល​ក្រោយ​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​សម្រាប់​សិក្សា​ទៅលើ​វត្ថុ​តូចៗ​នៅក្នុង​ទំហំ​ណា​ណូ​ម៉ែត្រ ដូចជា​វីរុស​ជាដើម ដើម្បី​យល់​ពី​រូបរាង​របស់​វា និង​ដើម្បី​បង្កើត​មធ្យោបាយ​ក្នុងការ​បង្ការ​វា​។ ជាមួយនឹង​រូបភាព​វីរុស កូ​វីត​-១៩ ដែល​អ្នក​អាច​ធ្លាប់​បានឃើញ​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត តើ​អ្នកជំនាញ​ប្រើប្រាស់​វី​ធី​សាស្ត្រ​អ្វី​ក្នុងការ​ផ្តិត​យក​រូបភាព​ទាំងឡាយ​នោះ​?

 
​ចម្លើយ​ដែល​ងាយ​គឺ​ការប្រើប្រាស់​ឧបករណ៍​មីក្រូ​ទស្សន៍​ក្នុងការ​ពិនិត្យ​។ ប៉ុន្តែ​សម្រាប់​វត្ថុ​ដែល​ល្អិត​ខ្លាំង​ដូចជា​ពពួក​វីរុស មីក្រូ​ទស្សន៍​ប្រើប្រាស់​ពន្លឺ​ធម្មតា (​ដែល​អ្នក​អាច​ឃើញ​នៅក្នុង​បន្ទប់ពិសោធន៍​នៃ​សាលារៀន​) មិនមាន​សមត្ថភាព​ក្នុងការ​ចាប់យក​រូបភាព​នៃ​វីរុស​បាន​នោះទេ​។ គេហទំព័រ defense.gov បាន​ពន្យល់ថា អ្នកជំនាញ​ប្រើប្រាស់​វិធីសាស្ត្រ​ពីរ​យ៉ាង​ក្នុងការ​ផ្តិត​យក​រូបភាព​នៃ​វីរុស ក្នុងនោះ​មានដូចជា X-ray Crystallization និង Electron Microscopy ។​
 
 មីក្រូ​ទស្សន៍​អេ​ឡិច​ត្រុ​ង (Electron Microscope) ប្រើប្រាស់​ចរន្ត​នៃ​ផង់​អេ​ឡិច​ត្រុ​ង (​ជៀស​ជាង​ផង់​ពន្លឺ​) ដើម្បី​បាញ់​ទៅលើ​រូបរាង​នៃ​វីរុស ហើយ​ផង់​អេ​ឡិច​ត្រុ​ង​ដែល​ផ្លាត​មកវិញ​ត្រូវបាន​គេ​ចាប់​យកមក​គណនា​អំពី​រូបរាង​នៃ​វីរុស​នោះ​ឲ្យ​ទៅជា​រូបភាព​។ វិធីសាស្ត្រ​មួយ​នេះ ពេលខ្លះ​ទាមទារ​ឲ្យ​អ្នកជំនាញ​ទាញយក​រូបភាព​ពី​វីរុស​រហូតដល់​ទៅមួយ​លាន​ប៉ុស្តិ៍ ក្នុងនោះ​ប្រមាណ​ជាមួយ​សែន​ប៉ុស្តិ៍​ដែល​ប្រសើរ​ជាងគេ​ត្រូវបាន​គេ​ជ្រើសរើស​យកមក​ចងភ្ជាប់​គ្នា​ទៅជា​រូបភាព​មួយ​ច្បាស់លាស់ ដោយ​ការប្រើប្រាស់​រូបមន្ត​គណិតវិទ្យា​ដ៏​ស្មុគស្មាញ​ជាច្រើន​។ 
 
​វិធី​មួយទៀត​គឺ X-ray Crystallization ។ ចំពោះ​វិធី​នេះ អ្នកជំនាញ​បង្កើត​គ្រី​ស្តា​ល់​ប្រូតេអ៊ីន ដែលជា​ផ្នែក​តូច​មួយ​នេះ​វីរុស រួច​ដាក់​វា​នៅក្នុង​កន្លែង​ដែលមាន​សីតុណ្ហភាព​ទាប មុននឹង​យក​វា​ទៅពិនិត្យ​នៅក្រោម​ចរន្ត​កាំរស្មីអ៊ិច​។ របៀប​ដែល​ចរន្ត​នៃ​កាំរស្មីអ៊ិច​ផ្លាត​ចេញពី​គ្រី​ស្តា​ស់​ប្រូតេអ៊ីន​នោះ​អាចធ្វើ​ឲ្យ​អ្នកជំនាញ​ដឹក​ពី​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​នៃ​វីរុស​។ X-ray Crystallization ទាមទារ​ឲ្យ​មានការ​ផ្តិត​រូបភាព​តែ​ពី​១០០ ទៅ​៤០០​ប៉ុស្តិ៍​ប៉ុណ្ណោះ​។ តែ​អ្វីដែល​លំបាក​គឺ​អ្នកជំនាញ​ត្រូវបង្កើត​គ្រី​ស្តា​ល់​ប្រូតេអ៊ីន​ឲ្យ​បានល្អ​តាមតែ​អាចធ្វើ​បាន ហើយ​វា​ក៏​ជា​រឿង​លំបាក​មួយ​ដែរ​។ 
 
​រូបភាព​ដែល​ថត​បាន​ដំបូង​បង្កឡើង​តែ​ពី​ពណ៌​ស និង​ពណ៌​ខ្មៅ តែប៉ុណ្ណោះ​។ អ្នកជំនាញ​មាន​តួរ​នាទី​ក្នុងការ​បន្ថែម​ពណ៌​ទៅលើ​រូបភាព​ស​ខ្មៅ​នៃ​វីរុស​ទាំងនោះ​។ ជាទូទៅ គេ​អាច​បន្ថែម​ពណ៌​ក្តៅ (​ដូចជា​ពណ៌​ក្រហម​) ទៅកាន់​វីរុស និង​ពណ៌​ត្រជាក់ (​ដូចជា​ខៀវ ឬ​បៃតង​) ទៅកាន់​កោសិកា​មនុស្ស ឬ​សត្វ​ដែល​នៅ​ជុំវិញ​។ រូបភាព​លម្អិត​នៃ​វីរុស និង​រូប​ផ្គុំ​របស់​ពួកវា​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​អ្នកវិទ្យាសាស្ត្រ​ក្នុងការ​តាមដាន ផលិត​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​បង្ការ​ក្រុម​វីរុស​ទាំងនោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com