ជាតិ
អួតថា​ស្រឡាញ់​ធម្មជាតិ បែរជា​នាំគ្នា​ទៅ​ចោល​សំរាម​ក្នុងព្រៃ​!
24, Apr 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ សំរាម​នៅតែ​ជា​បញ្ហា​ដ៏​ប្រឈម​ចម្បង នៅតាម​តំបន់​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ ភ្ញៀវទេសចរ​មួយចំនួន នៅតែ​បោះចោល​សំរាម និង​កាកសំណល់​ផ្សេងៗ​នៅ​តំបន់​ទេសចរណ៍​ដែល​ខ្លួន​បាន​ទៅដល់​។  ការណ៍​នេះ ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​នោះ​ធ្លាក់​សម្រស់ ហើយ​វា​ហាក់​ផ្ទុយ​នឹង​ពាក្យ​អួត​ម្តង​ហើយ​ម្តងទៀត​របស់​ពួកគេ​ថា ស្រឡាញ់​ធម្មជាតិ ស្រឡាញ់​បរិស្ថាន តែ​បែរជា​ទៅ​ចោល​សំរាម​ទៅវិញ​។ សំរាម​នៅ​តំបន់​ទេសចរណ៍ ក៏​ធ្វើ​អ្នក​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​មួយចំនួន​ខកចិត្ត​ដែរ ហើយ​ពួកគេ​ទទូច​ឲ្យ​ភ្ញៀវទេសចរ ចេះ​ទុកដាក់​សំរាម​របស់ខ្លួន​។​



​លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel ជា​សាក្សី​មួយរូប ដែល​បាន​មើលឃើញ​ពី​បញ្ហា​សំរាម​នៅ​តំបន់​ទេសចរណ៍​នានា​នេះ​។ សំរាម​ទាំងនោះ មានដូចជា​សំបក​កំប៉ុង​ភេសជ្ជៈ​, កំប៉ុង​ត្រីខ​,​កញ្ចប់​នំ​-​ស្ករ​គ្រាប់ និង​ថង់​ប្លា​ស្ទិ​ក​ជាដើម​។ បើតាម លោក ជា ថុង បញ្ហា​នេះ​គឺ​មកពី​កង្វះខាត​ការរៀបចំ​សម្ភារ​របស់​ភ្ញៀវទេសចរ ដែល​ធ្វើ​ឲ្យ​ពួកគាត់​រៀបចំ​មិនត្រូវ​ស្ថានភាព ហើយ​សម្រេច​បោះចោល​នៅ​ទីនោះ​។ លោក ជា ថុង រៀបរាប់ថា​៖«​ជាធម្មតា នៅ​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន​ដូចជា ថ្ម​លយ និង​ភ្នំ​ឱ​រ៉ា​ល់ មាន​បន្សល់ទុក​កាកសំណល់​ជាច្រើន ដែល​ភ្ញៀវទេសចរ​បោះចោល​»​។​


លោក ជា ថុង
 
​លោក តាន់ គីម​សួរ ដែលជា​ភ្ញៀវទេសចរ​មួយរូប​ដែល​ចូលចិត្ត​ដើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​ធ្លាប់​ឡើង​ភ្នំ​ឱ​រ៉ា​ល់​១២​លើក​មកហើយ​នោះ ក៏​មើលឃើញ​ពី​កង្វះ​ចំណេះដឹង​របស់​អ្នកទេសចរ​បែប​ផ្សងព្រេង​ដែរ​។ លោក គីម​សួរ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​អ្នក​ដែល​ទៅ​ដើរលេង​ភាគច្រើន​ជា​អ្នក​ស្រឡាញ់​ធម្មជាតិ ស្រឡាញ់​បរិស្ថាន ប៉ុន្តែ​ពួកគាត់​ខ្វះ​ការយល់ដឹង និង​ខ្វះ​ការទទួលខុសត្រូវ​រឿង​សំរាម ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ទម្លាប់​របស់​ពួកគាត់​»​។ 
 
​លោក តាន់ គីម​សួរ មិន​ចង់​ឲ្យ​ភ្ញៀវទេសចរ​ដែល​ស្រឡាញ់​ធម្មជាតិ​ទាំងនោះ ទៅ​បំផ្លាញ​ធម្មជាតិ ដោយ​ការ​ចោល​សំរាម​នោះទេ​។ «​បើសិនជា​ស្រឡាញ់​ធម្មជាតិ សូម​ចូលរួម​ថែរក្សា​ធម្មជាតិ បើសិនជា​យើង​យក​សំរាម​ទៅ​ចោល ដូច​យើង​កំពុងតែ​ព្យាយាម​បំផ្លាញ​ធម្មជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក តាន់ គីម​សួរ​។​


លោក តាន់ គីមសួរ​
 
​សំរាម​នៅ​តំបន់​ទេសចរណ៍​សក្ដានុពល ក៏​ជា​កង្វល់​របស់​អ្នករៀបចំ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ម្នាក់ទៀត​ដែរ គឺ​លោក សៀង មករា​។ លោក សៀង មករា តាម​ការសង្កេត របស់លោក មករា កន្លែង​ដែលមាន​ទេសភាព​ស្អាត តែងមាន​សំរាម ដោយសារ​ការបោះ​ចោល និង​ទម្លាប់​មិនចេះ​វេច​ខ្ចប់​របស់​មនុស្ស​។ តែ​យ៉ាងណាក៏ដោយ លោក សៀង មករា ថា​អ្នក​ដែល​ចោល​សំរាម​ភាគច្រើន ជា​ពលរដ្ឋ​ដែល​មកពី​ទីជនបទ​។ លោក សៀង មករា លើកឡើង​បែបនេះ​៖ «​អ្វីដែល​ខ្ញុំ​តាមដាន​ពី​បញ្ហា​សំរាម ខ្ញុំ​ឃើញថា ប្រជាជន​មកពី​ទីក្រុង​មានការ​ថែរក្សា​អនាម័យ​បានល្អ ដោយមាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​។ តែ​អ្វីដែល​ខ្ញុំ​តាមដាន និង​សង្កេត​ច្រើន​ឆ្នាំ សំរាម​ច្រើនតែ​កើតចេញពី​ពលរដ្ឋ​ជា​យុវជន​នៅតាម​ជនបទ ដែល​ទៅ​កម្សាន្ត​ហើយ​បន្សល់ទុក​សំរាម​នៅ​ទីនោះ​»​។​
 
​សូមបញ្ជាក់ថា ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ ៤​លាន​តោន ក្នុងនោះ ៦៥% ជា​សំណ​ល់សរ​រី​រា​ង្គ ២០% ជា​សំណល់​ថង់​ប្លា​ស្ទិ​ក និង​នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងៗ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​៕

Tag:
 ទេសចរណ៍​
 ​ធម្មជាតិ​
 ​អនាម័យ​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com