COVID-19
ជាតិ
COVID-19: ជាសះស្បើយ៧នាក់ទៀត ហើយគ្មានអ្នកឆ្លងថ្មី
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកជាសះស្បើយសរុបឡើងដល់១១៧នាក់ ។ អ្នកជំងឺនៅសល់៥នាក់ទៀតប៉ុណ្ណោះដែលបន្តព្យាបាល និងមិនមានករណីឆ្លងថ្មីឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
អ្នកជាសះស្បើយចំនួន៧នាក់ថ្ងៃនេះ ជាបុរសជនជាតិម៉ាឡេស៊ី អាយុ៦៦ឆ្នាំ ដែលមកពីប្រទេសម៉ាឡេស៊ី ដែលបម្រើការងារសាសនានៅកែប, បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យក្រុមទេសចរបារាំង នៅខេត្តសៀមរាប, ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ ជានិស្សិតខ្មែរដែលបានវិលត្រឡប់ពីសិក្សានៅប្រទេសអង់គ្លេស ដែលរស់នៅរាជធានីភ្នំពេញ, ស្ត្រីជនជាតិវៀតណាម អាយុ២៧ឆ្នាំ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅបន្ទប់ជួលនៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១, ស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ស្នាក់នៅOlympia ជាអ្នកទេសចរ និងស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ មានជនជាតិខ្មែរចំនួន ៤៨នាក់, បារាំង៣៨នាក់, ម៉ាឡេស៊ី១៣នាក់, អង់គ្លេស៥នាក់,អាមេរិក២នាក់, កាណាដា២នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់,ចិន៣នាក់,បែលហ្សិក១នាក់,វៀតណាម៣នាក់៕© រក្សាសិទ្ធិដោយ thmeythmey.com