ពីនេះ ពីនោះ
«​ចរកជន​,​ជន​ប្រវេសន៍​,​អាណិកជន​,​ពលករ​ទេស​ន្ត​រ៍​ប្រវេសន៍​,​ដំណុះ​ប្រជាជន និង​តំ​ហាយ​ប្រជាជន​» មានន័យ​ខុសគ្នា​ដូចម្តេច​?
26, Apr 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​សទ្ទានុក្រម​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់ថា «​ចរកជន មានន័យ​ខុសពី ពាក្យ ជន​ប្រវេសន៍​,​អាណិកជន​,​ដំណុះ​ប្រជាជន និង​តំ​ហាយ​ប្រជាជន​»​។

«​ចរកជន​»​សំដៅលើ​ជន​ដែល​គ្មាន​ទីលំនៅ​ជាប់លាប់ និង​ផ្លាស់​ទី​ពី​តំបន់​មួយ​ទៅកាន់​តំបន់​មួយ​ផ្សេងទៀត​ជាប្រចាំ​ដើម្បី​ចិញ្ចឹមជីវិត ឬ​ដោយសារ​លក្ខខណ្ឌ​មុខរបរ​របស់ខ្លួន​(​ការចិញ្ចឹម​សត្វ ឬ​ធ្វើ​មុខ​ជំនួញ​...)​។ 
 
«​ជន​ប្រវេសន៍​»​សំដៅលើ​ជន​បម្លាស់​លំនៅ​។ «​អាណិកជន​»​សំដៅលើ ជន​ដែល​រស់នៅក្នុង​ប្រទេស​ណា​មួយ​ក្រៅពី​ប្រទេស​របស់ខ្លួន​។ «​អាណិកជន​»​ស្ថិតនៅក្រោម​បទបញ្ញត្តិ​ដោយឡែក​នៃ​ប្រទេស​ណាមួយ​ដែល​ខ្លួន​កំពុង​រស់នៅ និង​ការពារ​ដោយ​ស្ថាន​បេសកម្ម​ការទូត ឬ​ស្ថាន​កុងស៊ុល​នៃ​ប្រទេស​របស់ខ្លួន​។ 
 
«​ពលករ​ទេស​ន្ត​រ៍​ប្រវេសន៍​»​ជា​ពលករ​ដែល​ឆ្លងដែន​ទៅកាន់​ប្រទេស​ណាមួយ​ក្នុង​គោលបំណង​ទៅធ្វើ​ការងារ ហើយ​ត្រឡប់​មកកាន់​ប្រទេស​ខ្លួន​វិញ ក្រោយពី​បញ្ចប់​ការងារ​រួច​។ ឧទាហរណ៍​៖ បច្ចុប្បន្ន​មាន​ពលករ​ទេស​ន្ត​រ៍​ប្រវេសន៍​ជាច្រើន​នៅ​ប្រទេស ថៃ ម៉ាឡេស៊ី ចិន ជប៉ុន ជាដើម​។ 
 
«​ដំណុះ​ប្រជាជន​»​ការកើតមាន ឬ​កំណើនប្រជាជន​យ៉ាង​ឆាប់រហ័ស នៅ​តំបន់​ណាមួយ​នៃ​ពិភពលោក ដោយមាន​ចំណូល​ប្រជាន​ជន​ពី​ក្រៅប្រទេស ធ្វើ​ឲ្យ​តំបន់​មួយ​ដែល​ពីមុន​គ្មាន​ប្រជាន ឬ​មាន​ប្រជាជន​រស់នៅ​តិច​បែរ​ទៅជា​មាន​ប្រជាជន​ច្រើន​។ ចំណែក​«​តំ​ហាយ​ប្រជាជន​»​មានន័យ​ផ្ទុយ​ពី​«​ដំណុះ​ប្រជាជន​»​ដែល​មានន័យថា ការថយចុះ​ចំនួន​ប្រជាជន​នៅក្នុង​តំបន់​ណា នៃ​ពិភពលោក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com