ជាតិ
សង្គមជាតិ
រៀន​កម្រិត​វិទ្យាល័យ យុវជន មូល ចាន់នី​ន អាច​ប្រើ​ជំនាញ​គំនូរ រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា និង​គ្រួសារ​
25, Apr 2020 , 4:54 pm        
រូបភាព
​រៀន​ឯកទេស​គំនូរ​បុរាណ​ឆ្នាំ​ទី​៦ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ យុវជន មូល ចាន់នី​ន អាច​រកចំណូលបាន​ចន្លោះ​១០០​ដុល្លារ​អាមេរិក ដល់​៣០០​ដុ​លា្ល​រ​អាមេរិក​ក្នុង​មួយខែ ពី​ជំនាញ​គូរគំនូរ​របស់ខ្លួន​។ ប្រាក់​ទាំងនោះ ចាន់នី​ន អាច​ដោះស្រាយ​ទិញ​សម្ភារ​សិក្សា និង​ទុក​ចាយវាយ​ខ្លះ​ផង ដោយ​អាចជួយ​សម្រាល​បន្ទុកគ្រួសា​រ​បាន​មួយចំនួន​។​


​មាន​អាយុ​២២​ឆ្នាំ​លោក មូល ចាន់នី​ន ទើបតែ​រៀន​ថ្នាក់​ទី​១២ និង​រៀន​ឆ្នាំ​ទី​៦​ឯកទេស​គំនូរ​បុរាណ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​។ ថ្វី​ដ្បិត ចាន់នី​ន មិនទាន់​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក្ដី តែ​លោក​អាច​រកប្រាក់​មក​ផ្គត់ផ្គង់​ការរៀនសូត្រ​ដោយ​ខ្លួនឯងបាន​ខ្លះ​ហើយ​។ 
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ចាន់នី​ន ដឹង​ច្បាស់​ថា​ខ្លួន​ស្រឡាញ់​ការ​គូរ​តាំងពី​អាយុ​ប្រហែល​៦​ឆ្នាំ​។ រាល់ពេល​បាន​ចូល​ព្រះវិហារ បុរស​សម្ដី​មួយៗ ហើយ​មាន​រាង​ខ្ពស់ស្រឡះ​រូបនេះ តែងតែ​រៀន​គូររូប​តាម​គំនូរ​នៅលើ​ជ​ញ្ចាំ​ង​ព្រះវិហារ​។ ក្រោយពី​បាន​រកឃើញ​សាលា​មធ្យម​វិចិត្រសិល្បៈ ដែលជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រឹះ​សិល្បៈ​របស់​រដ្ឋ​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ចាន់នី​ន បាន​ចាប់យក​ឯកទេស​គំនូរ​បុរាណ​។​
 
​តាមពិតទៅ​ជំនាញ​គំនូរ​បុរាណ​មួយ​នេះ ក៏​មិនសូវមាន​ទីផ្សារការងា​រ​ដូចគ្នា​នឹង​ជំនាញ​បុរាណ​មួយចំនួនទៀត​ដែរ ប៉ុន្តែ​បុរស​សម្បុរ​ស្រអែម ចាន់នី​ន នៅតែ​ជ្រើស​រើសយក ព្រោះតែ​ក្ដី​ស្រឡាញ់ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នេះ គឺ​ការចង់​ថែរក្សា​ទម្រង់​សិល្បៈ​គំនូរ​បុរាណ​។ 
 
​ចាន់នី​ន បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​ចាប់អារម្មណ៍​លើ​គំនូរ​បុរាណ ព្រោះតែ​វា​មាន​ភាព​លំអិត​លើ​ក្បាច់ និង​គ្រប់ផ្នែក​ទាំងអស់​។ ជំនាញ​នេះ​ពេល​គូរ​ត្រូវផ្ដោត​អារម្មណ៍​លើ​តួអង្គ​ទាំងអស់ ឧទាហរណ៍ ដូចជា​គូររូប​យក្ស យើង​ត្រូវ​ស្រម័យ​ថា​យក្ស​នោះ​កាច​យ៉ាងម៉េច ទើប​យើង​អាច​គូរ​ចេញមក​ពិតជា​កាច​មែន​។ ខ្ញុំ​ឃើញថា​ឥឡូវនេះ មិនសូវមាន​អ្នករៀន​គំនូរ​បុរាណ​ទេ ដូច្នេះ​ខ្ញុំ​ចង់​ថែរក្សា​សិល្បៈ​មួយ​នេះ​។ ខ្ញុំ​ចង់ឱ្យ​អ្នកដទៃ​មក​រៀន​ជំនាញ​នេះ ព្រោះ​វា​ជួយ​ឱ្យ​យើង​មានចិត្ត​អំណត់​»​។ 
 
​បើទោះបីជា​លោក មូល ចាន់នី​ន ចាប់យក​ឯកទេស​គំនូរ​បុរាណ​ក៏ពិតមែន ប៉ុន្តែ​ប្រាក់ចំណូល​ដែល​លោក​រក​បានជា​រៀងរាល់ខែ​នោះ គឺ​បាន​ដោយសារ​ការ​គូរគំនូរ​ដូច​(​គំនូរ​គូរ​ចេញពី​រូបថត​)​ទៅវិញ​ទេ​។ ហើយ​ហេតុដែល​នាំឱ្យ​បុរស​មកពី​ខេត្ត​រូបនេះ មិន​ហ៊ាន​ទទួល​គូរគំនូរ​បុរាណ​នោះ​គឺ​៖«​ខ្ញុំ​ជាប់រវល់​រៀន​ច្រើន ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​គូរគំនូរ​បុរាណ​ទេ ព្រោះ​គំនូរ​នេះ​ត្រូវការ​ពេល​គូរ​យូរ ម្យ៉ាង​ចំណេះដឹង​ខ្ញុំ​នៅមានកម្រិត​ផង​។ ម្យ៉ាងទៀត​គំនូរ​បុរាណ​ក៏​មិនសូវមាន​អ្នក​ចង់​គូរ​ប៉ុន្មាន​ដែរ គឺ​ប្រហែល​មកពី​វា​ថ្លៃ​។ ខ្ញុំ​ហ៊ាន​ទទួល​គូរ​ឱ្យគេ​តែ​រូប​តូចៗ ហើយ​នៅពេលដែល​ខ្ញុំ​ទំនេរ​ប៉ុណ្ណោះ​។ គំនូរ​ដែល​គូរ​ចេញពី​រូបថត តម្លៃ​ចាប់ពី​២០​ដុល្លារ ដល់​៣៥​ដុល្លារ អាស្រ័យ​លើ​ការ​ផាត់​ពណ៌​ឬក៏​អត់ ហើយនឹង​ទៅលើ​ទំហំ​ដែរ​។ បើ​គំនូរ​បុរាណ​ថ្លៃ​ជាង អាច​ចូល​រាប់រយ​ដុល្លារ​អាស្រ័យ​លើ​ទំហំ​»​។​
 
​អនាគត​វិចិត្រករ មូល ចាន់នី​ន មានបំណង​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​បន្តទៀត ដែល​ចាប់យក​ជំនាញ​ឌី​ហ្សា​ញ ដោយ​លោក​អះអាងថា​នឹង​ខំ​ច្នៃ​សិល្បៈ​គំនូរ​បុរាណ និង​សម័យ​បញ្ចូល​គ្នា​។ យ៉ាងណាក៏ដោយ ចាន់នី​ន ដែល​និយាយ​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ ថា​ការ​គូរគំនូរ​បុរាណ​ដោយ​ដៃ លោក​នៅតែ​មិន​បោះបង់​៕

Tag:
 គំនូរ​
  ប្រាក់​
  ជំនាញ​
  ចំណូល​
  វិទ្យាល័យ​
 ​សិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com