COVID-19
ជាតិ
សង្គមជាតិ
តើ​ការហាម​ប្រាម ឬ​រឹតត្បិត​ការនាំចេញ​ទំនិញ​ក្នុង​បរិការណ៍​កូ​វីដ​-១៩ បំពាន​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ដែរឬទេ​?
26, Apr 2020 , 11:25 am        
រូបភាព
រូបពីហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបពីហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ៖ សុខ ប៊ុនថន 
​តាម​របាយការណ៍​កាល​ពីថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប្រទេស និង​ដែនដី​ចំនួន​៨០ ដែលជា​សមាជិក​អង្គការ​នេះ បាន​អនុវត្ត​ការ​រឹតត្បិត​-​ហាមប្រាម​ការនាំចេញ​ផលិតផល​សំខាន់ៗ​របស់ខ្លួន (​ក្នុងនោះ​រួមមាន​កម្ពុជា​ផងដែរ​) ជាការ​ឆ្លើយតប​នឹង​ការរីក​រាលដាល​ជា​សាកល​នៃ​មេរោគ​កូ​វីដ​-១៩​។

និន្នាការ​អវិជ្ជមាន​នេះ កំពុង​គំរាមកំហែង​សន្តិសុខ​ស្បៀង​របស់​ពិភពលោក​ម្តងទៀត បន្ទាប់ពី​ប្រទេស​លើ​សាកលលោក​ប្រហែល​១/៤ បាន​អនុវត្ត​វិធានការ​ដូចគ្នានេះ កាលពី​កំឡុងពេល​ពិភពលោក​ជួប​វិបត្តិ​ស្បៀង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ ២០០៧-២០០៨ កន្លងទៅ​។ គុណវិបត្តិ​ចម្បង​នៃ​វិធានការ​នេះ គឺ​ការ​ឡើងថ្លៃ​នៃ​ទំនិញ​នៅ​ទីផ្សារ​សាកល និង​ប៉ះពាល់​ដល់​ភាព​ទុកចិត្ត​របស់​អ្នកធ្វើ​ជំនួញ ព្រមទាំង​គំរាមកំហែង​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។​
 
​ក្រោម​វិធាន​របស់​អង្គការ​WTO ប្រទេស​/​ដែនដី​ជា​សមាជិក ត្រូវ​ធានា​ការគោរព​គោលការណ៍​មិន​រើសអើង និង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម (​មាត្រា I និង II នៃ​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ពន្ធគយ​និង​ពាណិជ្ជកម្ម - GATT 1994) ដែល​តម្រូវ​ឲ្យ​សមាជិក​កាត់បន្ថយ ឬ​លុបបំបាត់​របាំង​ពន្ធគយ​នានា ដែល​រាំងស្ទះ​ដល់​លំហូរ​ពាណិជ្ជកម្ម (​មាន​ករណី​លើកលែង​) ដោយ​ផ្អែកលើ​កាលវិភាគ​សម្បទាន​រប​ស់​សមាជិក​នីមួយៗ​។ 
 
​ជាទូទៅ កាលណា​គេ​និយាយ​ពីរ​បាំង​ពាណិជ្ជកម្ម គេ​តែង​នឹកឃើញ​ដល់​វិធាន​ការដែល​ធ្វើ​ឲ្យ​រាំងស្ទះ ឬ​រឹតត្បិត​លើ “​ការនាំ​ចូល​” ពីព្រោះ​វា​ធ្វើ​ឲ្យ​សមាជិក​ដទៃ ដែលមាន​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ការនាំចេញ ជួប​ផលប៉ះពាល់​ជា​អវិជ្ជមាន ហើយ​ជា​ញឹកញាប់ គេ​តែង​ឃើញ​ការ​ប្តឹងផ្តល់​គ្នា​នៅ​អង្គការ​WTO លើ​វិធាន​ការដែល​រាំងស្ទះ​ការនាំ​ចូល​នេះ​។ ផ្អែកលើ​និន្នាការ​នេះ គេ​ច្រើន​ច្រឡំ​សន្ម​ត់​ថា សមាជិក​អាចមាន​សិទ្ធិ​ដាក់​របាំង​ហាមប្រាម ឬ​រឹតត្បិត “​ការនាំចេញ​” នូវ​ផលិតផល​ទាំងស្រុង​ឬ​ដោយ​ផ្នែក​របស់ខ្លួន ដោយ​មិន​រំលោភច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើយ ដោយហេតុថា​សកម្មភាព​នេះ​ប៉ះពាល់​តែ​ការនាំចេញ​របស់ខ្លួន​ប៉ុណ្ណោះ​។ នេះ​មិនមែនជា​ការយល់​ត្រូវ​ទាំងស្រុង​ឡើយ​។​
 
​ជាការ​ពិត សូម្បី​អ្នកច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ជាច្រើន​ក៏បាន​ឯកភាព​ថា វិធាន​/​ច្បាប់​របស់​អង្គការ​WTO ភាគច្រើន​គ្រប់គ្រង​លើ​ការ​រឹតត្បិត​ការនាំ​ចូល ជាជាង​ការ​រឹតត្បិត​ការនាំចេញ​។ ក្នុងចំណោម ៣៨ មាត្រា របស់ GATT មានតែ ៣ មាត្រា​ប៉ុណ្ណោះ គឺ​មាត្រា II, XI និង XX ដែល​មានចែង​ច្រើន​អំពី​ការ​រឹតត្បិត​ការនាំចេញ​។ ដោយឡែក មាត្រា​១២ របស់​កិច្ចព្រមព្រៀង​ស្តីពី​កសិកម្ម ក៏មាន​ចែង​ដែរ ប៉ុន្តែ​ផ្តោត​តែ​លើ​ការនាំចេញ​ផលិតផល​កសិកម្ម​ប៉ុណ្ណោះ​។ 
 
​តើ​ការហាម​ប្រាម ឬ​រឹតត្បិត​ការនាំចេញ អនុលោម​តាម ឬ​រំលោភច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​?
​មាត្រា XI នៃ GATT បាន​កំណត់ថា សមាជិក​អង្គការ​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដាក់ ឬ​រក្សា​វិធានការ​ណា ដែល​ឈានដល់​ការហាម​ប្រាម ឬ​រឹតត្បិត​ការនាំ​ចូល​-​ចេញ​ឡើយ ទាំង​ក្នុង​រូប​ភាពជា​កូតា អាជ្ញាប័ណ្ណ​នាំចូល​-​ចេញ ឬ​វិធានការ​ដទៃ (​លើកលែង​ជា​ពន្ធគយ ឬ​ការយក​ម្រៃ​ផ្សេងៗ ដែលមាន​ផលប៉ះពាល់​តិច និង​តម្លាភាព​ច្រើនជាង និង​មានកំណត់​ក្នុង​កាលវិភាគ​សម្បទាន​)​។ យ៉ាងណាក៏ដោយ មាត្រា​នេះ​អនុញ្ញាត​ឲ្យ​សមាជិក​ដាក់​ការ​រឹតត្បិត​-​ហាមប្រាម​ការនាំចេញ ដរាបណា​វិធានការ​នេះ​ត្រូវបាន​អនុវត្ត “​បណ្តោះអាសន្ន​” ដើម្បី “​បន្ធូ​បន្ថយ​ការខ្វះខាត​ធ្ងន់ធ្ងរ​នៃ​ផលិតផល​អាហារ​” និង​ផលិតផល​ផ្សេងទៀត​ដែល “​ចាំបាច់​” សម្រាប់​ប្រទេស​នាំចេញ​នេះ​។ មិនតែប៉ុណ្ណោះ សមាជិក​ក៏​អាចអនុវត្ត​ការហាម​ប្រាម​-​រឹតត្បិត​ការនាំចេញ​បាន ប្រសិនបើ​វិធានការ​នោះ​មាន​ភាព “​ចាំបាច់​” សម្រាប់​ការអនុវត្ត​ស្តង់ដារ ឬ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​ការធ្វើ​ចំណាត់ថ្នាក់ ឬ​ធ្វើ​ទីផ្សារ​(​ម៉ាឃីតធីង​)​របស់​ផ​លិ​ល​ផល​នោះ​នៅ​ឆាក​អន្តរជាតិ (​ឧ​. តម្រូវ​ឲ្យ​មានការ​វេច​ខ្ចប់​ត្រឹមត្រូវ​សម្រាប់​នាំចេញ​)​។ ការលើកលែង​ជាច្រើន​ទៀត​ក៏មាន​ចែង​ផងដែរ​នៅក្នុង​មាត្រា XX នៃ​ច្បាប់​នេះ ដែល​រួមមាន​៖ ភាពចាំបាច់​សម្រាប់​ការពា​សុខភាព​និង​អាយុជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ  ភាពចាំបាច់​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ឬ​សម្រាប់​ផលិតផល​ទុក​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​កៃ​ច្នៃ​ក្នុងស្រុក ។​ល​។​
 
​យ៉ាងណាមិញ ប្រសិនបើ​វិធានការ​នេះ ត្រូវបាន​ដាក់​លើ​ផលិតផល​កសិកម្ម​នាំចេញ មាត្រា​១២ នៃ​កិច្ចព្រមព្រៀង​ស្តីពី​កសិកម្ម តម្រូវ​ឲ្យ​សមាជិក​នោះ “​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​” ទៅលើ​ផលប៉ះពាល់​នៃ​វិធានការ​នោះ លើ​សន្តិសុខ​ស្បៀង​របស់​ប្រទេស​នាំចូល និង​តម្រូវ​ឲ្យ​ប្រទេស​ដែល​ដាក់​វិធានការ​នេះ ផ្តល់ព័ត៌មាន​ជាលា​យ​ល័​ក្ខ​អក្សរ​ទៅកាន់​គណៈកម្មាធិការ​ស្តីពី​កសិកម្ម​របស់​អង្គការ​នេះ និង​ពិភាក្សា​ជាមួយ​សមាជិក​ដែលជា​អ្នក​នាំចូល​ផលិតផល​នោះ​ជាមុនសិន​។  
 
​ក្នុងស្ថានភាព​ដ៏​លំបាក​នៃ​ការ​រាតត្បាត​របស់​មេរោគ​កូ​វីដ​-១៩​នេះ សមាជិក​ទាំង ៨០ ខាងលើ បាន​រឹតត្បិត​ការនាំចេញ​ផលិតផល​ចម្បងៗ​គិត​ចាប់តាំងពី ម៉ាស​ការពារ​មេរោគ ផលិតផល​ឱសថ សម្ភារៈ​បរិក្ខា​ពេទ្យ ផលិតផល​អាហារ និង​កសិកម្ម រហូតដល់​ក្រដាស​បង្គន់​អនាម័យ​ផងដែរ​។ ក្នុងករណី​មានការ​ប្តឹងផ្តល់​គ្នា ប្រទេស​ទាំងនោះ​ត្រូវមាន​ហេតុផល និង​ភស្តុតាង​រឹងមាំ ដើម្បី​ធានាថា វិធាន​ការដែល​ខ្លួន​អនុវត្ត​ពិតជា​គោរព​តាម​លក្ខខណ្ឌ​ខាងលើ (១)​ទាំង​ថេរៈវេលា​នៃ​ការហាម​ប្រាម​-​រឹតត្បិត (​តើ “​បណ្តោះអាសន្ន​” នោះ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ខែ ឬ​ឆ្នាំ​) (២) ទាំង​ភាពចាំបាច់​នៃ​វិធានការ (​តើ​សមាជិក​នោះបាន​អនុវត្ត​វិធានការ​ផ្សេង​ដែល​ល្អ​ជាង​នេះ ហើយ​មិន​ប៉ះពាល់​ការនាំចេញ​ដែរ​ឬ​នៅ​) (៣)​ទាំង​សារៈសំខាន់​នៃ​ផលិតផល​ដែល​ត្រូវ​ហាមប្រាម​-​រឹតត្បិត​ការនាំចេញ (​តើ​សមាជិក​ដែល​រឹតត្បិត​ការនាំចេញ​អង្ករ ពិតជា​កំពុង​ខ្វះ​អង្ករ​ឬ​នៅ ឬ​តើ​សមាជិក​ដែល​រឹតត្បិត​ការនាំចេញ​ក្រដាស​បង្គន់​អនាម័យ​ពិតជា​កំពុង​ប្រើប្រាស់​ផលិតផល​នោះ​ក្នុងស្រុក​ខ្លួន​ឬទេ​) និង​(៤) ការ​ផ្តល់ព័ត៌មាន​ដល់​អង្គការ​នេះ និង​ការពិគ្រោះ​ជាមួយ​សមាជិក​ពាក់ព័ន្ធ​មុន​រឹតត្បិត​ការនាំចេញ​ផលិតផល​កសិកម្ម​។​
 
​ដោយសារ​ការហាម​ប្រាម​-​រឹតត្បិត​ការនាំចេញ​នេះ នៅមានកម្រិត​ទាំង​ផ្នែក​គតិយុត្តិ និង​ភាពមិនច្បាស់លាស់​ច្រើន​នៃ​លក្ខខណ្ឌ​កំណត់ ទើប​វិធានការ​ហាមប្រាម​-​រឹតត្បិត​ការនាំចេញ​នេះ ក្លាយជា​កម្មវត្ថុ​នៃ​ជម្លោះ​ធំៗ​មួយចំនួន ពិសេស​ករណី ចិន​-​ផលិតផល​វត្ថុធាតុដើម (២០០៩) ដែល​ប្តឹង​ដោយ​អាមេរិក សហភាព​អឺរ៉ុប និង​ម៉ិ​ក​ស៊ី​កូ និង​ករណី​ចិន​-​ធនធាន​កម្រ ដែល​ប្តឹង​ដោយ​អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន (២០១២)​។ ពេលនោះ ចៅក្រម​អង្គ​ឧទ្ធរណ៍​របស់​អង្គការ​WTO បកស្រាយ​លក្ខខណ្ឌ​នៅ​មួយៗ​ដោយ​ផ្អែកលើ​យុត្តិសាស្ត្រ​ជាច្រើន ដើម្បី​បំពេញ​ចន្លោះ​ច្បាប់​ដែល​ចែង​មិន​ច្បាស់លាស់​នេះ​។ ដូចនេះ ដើម្បី​កំណត់ថា​តើ​វិធានការ​ហាមប្រាម​-​រឹតត្បិត​ការនាំចេញ​នេះ ពិតជា​រំលោភបំពាន​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ឬទេ គឺ​អាស្រ័យ​លើ​ហេតុផល និង​ភស្តុតាង​របស់​ភាគី ចំពោះ​លក្ខខណ្ឌ​ទាំងនោះ​៕​
 
​លោក សុខ ប៊ុនថន ជា​អតីត​គ្រូបង្រៀន​ផ្នែក​សិក្សា​អន្តរជាតិ (DIS-IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សព្វថ្ងៃ​កំពុង​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ នៅ University of Leeds នៃ​ចក្រភព​អង់គ្លេស​
 

© រក្សាសិទ្ធិដោយ thmeythmey.com