អ្នកខ្វះគ្រប់យ៉ាង និងអ្នកមានគ្រប់សព្វ ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងទម្រង់ខុសគ្នា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សុធីរ និងសំណាង ស្តាប់រឿងគេរអ៊ូរឿងបំណុលធនាគារសឹងតែប៉ោងក្បាលទៅហើយ។ ស្តាប់រឿងគេឈឺក្បាល ជាងនិយាយរឿងខ្លួនឯងប្រាប់គេទៅទៀត។ តែដោយសារតែ ទាំងអស់គ្នាស្ថិតក្នុងដំណាក់កាលប្រឈមដ៏លំបាកនេះ សុធីរ និងសំណាង ក៏សុទ្ធចិត្តទ្រាំឈឺក្បាលដោយស្តាប់គេបន្តិចទៅចុះ!។
សុធីរ៖ អា សំណាង! ចុះអ្ហែងមានជំពាក់លុយធនាគារដូចគេ ដូចឯងដែរអត់?
សំណាង៖ មុខអញណា៎មានកិត្តិយសរហូតដល់ទៅធនាគារព្រមឲ្យខ្ចីលុយនោះ!
សុធីរ៖ ម៉េចអ៊ីចឹង?
សំណាង៖ អញអត់មានជំនួញពិតប្រាកដ។ អញអត់មានការងារធ្វើធំដុំ។ ភាគច្រើនអញតាមដានតែព័ត៌មានហ្នឹង អាណា៎ គេឲ្យលុយអញខ្ចីអ្ហា!
សុធីរ៖ ចុះអ្ហែងលឺគេត្អូញត្អែររឿងបំណុលធនាគារអត់?
សំណាង៖ អញស្តាប់ឡើងប៉ោងក្បាលហើយក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អ្នកខ្លះ ក្រីក្រជំពាក់បំណុលធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ អាហ្នឹងអញអាណិត ព្រោះគ្នាពិតជាក្រីក្រមែន។ អ្នកខ្លះ ខ្ចីលុយទិញផ្ទះ១ល្វែងដើម្បីរស់នៅ ហើយថ្ងូរ ក៏អញអាណិតខ្លះដែរ ព្រោះវានៅខ្វះមុខ ខ្វះក្រោយនៅឡើយ។
សុធីរ៖ ចុះបើអ្នកធូធារ ហើយត្អូញរឿងបំណុលធនាគារ អ្ហែងអាណិតអត់?
សំណាង៖ ធម្មតា អញអាណិតទាំងអស់គ្នាហ្នឹង។ តែយ៉ាងណាក៏ដោយ ក៏អញអាណិតខ្លួនអញមុនគេដែរ។ កូវីដ១៩នេះ ធ្វើឲ្យអញសឹងតែដាច់ខ្យល់ហើយ តែអញមិនមាត់ អញមិនរអ៊ូ អញមិនត្អូញ។ល។ ងាកមកនិយាយរឿងអ្នកធូធារ(អ្នកមានវិញ) ពួកគាត់ជំពាក់បំណុលដែរ តែសួរថា បំណុលពួកគាត់សម្រាប់យកទៅធ្វើអ្វី? ប្រហែលជាពួកគាត់យកទៅពង្រីកអាជីវកម្មថែម ទិញផ្ទះធំៗថែម ទិញដីថែម។ អ៊ីចឹង អញចង់ប្រាប់
អ្ហែងថា អ្នកខ្វះគ្រប់យ៉ាង និងអ្នកមានគ្រប់សព្វ ជំពាក់បំណុលធនាគារក្នុងទម្រង់ខុសគ្នាណា៎ អញប្រាប់អ្ហែងឲ្យដឹងជាថ្មីម្តងទៀត។
សុធីរ៖ គ្រប់គ្នានាំគ្នាត្អូញត្អែររឿងជំពាក់ធនាគារ ចុះធនាគារអត់ប្រឈមទេឬ?
សំណាង៖ ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ប្រឈមដូចតែក្រុមហ៊ុនដទៃទៀតដែរ ព្រោះ ពួកគេក៏ត្រូវចិញ្ចឹមបុគ្គលិក ក៏ត្រូវខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឬក៏ត្រូវខ្ចីលុយពីអតិថិជនដែលយកលុយមកតម្កល់នៅធនាគារដែរតើ! ធនាគារ បើនិយាយឲ្យស្រួលស្តាប់ ដូចជា អ្នករកស៊ីឈ្មួញកណ្តាលតើ! ហើយបើយើងនាំគ្នាធ្វើបាបពួកគេ ក៏ដូចជាមិនសូវត្រូវដែរ។ សរុបមកវិញ ក្នុងពេលវេលាប្រឈមនេះ មានតែគ្រប់គ្នាអត់ធ្មត់ ជួយគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ នេះ គឺជាដំណោះស្រាយដ៏ល្អប្រសើរបំផុត៕