COVID-19
ជាតិ
បទវិភាគ
តើ​ផលវិបាក​អ្វីខ្លះ​ដែល​បណ្តាលមកពី​ជម្លោះ​រវាង​អាណាព្យាបាល និង​ម្ចាស់​សាលា​ឯកជន​?
26, Apr 2020 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖ អាណាព្យាបាល​មួយចំនួន​(​ខ្លះ​ចេញមុខ​តវ៉ា ខ្លះ​មិន​ចេញមុខ​) និង​ម្ចាស់​សាលា​ឯកជន​មួយចំនួន បាន និង​កំពុង​ដំឡើង​សរសៃ​ក​ដាក់គ្នា​ទៅវិញទៅមក​ក្នុង​បរិបទ​វិបត្តិ​មេរោគ​កូ​វីដ​១៩​។ រឿងរ៉ាវ​កើតឡើង​បន្ទាប់ពី​សាលា​បិទទ្វារ និង​ការដាក់​ឲ្យ​ដំណើរការ ការសិក្សា​ពី​ចម្ងាយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​មេរោគ​កូ​វីដ​១៩​។ តើ​អ្វីខ្លះ​ជា​ផលវិបាក​នៃ​ជម្លោះ​នេះ​?

 
​នៅក្នុង​ប្រទេស​កម្ពុជា អ្នកជំនួញ និង​អតិថិជន​ក្នុង​វិស័យ​អប់រំ បាន និង​កំពុង​ដំឡើង​សរសៃ​ក​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ថ្លៃ​ឈ្មួ​ល​សិក្សា​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។ ដោយសារ​សាលារៀន​បាន​បិទទ្វារ​ដោយ​ជំនួស​មកវិញ​នូវ​ការសិក្សា​តាម​អន​ឡាញ ឬ​សិក្សា​ពី​ចម្ងាយ អាណាព្យាបាល​ស្នើសុំ​បង់ប្រាក់​តែ​៥០%​នៃ​ថ្លៃ​សរុប ប៉ុន្តែ​សំណើរ​នេះ ត្រូវបាន​បដិសេធ​ដោយ​ម្ចាស់​សាលា​។ 
​អាណាព្យាបាល​លើក​ហេតុផល​ថា ការសិក្សា​ពី​ចម្ងាយ​មានគុណ​វិបត្តិ​ច្រើន ក្នុងនោះ​មាន ដូចជា​៖ សិស្ស​និស្សិត មិនសូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ប៉ុន្មាន​ឡើយ ជាពិសេស កុមារ​តូចៗ​។ សិស្ស​និស្សិត​ខ្លះ បើក​តែ​កុំព្យូទ័រ​ចោល រីឯ​អា​ម្មណ៍ មិនដឹង​ជា​ហោះហើរ​ទៅដល់​ទីណា​ឡើយ​។ សិស្ស​និស្សិត​ខ្លះទៀត បើក​កុំព្យូទ័រ​បណ្តើរ រៀន​បណ្តើរ ស្តាប់​ចំរៀង​បណ្តើរ ពិសា​នេះ ឬ​នោះ​បណ្តើរ ជួនកាល​ស្តាប់​គ្រូ​ផង ឈែ​ត​ជាមួយ​មិត្តភក្តិ​ផង​។ 
 
​និយាយ​ជារួម ប្រសិទ្ធភាព​នៃ​ការសិក្សា​ពី​ចម្ងាយ មាន​កម្រិត​ទាប ជាពិសេស សម្រាប់​កុមារ​តូចៗ​។ ម្យ៉ាងទៀត អាណាព្យាបាល​លើក​ហេតុថា សាលា​មិន​ចំណាយ​ផ្នែក​រដ្ឋបាល ចំណាយ​លើទឹក ភ្លើង​។​ល​។ ម្យ៉ាងទៀត អាណាព្យាបាល​បាន​លើក​ហេតុផល​ថា ពួកគេ​ក៏​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ដែរ ព្រោះ ជំនួញ​ពួកគេ​មិន​ដំណើរការ​។ ដូច្នេះ សាលា​ត្រូវតែ​បញ្ចុះតម្លៃ​យ៉ាងតិច​៥០%​។ 
 
​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​អាណា​ព្យាបាល​វិញ អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់ថា ជំនួញ​ក្នុង​វិស័យ​អប់រំ​នេះ មិន​ចំណេញ​ច្រើន​ទេ​។ អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់ថា ជាទូទៅ​ក្នុងពេល​ធម្មតា សាលា​ត្រូវ​ចំណាយ​លើ​ប្រាក់បៀវត្សរ៍ អគារ ទឹក ភ្លើង រដ្ឋបាល ថ្លៃ​បណ្តុះបណ្តាល​គ្រូ ការស្រាវជ្រាវ ទីផ្សារ ទំនាក់ទំនង​សាធារណៈ ថ្លៃបង់​រំ​លោះ​បំណុល​។​ល​។ ដូច្នេះ ប្រាក់ចំណេញ​សល់​ពី​ចំណូល គឺមាន​កម្រិត​ក្នុង​រង្វង់​តែ​១០​ទៅ​២០%​ប៉ុណ្ណោះ​។ ហើយ​នេះ គេ​នៅ​មិនទាន់​គិតពី​ការចំណាយ​ផ្សេងៗ​ទៀតផង​។ 
 
​ម្ចាស់​សាលា​ឯកជន ឬ​អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ បាន​បន្ត​ពន្យល់​ទៀតថា ការសិក្សា​ពី​ចម្ងាយ​ធ្វើ​ឲ្យ​សាលា​បន្ត​ចំណាយ​ច្រើន​គួរសម និង​ស្មុគស្មាញ​បន្ថែមទៀត ព្រោះ សាលា​ត្រូវ​បន្តធ្វើ​ការងាររដ្ឋបាល​សម្របសម្រួល​ជាមួយ​អាណាព្យាបាល​ច្រើនជាង​មុន ជាពិសេស ជាមួយ​សិស្ស​តូចៗ​។ ម្យ៉ាងទៀត សាលា​ត្រូវ​បណ្តុះបណ្តាល​គ្រូ​មួយចំនួន​ដែល​មិនសូវ​ចេះ​បច្ចេកវិទ្យា​ព័ត៌មាន​។ លើសពីនេះទៅទៀត សាលា​ខ្លះ​ត្រូវ​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ​នេះ​ថែម​ទៀតផង​។ 
 
​បើ​គ្មាន​ដំណោះស្រាយ តើ​អ្វី​ទៅជា​ផលវិបាក​? 
​ផលវិបាក​ដែល​គេ​មើលឃើញ​នៅក្នុង​ជម្លោះ​នេះ គឺ ទី​១ សិស្ស​និស្សិត​មិនបាន​សិក្សា​ទាល់តែសោះ​។ ទី​២ គុណភាព​សិក្សា​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ស្ទើរ​សូន្យ​តែម្តង​។ ទី​៣ អាណាព្យាបាល និង​ម្ចាស់​សាលា​មើលមុខ​គ្នា​លែង​ត្រង់​។ ទី​៤ សាលា និង​គ្រូបង្រៀន​បាត់បង់​ប្រាក់ចំណូល និង​ទី​៥ សាលា​ណា​ដែល​មិនអាច​សម្របសម្រួល​បាន អាច​ប្រឈម​នឹង​បាត់បង់​សិស្ស​កាន់តែច្រើន​។ 
​ដូច្នេះ ដើម្បី​ចៀសវាង​បញ្ហា​ខាងលើនេះ ដំណោះស្រាយ​ដែល​ល្អ​បំផុត គឺ​គ្រប់ភាគី​ដែលជា​រួមមាន​៖ ម្ចាស់​សាលា​, ម្ចាស់​អគារ​, អាណាព្យាបាល​, គ្រូបង្រៀន​។​ល​។ ត្រូវ​ចែករំលែក​ការខាតបង់​ក្នុង​ចំណែក​ណាមួយ​រៀងខ្លួនៗ ព្រោះ កូ​វីដ​១៩​នេះ គឺជា​រឿង​ប្រធាន​ស័ក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com