សង្គមអន្តរជាតិ
អន្តរជាតិ
កោះហាវ៉ៃ៖ក្រៅពីបំផ្លាញ ភ្នំភ្លើងក៏ជាអ្នកបង្កើតផងដែរ
× ចំពោះភ្នំភ្លើង ការបំផ្លាញ និងការបង្កើត កើតឡើងក្នុងពេលតែមួយ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលភ្នំភ្លើងទាំងឡាយនៅលើភពផែនដីបានកែប្រែ និងផ្លាស់ប្តូរសណ្ឋានដីដែលមនុស្សមិនទាន់បានរស់នៅ ឬកំពុងរស់នៅ។
ភ្នំភ្លើងក៏ជាអ្នកធ្វើឲ្យប្រទេសនីមួយៗមានលក្ខណៈភូមិសាស្ត្រនយោបាយពិសេសរៀងៗខ្លួនផងដែរ។ ក្នុងនោះមានដូចជាប្រជុំកោះហាវ៉ៃ ដែលជាតំបន់កំពង់ផែនាវាចម្បាំងសំខាន់មួយនាសម័យសង្គ្រាមលោកលើកទី២។ កោះហាវ៉ៃក៏ត្រូវបានបង្កើតឡើងដោយសកម្មភាពភ្នំភ្លើងដូចគ្នា។
ដោយពិនិត្យមើលទៅក្នុងផ្ទៃសមុទ្រ កោះហាវ៉ៃគឺជាប្រជុំកោះដែលមានវត្តមាននៅពីលើជួរភ្នំក្រោមសមុទ្រ ឬជាភាសាអង់គ្លេសហៅថា«Seamount»។ វាមានទីតាំងនៅពីលើកន្លែងដែលមានសកម្មភាពផ្លាកតិចតូនិចខ្លាំង។ ឯកសារពីគេហទំព័រ oceanservice.noaa.gov បានពន្យល់ថា កោះហាវ៉ែកំពុងស្ថិតនៅលើចលនាផ្លាកតិចតូនិចដែលមានទិសដៅទៅខាងជើងឈាងខាងលិច។
ភ្នំក្រោមសមុទ្ររបស់ហាវ៉ៃដែលមានវ៏យក្មេងជាងគេគឺ Loihi ដែលសព្វថ្ងៃវាកំពុងដែលមានបន្ទុះនៅឯចំណុចកំពូលភ្នំប្រមាណជា១ពាន់ម៉ែត្រក្រោមផ្ទៃទឹកសមុទ្រនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ភ្នំភ្លើងច្រើនអាចកើតឡើងនៅចន្លោះផ្លាកតិចតូនិចចំនួនពីរឬច្រើន ហើយវាអាចបញ្ចេញម៉ាកម៉ាចេញមកខាងលើ។
ម៉ាកម៉ារួចចុះសីតុណ្ហភាព កកក្លាយទៅជាស្រទាប់ដីថ្មី ខ្ពស់ជាងមុនបន្តិចម្តងៗ។ នេះជាមូលហេតុចំបងដែលបង្កឲ្យមានវត្តមាននៃប្រជុំកោះហាវ៉ៃ។ ប្រជុំកោះមួយនេះមានកោះប្រមាណជា១៣២កន្លែង តំបន់ទឹករាក់ តំបន់ផ្កាថ្ម និងជួរភ្នំក្រោមសមុទ្រលាភសន្ធឹងជាង២៤០០គីឡូម៉ែត្រ រហូតទៅដល់កោះ Kure នៃទិសពាយ័ព្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com