អន្តរជាតិ
​បច្ចេកវិទ្យា
ប្រវត្តិ​នៃ​ការបង្កើតឡើង​របស់​ក្រុមហ៊ុន​«SONY»
26, Apr 2020 , 10:30 pm        
រូបភាព
SONY គឺជា​ឈ្មោះ​ផលិតផល​ដ៏​ល្បីល្បាញ​មួយ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​នៅលើ​ទីផ្សារ​ពិភពលោក​បាន​ស្គាល់​ឬ​ប្រើប្រាស់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ជាមួយនឹង​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​គុណភាព និង​សម្បូរបែប តើ​ក្រុមហ៊ុន​មួយ​នេះ​បានចាប់កំណើត​ឡើង​តាំងពី​ពេលណា​មក​?

 
​ក្រោយពេល​សង្គ្រាមលោកលើកទី​ពីរ​ត្រូវបាន​បញ្ចប់ ប្រទេស​ជប៉ុន​បាន​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​ឡើងវិញ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយនឹង​ប្រទេស​នៃ​លោកខាងលិច​។ នៅក្នុង​ឆ្នាំ​១៩៤៦ ក្រុមហ៊ុន SONY ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​ជនជាតិ​ជប៉ុន​ពីរ​នាក់​គឺ​លោក Akio Morita និង​លោក Masaru Ibuka នៅឯ​ទីក្រុង​តូ​ក្យូ ក្នុង​ដើមទុន​ប្រមាណ​ជា​១៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​កាលពី​ពេលនោះ​។ គេហទំព័រ bizfluent.com បាន​បន្តទៀតថា នៅក្នុង​ឆ្នាំ​ដដែល​នៃ​ការបង្កើត​ក្រុមហ៊ុន​នេះ​ឡើង ផលិតផល​ដំបូង​របស់​ពួកគេ​គឺ​ឧបករណ៍​បំពង​សម្លេង​អគ្គីសនី (Megaphone) ។ នៅក្នុង​ឆ្នាំ​១៩៥០ គេ​បាន​ផលិត​ឧបករណ៍​ថត​សម្លេង​ដោយ​ប្រើប្រាស់​កាសែត​។ 
 
​ដំបូង​ឡើយ​ក្រុមហ៊ុន SONY មាន​ឈ្មោះថា Tokyo Telecommunications Engineering Corp ឬ TTK ។ តែ​ក្រោយមក នៅពេលដែល​ក្រុមហ៊ុន​មួយ​នេះ​ចាប់ផ្តើម​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅ​ក្រៅ​តំបន់ គេ​បាន​ផ្លាស់ប្តូរ​ឈ្មោះ TTK នេះ​មកជា SONY វិញ​។ SONY មាន​ដើមកំណើត​មកពី​ពាក្យ​ឡាតាំង «Sonus» ដែល​មានន័យថា «​សម្លេង​» និង​ឈ្មោះ «Sonny» ដែលជា​ឈ្មោះ​ប្រើប្រាស់​ទូទៅ​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​។ នៅក្នុង​ឆ្នាំ​១៩៥៨ SONY Corp បាន​ក្លាយជា​ឈ្មោះ​ផ្លូវការ​របស់​ក្រុមហ៊ុន SONY ។​
 
​នៅក្នុង​ឆ្នាំ​១៩៦០ SONY បាន​បង្កើត​សាខា​លក់​របស់ខ្លួន​នៅឯ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​។ ៨​ឆ្នាំ​ក្រោយមក​នៅ​ចក្រភព​អង់គ្លេស អេស្បាញ និង​បារាំង​នៅក្នុង​ឆ្នាំ​១៩៧៣ និង​អាល្លឺម៉ង់​នៅក្នុង​ឆ្នាំ​១៩៨៦​។ ក្រុមហ៊ុន SONY មាន​ប្រវត្តិ​ជាមួយនឹង​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​។ នៅក្នុង​ឆ្នាំ​១៩៥៥ វិទ្យុ​ដែល​ប្រើប្រាស់​ត្រង់​ស៊ី​ស្ទ័​រ​ដំបូង​របស់​ជប៉ុន​ត្រូវបាន​ផលិតឡើង​ដោយ SONY មាន​ឈ្មោះថា TR-55 ។ ឆ្នាំ​១៩៦០ ទូរទស្សន៍​ចល័ត​ប្រភេទ TV8-301 ត្រូវបាន​នាំចូល​ក្នុង​ទីផ្សារ​។ 
 
​ជាមួយនឹង​វី​ឌី​អូ​កាមេរ៉ា​ចល័ត​ធុន​តូច​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៩ និង​ឧបករណ៍​ចាក់ DVD Blu-Ray នៅក្នុង​ឆ្នាំ​២០០៣​។ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចមួយ​ដែល​ត្រូវ​បានទទួល​ប្រជាប្រិយ​ភាពខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន​គឺ SONY Walkman (​ស្រដៀង​គ្នា​ទៅនឹង iPod សម័យ​បច្ចុប្បន្ន​ដែរ​) ដែលជា​ឧបករណ៍​ចាក់​ភ្លេង​ប្រើប្រាស់​ដុំ​កាសែត​តូច​មួយ អាចដាក់​តាម​ខ្លួន​បាន​យ៉ាង​ងាយ​នៅក្នុង​ឆ្នាំ​១៩៧៩​។ Walkman បាន​ផ្លាស់ប្តូរ​វប្ប​ធ​ម៍​នៃ​ការ​ស្តាប់​ចម្រៀង​របស់​មនុស្ស ដោយសារតែ​ឧបករណ៍​មួយ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ផ្ទុក​បទ​ភ្លេង​បាន​ច្រើន ក្នុង​កន្លែង​តូច​មួយ​នៅតាម​ខ្លួនប្រាណ និង​ជ្រើសរើស​បទ​ចម្រៀង​សមស្រប​ជាមួយនឹង​លក្ខណៈ​បុគ្គល​របស់ខ្លួន​។ ក្រោយមក​ក្នុង​ឆ្នាំ​១៩៨៤ ជាមួយនឹង Discman ដែលជា​ឧបករណ៍​ចាក់ DVD ចល័ត​។ 
 
SONY ក៏បាន​រួមចំណែក​យ៉ាងច្រើន​នៅក្នុង​វិស័យ​រោងភាពយន្ត និង​តន្ត្រី​ផងដែរ​ជាមួយនឹង​ផ្នែក SONY Pictures និង SONY Music ។ ដំបូង​ឡើយ SONY ក៏បាន​ធ្វើការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ទូរទស្សន៍ CBS របស់​សហរដ្ឋអាមេរិក​ផងដែរ​នៅក្នុង​ឆ្នាំ​១៩៦៦ និង​បាន​ទិញយក​ក្រុមហ៊ុន​ផលិតភាព​យន្ត Columbia Pictures នៅក្នុង​ឆ្នាំ​១៩៨៩​។ ជាមួយនឹង​ផលិតផល​ហ្គេម SONY ក៏បាន​បង្កើត​ឧបករណ៍​ហ្គេម​នៃ​ខ្សែស្រឡាយ PlayStation ជាមួយនឹង​ស្ថាប័ន​រង​ដែលមាន​ឈ្មោះថា SONY Computer Entertainment នៅក្នុង​ឆ្នាំ​១៩៩៣​។ គិត​ត្រឹម​ឆ្នាំ​២០១៣ SONY មាន​បុគ្គលិក​ប្រមាណ​ជា​១៤៦,០០០​នាក់​នៅ​ជុំវិញ​ពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com