ឪពុកម្តាយ​ឈរ​ជួរមុខ​សង្គ្រោះ​ជីវិត​អ្នកដទៃ តែ​កូនស្រី​វ័យ​៥​ឆ្នាំ​ស្លាប់​ដោយសារ COVID-19
COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ឪពុកម្តាយ​ឈរ​ជួរមុខ​សង្គ្រោះ​ជីវិត​អ្នកដទៃ តែ​កូនស្រី​វ័យ​៥​ឆ្នាំ​ស្លាប់​ដោយសារ COVID-19
26, Apr 2020 , 9:30 pm        
រូបភាព
ដោយ: ធីតា
Skylar Herbert បាន​បាត់​បង់ជីវិត​ក្នុង​អាយុ​៥​ឆ្នាំ ដោយសារ COVID-19 នៅ​មន្ទីរពេទ្យ Beaumont Royal Oak ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ WXYZ កុមារី​ដែលមាន​ឪពុកម្តាយ​ជា​អ្នក​ឈរ​ជួរមុខ​ក្នុងការ​សង្គ្រោះ​ជីវិត​អ្នកដទៃ​រូបនេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 កាលពី​ខែមីនា ហើយ​បាន​វិ​វត្ត​ទៅជា​ជំងឺរលាកស្រោមខួរ និង​ហើម​នៅលើ​ខួរក្បាល​។​


 
«​យើង​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល COVID-19 បាន​ឆក់យក​ជីវិត​កុមារី​ដ៏​តូច​ម្នាក់​»​។ មន្ទីរពេទ្យ Beaumont Royal Oak បានចេញ​សេចក្តីថ្លែងការណ៍ និង​ចែករំលែក​ទុក្ខ​ក្រុមគ្រួសារ​របស់ Skylar ដោយមាន​ម្តាយ​ជា​មន្ត្រីប៉ូលិស​អស់​រយៈពេល​២៥​ឆ្នាំ និង​ឪពុក​ជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​អស់​រយៈពេល​១៨​ឆ្នាំ ប្រចាំ​នៅ​ក្រុង Detroit ដូចគ្នា​។​
 
​លោកស្រី Gretchen Whitmer អភិបាលរដ្ឋ Michigan បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ពួកគាត់ [​ឪពុកម្តាយ Skylar] ជា​អ្នក​ឈរ​ជួរមុខ​សង្គ្រោះ​ជីវិត​មនុស្ស ពួកគាត់​មិនគួរ​បាត់បង់​កូន​ដោយសារ​ជំងឺ​នេះ​ទេ​។ គ្មាន​អ្នកណា​ចង់បាន​បែបនេះ​ឡើយ​»​។​
 
​អ្នកស្រី LaVondria Herbert បាន​រៀបរាប់​ពី​កូនស្រី​ខ្លួន​ថា ជា​ក្មេង​ដែលមាន​ស្មារតី​ល្អ រីករាយ មាំទាំ មុននឹង​ធ្លាក់ខ្លួន​ឈឺ​។ ទោះបីជា​គាត់ និង​លោក Ebbie Herbert ដែលជា​ស្វាមី កំពុង​សោកសៅ​ក៏ដោយ ក៏​ពួកគាត់​បាន​ព្យាយាម​អំពាវនាវ​ដល់​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន បន្ត​ស្នាក់​នៅផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ពីព្រោះ​ពួកគាត់​មិន​ចង់ឃើញ​ការបាត់បង់​សមាជិកគ្រួសារ​ដូចជា​ពួកគាត់​នោះឡើយ​។​
 
​លោក Ebbie បាន​លើកឡើងថា​៖ «​ជំងឺ​នេះ មិន​ខ្វល់​ថា អ្នក​អាយុ​ប៉ុន្មាន អ្នកជា​ជនជាតិ​អ្វី និង​គាំទ្រ​នយោបាយ​ណា​នោះឡើយ​។ វា​មាន​គ្រោះថ្នាក់ និង​បំផ្លាញ​អ្នក​គ្រប់ពេល​។ ករណី​របស់ Skylar បង្ហាញ​ពិភពលោក​ថា រឿងរ៉ាវ​អាច​កើត​នៅ​គ្រប់​ក្រុមគ្រួសារ​»​។​
 
​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង COVID-19 ជាង​៩៦​ម៉ឺន​ករណី ស្លាប់​ជាង​៥៤០០០​នាក់ និង​សះស្បើយ​ជិត​១២​ម៉ឺន​នាក់​។ Michigan ជា​រដ្ឋ​ទី​៧​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ជាង​៣៧០០០ ក្នុងនោះ​ស្លាប់​ជាង​៣២០០​នាក់ និង​សះស្បើយ​ជាង​៣០០០០​នាក់​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com