ភ្នំពេញ៖ បញ្ហាកូវីដ-១៩នេះ បានធ្វើឱ្យអាជីវកម្មតូច-ធំ ប្រឈមនឹងការធ្លាក់ចុះចំណូល ដោយធ្វើឱ្យម្ចាស់អាជីវកម្មខ្លះត្រូវបង្ខំចិត្តបិទទ្វារ។ មិនខុសពីអាជីវកម្មផ្សេងៗ អ្នកប្រកបរបរលក់បន្លែ ត្រី សាច់ នៅតាមផ្ទះ ក៏បានត្អូញត្អែរ ពីការថយចុះចំណូល ទោះបីជា ពេលនេះពលរដ្ឋស្នាក់នៅផ្ទះច្រើនជាងពីមុន ដោយសារការពារឆ្លងជំងឺកូវីដ-១៩ ក្ដី តែពួកគាត់ក៏មិនបានចំណាយប្រាក់ច្រើនសម្រាប់ទិញម្ហូបដូចមុនដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខ្លី ដូចតទៅ៖
អ្នកស្រី ហេង ធា ជាអ្នកលក់បន្លែនៅតាមបណ្ដាលផ្លូវបេតុងលេខ១០៣ ទល់មុខសាលាបឋមសិក្សា ហ៊ុននាង បឹងត្របែកខាងកើត ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ បានប្រាប់ ThmeyThmey25 ថា រយៈពេលជាង២ខែមកនេះ របរលក់បន្លែ ត្រី សាច់ របស់អ្នកស្រីថយចុះយ៉ាងខ្លាំង។ ធ្លាប់តែរកចំណូលបាន បានពី ៥០-៦០ម៉ឺនរៀល តែពេលនេះអ្នកស្រី ធា អាចរកចំណូលបានត្រឹមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះរៀបរាប់ដូច្នេះថា៖ «លក់មិនដាច់ទេ អត់មានអ្នកទៅស្រុក តែស្ងាត់អត់សូវមានអ្នកទិញទេ។ តាមផ្លូវអ្នកជិះកង់ ជិះម៉ូតូក៏ស្ងាត់ដែរ»។
មិនខុសពីអ្នកស្រី ហេង ធា អ្នកលក់បន្លែនៅតាមបណ្ដោយផ្លូវ៥០៨ កែងនឹងផ្លូវ១០៣ខាងលើ គឺអ្នកស្រី អៀ សោភ័ណ្ឌ ក៏កំពុងជួបប្រទះការធ្លាក់ចុះចំណូលដែរ។ ធ្លាប់តែមានភ្ញៀវទិញជាហូរហែរ តែក្រោយពេលមានជំងឺកូវីដ-១៩នេះមក របរលក់បន្លែ ត្រី សាច់ របស់អ្នកស្រី សោភ័ណ្ឌ ប្រែជាស្ងាត់មិនសូវមានអ្នកទិញដូចពីមុន។
មានបទពិសោធលក់បន្លែនៅផ្ទះជាង១០ឆ្នាំ អ្នកស្រី សោភ័ណ្ឌ មិនដែលលក់ថយចំណូលខ្លាំងដូចពេលនេះឡើយ។ ទោះបីជា អតិថិជនរបស់អ្នកស្រី សោភ័ណ្ឌ ជាអ្នករស់នៅភូមិក្បែរៗអ្នកស្រីក៏ពិតមែន ប៉ុន្តែការរាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យពួកគេរកចំណូលមិនសូវបាន ផ្គួបផ្សំនឹងបន្លែមួយចំនួនឡើងថ្លៃផង គឺពួកគាត់ពុំមានលទ្ធភាពទិញបន្លែរបស់អ្នកស្រី សោភ័ណ្ឌ ច្រើនដូចមុនទៀតឡើយ។
អ្នកស្រី អៀ សោភ័ណ្ឌ បានរៀបរាប់ដូច្នេះថា៖ «អំឡុងពេលហ្នឹង លក់សាច់ដាច់ជាងបន្លែ, សាច់ជ្រូកសាច់គោ គេទិញ១-២ខាំអាចស្លបាន។ បន្លែលក់មិនសូវដាច់ ដោយសារឡើងថ្លៃ គេមិនសូវហ៊ានហូប កាលមុនតម្លៃ១គីឡូ តែ១-២ពាន់រៀលទេ តែឥលូវឡើង៣-៤ពាន់រៀល បន្លែខ្លះឡើងដល់៦ពាន់រៀលក៏មាន។ ខ្ញុំកាត់បន្ថយការបញ្ជាទិញពីផ្សារជាងពាក់កណ្ដាលហើយ នៅតែសល់ទៀត»។ អ្នកស្រីបានបញ្ជាក់ដូច្នេះថា ពីមុនមានការឆ្លងជំងឺកូវីដ-១៩ អ្នកស្រីលក់បានចន្លោះពី៨0ទៅ៩០ម៉ឺនរៀលក្នុងមួយថ្ងៃ តែសព្វថ្ងៃ គឺលក់បានត្រឹមតែជាង៣០ម៉ឺនរៀលប៉ុណ្ណោះ។
បើទោះជា ចំណូលធ្លាក់ចុះជាងពាក់កណ្តាល ហើយព្រួយខ្លាចឆ្លងជំងឺកូវីដ-១៩ ផងនោះ តែស្ត្រីវ័យ៤៨ឆ្នាំរូបនេះ មិនមានគម្រោង បិទអាជីវកម្មខ្លួនឡើយ។ លើសពីនេះអ្នកស្រីបានរក្សាអនាម័យយ៉ាងខ្ជាប់ខ្ជួន ដោយរក្សាគម្លាតជាមួយអ្នកទិញ លាងដៃជាមួយអាល់កុល និងបាញ់លុយនឹងទឹកអាល់កុល ក្រោយពេលទទួលលុយពីអ្នកទិញ។
និយយាពីតូបលក់បន្លែ ត្រី សាច់ ម្នាក់ទៀតដែលនៅក្បែរនឹងផ្លូវកែងរវាងផ្លូវលេខ១០៣ និងផ្លូវលេខ៥០៨ ពោលគឺនៅចន្លោះកណ្តាលនៃតូបលក់បន្លែរបស់អ្នកស្រី ហេង ធា និងអ្នកស្រី អៀ សោភ័ណ្ឌ គឺជាតូបលក់បន្លែរបស់អ្នកស្រី ពិន ឡា។ ខុសពីអ្នកលក់បន្លែពីរនាក់ខាងលើ របរលក់បន្លែ អ្នកស្រី ឡា រកចំណូលបានធម្មតាដូចមុនៗដែរ ពោលគឺ ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបាន២០ម៉ឺនរៀល ហើយអតិថិជនដែលមកទិញបន្លែ ត្រី សាច់ ភាគច្រើនជាអ្នករស់ក្បែរៗផ្ទះអ្នកស្រី មិនសូវមានអ្នកចម្ងាយនោះឡើយ។
ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បានរៀបរាប់ដូច្នេះថា៖«លក់បានធម្មតា មិនស្ងាត់មិនដាច់ខ្លាំង គឺដូចតែមុនអីចឹង ព្រោះគេមិនសូវទៅផ្សារ គេទិញយើង អ្នកខ្លះគេទៅផ្សារទិញឥវ៉ាន់មកស្តុកទុក ពេលខ្វះរបស់តិចតួចគេទិញយើង។ គេមិនទៅផ្សារញឹកញាប់ដូចមុនទេ ព្រោះគេខ្លាចជំងឺកូវីដ-១៩»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៤ ខែ មេសានេះ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន ១២២នាក់ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន១១០នាក់ ខណៈអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកកើតជាង២,៧លាននាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៧៥ម៉ឺននាក់ និងស្លាប់ជាង ១៩ម៉ឺននាក់៕