ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកយាយ​សួន សា​លឹម វ័យ​៧២​ឆ្នាំ ពឹង​របរ​វេច​នំអន្សម នំ​បត់​លក់ ចិញ្ចឹម​ចៅ​កំព្រា​
26, Apr 2020 , 7:59 pm        
រូបភាព
​កណ្ដាល​៖ ត្រូវ​ក្រោក​នៅ​ម៉ោង​ប្រមាណ​១០​យប់ ឬ​យឺត​ជាង​នេះ​បន្តិចបន្តួច អាស្រ័យ​លើ​សុខភាព អ្នកស្រី សួន សា​លឹម ចាប់ផ្ដើម​រៀបចំ​គ្រឿងផ្សំ​ទាំងឡាយ​ជា​បន្តបន្ទាប់ រហូតដល់​ម៉ោង​ប្រហែល​៥ ទៅ​៦​ព្រឹក ហើយ​បន្ត​វេច​នំ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​។ សម្រាក​បាន​បន្តិច ទម្រាំ​នំ​ឆ្អិន អ្នកស្រី​ត្រូវ​ជិះ​កង់​ដើរ​លក់​បន្តទៀត​។ មានមុខ​របរ​លក់​នំអន្សមជ្រូក អន្សម​ផ្អែម អន្សមចំហុយ ចេក​ក្រឡុក នំគម និង​នំល្ពៅ ជាដើម អ្នកស្រី សួន សា​លឹម ដែលមាន​ជន្មាយុ​៧២​ឆ្នាំ ទីពឹង​ការលក់​នំ​ទាំងនេះ ដើម្បី​ចិញ្ចឹម​កូន​នៅ​ចៅ​កំព្រា​ឪពុកម្ដាយ​។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

 
​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល លោកយាយ សួន សា​លឹម ដែល​ទើបតែ​ត្រឡប់​មកពី​ពេទ្យ ដើម្បី​ចាក់​ថ្នាំ​ឈឺចង្កេះ​នា​ម៉ោង​៨​ព្រឹក បាន​រៀប​រាប់ទាំង​អាការ​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​នៅ​មិន​សុខ ក៏​ព្រោះតែ​ការឈឺចាប់​ថា មុខរបរ​លក់​នំអន្សម​នេះ បាន​ជួយ​ឱ្យ​អ្នកស្រី ចិញ្ចឹម​កូន និង​ចៅ​កំព្រា​ឱ្យបាន​រៀនសូត្រ​។ «​ប្រវត្តិ​ត្រូវ​តស៊ូ ព្រោះ​ត្រូវ​ចិញ្ចឹម​កូន និង​ចៅ​ថែមទៀត​។ ពីមុន​ខ្ញុំ​ចិញ្ចឹម​ចៅ​៥​នាក់ តែ​ឥឡូវ​ចិញ្ចឹម​តែ​ចៅ​៣​នាក់​ទេ ព្រោះ​២​នាក់​ទៀត​គេ​ទៅ​ម្ដាយ​គេ​ហើយ​។ ឱ្យគេ​ទៅ​ទីនោះ​ខ្លះទៅ ឱ្យ​ខ្ញុំ​ធូរ​បន្តិច​»​។ នេះ​ជាការ​បញ្ជាក់​របស់​ដូនចាស់​វ័យ​៧២​ឆ្នាំ​។​
 
​ប្រកប​របរ​លក់​នំ​នេះ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ មកដល់​ពេលបច្ចុប្បន្ន ស្ត្រី​សម្បុរ​ស តែ​ប្រែជា​ស្រអាប់ ដោយសារ​ការធ្វើការ​ហួសកម្លាំង​រូបនេះ មិនអាច​វេច​នំ​ច្រើន​មុខ​លក់​រាល់ថ្ងៃ ដូច​កាលពីមុន​បានឡើយ ព្រោះតែ​ជំងឺ​រួបរឹត​។ ទោះជា​ឈឺ​យ៉ាងណាក៏ដោយ ក៏​ស្ត្រី​ចំណាស់ ដែលមាន​កូន​១០​នាក់​រូបនេះ នៅតែ​ប្រឹង​វេច​នំ​ខ្លះ ទៅតាម​កម្លាំង​ដែល​នៅ​សេសសល់​ដែរ​។ អ្នកស្រី​ត្អូញត្អែរ ពី​ការឈឺចាប់​ដោយ​ជំងឺ​ដូច្នេះ​៖«​វេច​រាល់ថ្ងៃ​៥​មុខ ឬ​៦​មុខ បើ​កម្លាំង​វា​ស្រួល តែ​ថ្ងៃនេះ​វេច​តែ​៣​មុខ​ទេ គឺ​ចេក​ក្រឡុក នំគម នំល្ពៅ​ព្រោះ​អត់​ស្រួលខ្លួន​។ អ៊ីចឹង​បានកូនៗ​វា​ឆ្ងល់​ខ្ញុំ​ថា ហេតុ​អី​ម៉ែ​ធ្លាប់​ឡើង​ពី​យប់ៗ ជួនកាល​ម៉ោង​១០​យប់​ទល់​ភ្លឺ ជួន​ម៉ោង​១២​យប់ ទល់​ភ្លឺ​ក៏មានដែរ ហេតុ​អី​ម៉ែ​មិន​ឡើង​ទៀត​។ ដល់​ឥឡូវ​វា​មិន​ស្រួលខ្លួន វា​ឈឺចង្កេះ ហើយ​វាចា​ក់មក​ឆ្អឹងជំនីរ ចាក់​ពោះ ហើយ​វាច​ង់​ចាក់ៗ​ជើង ឱ្យ​យើង​ដើរ​មិន​ចង់​រួច​»​។​
  
​ដោយ​ត្រូវ​វេច​នំ​ប្រមាណ​ជា​៥​ទៅ​៦​មុខ ជា​រៀងរាល់ថ្ងៃ អ្នកស្រី សា​លឹម ត្រូវ​ក្រោកពីដំណេក​នៅ​ម៉ោង​១០ ជិត​ពាក់កណ្ដាល​អធ្រាត្រ ឬ​យឺត​ជាង​នេះ​បន្តិចបន្តួច អាស្រ័យ​លើ​សុខភាព ដើម្បី​រៀបចំ​គ្រឿងផ្សំ​ទាំងឡាយ​។ «​វេច​ល្ពៅ​មួយ​គីឡូ នំគម និង​ចេក​ក្រឡុក​មួយ​មុខ​មួយ​គីឡូ​។ ចាប់ផ្ដើម​មុនដំបូង ចិត​សម្បក​ល្ពៅ ចិត​ហើយ​លាង​ទឹក​ឱ្យ​ស្អាត យកទៅ​ទុក​ហាល រួចមក​កិន​ម្សៅ​។ បើ​ស្លឹកចេក​គេ​ជូត​ពី​ល្ងាច​រួចហើយ ខ្ញុំ​ចាប់ផ្ដើម​វេច​។ វេច​ពី​ថ្មើរ​ហ្នឹង (​ម៉ោង​៨​ព្រឹក​) រហូតដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ទើប​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក​យាយ សា​លឹម​។​
 
​មិនមែន​លោកយាយ មិនចេះ​ងងុយគេង​ទេ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព ទើប​តម្រូវឱ្យ​លោកយាយ ត្រូវ​ប្រឹងប្រែង​បែបនេះ​។ មាន​សក់ស និង​ស្បែក​ជ្រីវជ្រួញ ស្ត្រី​រូបនេះ បាន​បន្ថែមថា​៖«​ខ្ញុំ​ងងុយ​ខ្ញុំ​ទៅ​ដេក​បន្តិច​ទៅ ដល់​នំ​គេ​ស្ងោរ​ឆ្អិន ខ្ញុំ​ដាក់​ថាស​ទៅ​លក់​រាល់ថ្ងៃ​ទៅ ហ្នឹង​មិន​ឈឺ​ណា​។ ដល់​ឆ្នាំនេះ​ខ្ញុំ​ឈឺ​ច្រើនណាស់ បើ​មិន​រក​មិនមាន​មុខរបរ​អ្វី បើ​ធ្វើ​ចម្ការ​កម្លាំង​ខ្ញុំ​ទៅ​មិន​រួច​»​។​
​អង្គុយ​ប្រះ​ចុះ​ប្រះ​ឡើង​នៅ​មិន​សុខ ព្រោះ​ជំងឺ​ឈឺចង្កេះ​ចេះតែធ្វើ​ទុក្ខ ស្ត្រី​វ័យ​ចំណាស់​ដែល​ស្លាប់​កូន​៣​រូបនេះ ត្រូវ​យកនំ​ទៅ​លក់​រាល់ថ្ងៃ ដោយ​ដាក់​លើ​កង់​កញ្ចាស់​មួយ ហើយ​អ្នកស្រី​ត្រូវ​អំពាវនាវ​ដោយ​មាត់ ដើម្បីឱ្យ​អ្នកភូមិ​ដឹងថា​មាន​នំ​លក់​។ លោកយាយ​បន្ត​ដូច្នេះ​៖«​មាន​នំ​ប៉ុន្មាន​ខ្ញុំ​ហៅ​គ្រប់មុខ​តែម្ដង​ឱ្យគេ​ដឹង​។ គេ​សួរ យាយ​មាន​នំ​អ្វី​? មាន​នំគម​។ មាន​នំ​អ្វី​ទៀត​? នំអន្សម​ចំហុយ នំ​ចេក​ក្រឡុក អន្សមជ្រូក អន្សម​ផ្អែម គេ​ចូលចិត្ត​អ្វី​គេ​រើស​យកទៅ​។ បាន​ដើរ​ទេ បើ​មិន​ដើរ​លក់​មិន​ដាច់​ទេ​។ ពេលណា​គេ​ហៅ ដើរចូល​ផ្ទះ​គេ​ទៅ​»​។​
  
​កាល​នៅមាន​កម្លាំង​ជីដូន ដែល​នៅ​ឃុំគ្រង​ចៅ​កំព្រា​៣​នាក់​រូបនេះ អាច​ជិះ​កង់​ទៅ​លក់បាន​ឆ្ងាយ ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារ​ខ្លួន​កាន់តែ​ចាស់ កម្លាំង​ក៏​ចុះ​ទ្រុឌទ្រោម ដូច្នោះ​ហើយ​អ្នកស្រី អាច​ជិះ​កង់​បានតែ​ចម្ងាយ​ជិត​តែប៉ុណ្ណោះ​។ «​អ្នកខ្លះ​គេ​ចូលចិត្ត​នំល្ពៅ គេ​ទិញ​ល្ពៅ​ទៅ​។ នៅ​ត្បូង​នៅ​ព្រែក​គយ គេ​ច្រើន​ទិញ​អន្សម​ផ្អែម ហើយ​អន្សមចេក​ក៏​គេ​ចូលចិត្ត​ដែរ​។ ឱ្យតែ​មាន​គេ​ទិញ​តែ​ទាំងអស់​ហ្នឹង ខ្ញុំ​ដើរ​អ៊ីចឹង​គេ​ត្រូវការ​គ្រប់មុខ​ទាំងអស់ គេ​ចង់បាន​អ្វី​គេ​យក​ហ្នឹង​ទៅ​។ ថ្ងៃ​ណា​ត្រូវ​ដាច់​អ៊ីចឹង ទៅ​ប្រហែល​១​ម៉ោង ឬ​១​ម៉ោងជាង​មកដល់​ផ្ទះ​វិញ​ហើយ ជួនកាល​២​ម៉ោង ឬ​៣​ម៉ោង​មកដល់​ផ្ទះ​វិញ​ក៏មាន​»​។ នេះ​ជាការ​បន្ថែម​របស់លោក​យាយ សា​លឹម​។​
 
​ជា​ជំហរ​តែមួយគត់ ក្នុងការ​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ទាំងមូល ដែលមាន​សមាជិក​៥​នាក់ អ្នកស្រី សា​លឹម ដែល​កូនៗ​បែក​គ្រួសារ​អស់​ទៅហើយនោះ នៅតែ​ប្រឹង​ទៅ​លក់​នំ បើទោះបីជា​ឈឺ​ធ្ងន់​យ៉ាងណាក៏ដោយ ឱ្យតែ​នៅមាន​កម្លាំង​។​
  
​មានកូន​ស្រី​ម្នា​ក់នៅ​ជួយ​វេច​នំ​អ្នកស្រី​ដែរ ហើយ​ចៅ​ក៏​ជួយ​យកនំ​ទៅ​លក់​ខ្លះ​ដែរ តែ​ទោះជា​យ៉ាងណា​បន្ទុក​ធំ​ក្នុង​ការលក់​នំ​នេះ នៅតែ​ធ្លា​ក់លើ​អ្នកស្រី​ដដែល​។ ស្ត្រី​វ័យ​៧២​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​លក់​មុខ​រោងចក្រ ផ្ញើឱ្យ​ចៅ​ឱ្យ​កូន​ជួយ​លក់បាន​បន្តិច​ប​ន្ទួ​ច តែបើ​លក់​តាម​កង់​ខ្ញុំ​យកទៅលក់​ច្រើន ព្រោះ​លក់​នៅ​រោងចក្រ​វា​មិនសូវ​ដាច់​។ ដូច​ថ្ងៃនេះ លក់​ចេកស្ងោរ​មិន​អស់​ផង បើ​ខ្ញុំ​ដើរ​បាន​អស់​ទៅ គេ​ឃើញ​ខ្ញុំ​ទៅ​លក់​គេ​ដឹង អ្នកខ្លះ​គេ​ទិញ​១​ពាន់ អ្នកខ្លះ​២​ពាន់​ហើយ​អ្នកខ្លះ​៥​ពាន់ យួន ចិន ធ្លាប់​ទិញ​បេះ​ស្វាយ ជួន​គេ​យកនំ​អន្សម​១០ ជួន​យកនំ​ល្ពៅ​១០​ឬ​២០ អានេះ​ឆាប់​អស់ហើយ​»​។​
 
​លក់​រាល់ថ្ងៃ​ក៏ពិតមែន​ប៉ុន្តែ​អ្នកស្រី សួន សា​លឹម មិនអាច​ដឹងបាន​ឡើយ​ថា មួយថ្ងៃ​អ្នកស្រី​ចំណេញ​បាន​ប្រាក់​ប៉ុន្មាន តែ​អ្នកស្រី​អាច​ទូទាត់​បាន នៅពេលដែល​លក់​អស់​ស្ករ​មួយ​បាវ​។​«​ចំណាំតែ​អស់​ស្ករ​មួយ​បាវ ទូទាត់​ឱ្យ​កូនចៅ​ហូប​ហើយ ចំណាយ​លើ​ម្ហូប​រួចហើយ បាន​៨០​ម៉ឺន​ឬ​៧០​ម៉ឺន​ដែរ តែ​ទម្រាំ​អស់​ស្ករ​ប្រហែល​២​ខែ​ដែរ​។ ស្ករ​នេះ​មិនមែន​ធ្វើ​តែ​នំ​ទេ ហូប និង​ស្ល នៅ​ជាមួយគ្នា​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​យាយ​។​
  
​ថ្វីដ្បិតតែ​លក់​នំ ដើម្បី​បាន​ប្រាក់ចំណេញ​ក្ដី ប៉ុន្តែ​ស្ត្រី​ដែល​ហត់នឿយ​តាំងពីក្មេង រហូតដល់​វ័យ​កាន់តែ​ជ្រេ ប្រៀបបាន​នឹង​ព្រះអាទិត្យ​ជិត​អស់​ស្ដង់​គត់​ទៅហើយ​នេះ ក៏​មិន​ដាច់ចិត្ត​លក់​យកប្រាក់​ពី​ចាស់ជរា ជនពិការ ឬ​ក្មេង​ក្រីក្រ​ឡើយ​។ លោកយាយ សា​លឹម បាន​បន្ថែម​ដូច្នេះ​ថា​៖«​ឃើញ​អ្នក​ពិការ​គ្នា​រក​អ្វី​មិនបាន អត់​មាន​ប្រពន្ធ​កូន ខ្ញុំ​ជូន​នំ​២​ទៅ ជួប​ចាស់ៗ​ជូន​នំ​២​ទៅ ជួនកាល​សិស្សសាលា កូន​គេ​មាន​លុយ​ទិញ កូន​ហ្នឹង​មកឈរ​មើល អត់លុយ​ទិញ ខ្ញុំ​ឱ្យទៅ​។ វា​មិន​ទៀងទេ​នឹកឃើញ​យើង​ចាស់​ហើយ ស្លាប់ទៅ​វា​មាន​ហូប​។ អា​ស្ដំ​(​ជនពិការ​) ខ្ញុំ​ឱ្យ​រាល់ថ្ងៃ នៅ​ថ្ងៃមួយ​វា​រាដៃ ថា​មីង​ខ្ញុំ​ហូប​ឆ្អែត​ហើយ​»​។​
 
​ដោយសារតែ​ជំងឺ​រួបរឹត​កាន់តែខ្លាំង អ្នកលក់​នំ​វ័យ​ចំណាស់​រូបនេះ ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការធ្វើ​នំ​ខ្លះ​។ «​ម្សិលមិញ​ខ្ញុំ​ប្រាប់​អ្នកលក់​ល្ពៅ​ថា បង្អង់​សិន​ហើយ ព្រោះ​ខ្ញុំ​ឈឺចង្កេះ​ណាស់ បើ​យក​ក៏​យក​តិចតួច​ដែរ​។ ដេក​គិត​យប់មិញ​ហ្នឹង គេ​ហៅ​ឱ្យ​ទិញ​ដំឡូងឈើ និង​ដំឡូងជ្វា យកមក​ធ្វើ​នំ​លក់ អាហ្នឹង​វា​មិន​ចុះ​អង្ករ​។ យើង​គ្រាន់តែ​ឈូស ហើយ​វេច​ទៅ​។ ដំឡូង​មួយ​គីឡូ​៦០០(​រៀល​) ហើយ​ខ្ញុំ​លក់​នំ​មួយ​៥០០(​រៀល​)»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​យាយ​៕
 




Tag:
 កណ្ដាល​
 ​ នំអន្សម​
 ​ នំ​បត់
© រក្សាសិទ្ធិដោយ thmeythmey.com