ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាសនិក​ឥស្លាម​អនុវត្តន៍​ការ​មិន​ជួបជុំ​ក្នុង​ខែ​រ៉​ម៉ា​ឌន ដើម្បី​ទប់ស្កាត់​ការឆ្លង​COVID-19​ក្នុង​សហគមន៍​
26, Apr 2020 , 8:59 pm        
រូបភាព
credit-សាសនិកឥស្លាម-ក្នុងពិធីចែកកញ្ចប់ស្រាយបួសក្នុងខែរ៉ម៉ាឌន-ក្នុងបរិវេណវិហារឥស្លាម-អាន់នៀកម៉ាស់-ភូមិស្ទឹងថ្មី-ខេត្តសៀមរាប-នាថ្ងៃទី២២-មេសា-ឆ្នាំ២០២០។
credit-សាសនិកឥស្លាម-ក្នុងពិធីចែកកញ្ចប់ស្រាយបួសក្នុងខែរ៉ម៉ាឌន-ក្នុងបរិវេណវិហារឥស្លាម-អាន់នៀកម៉ាស់-ភូមិស្ទឹងថ្មី-ខេត្តសៀមរាប-នាថ្ងៃទី២២-មេសា-ឆ្នាំ២០២០។
​សៀមរាប​៖ នៅ​ឆ្នាំ​២០២០​នេះ សាសនិក​ឥស្លាម​កម្ពុជា បានចាប់ផ្តើម​ខែ​រ៉​ម៉ា​ឌន ឬ​ខែ​បួស​ពី​ថ្ងៃទី​២៤ មេសា ដែល​ត្រូវ​នឹង​ថ្ងៃ​១​កើត ខែ​រ៉​ម៉ា​ឌន​។ ខុសពី​រាល់​ឆ្នាំ ពិធីបុណ្យ​រ៉​ម៉ា​ឌន​នៅ​ឆ្នាំនេះ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្ដិច​ដោយសារ​ការ​យារ​យី​ពី​ជំងឺ​កូ​វីដ​១៩​។ សាសនិក​ឥស្លាម​ទាំងអស់ តម្រូវឱ្យ​ស្រាយ​បួស និង​ថ្វាយបង្គំ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយ​ហាម​ការជួបជុំ​នានា​។ ការហាម​ប្រាណ​នេះ មិនមែនជា​បញ្ហា​អ្វី​ឡើយ ផ្ទុយទៅវិញ​សាសនិក​ឥស្លាម​ប្រាប់ថា ពួកគេ​ព្រម​អនុវត្តន៍​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 
​បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា មាន​សភាព​ធូរស្រាល​ខ្លាំង​ក៏ពិតមែន តែ​ក្រសួងសុខាភិបាល​បាន​បន្ត​ដាស់តឿន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​មើលស្រាល​ជំងឺ​នេះឡើយ​។ ន័យ​ដូច្នេះ ការជួបជុំ​នានា​ក៏ត្រូវ​បន្ត​ហាមឃាត់​ដែរ​។​
 
​សហគមន៍​ខ្មែរឥស្លាម កំពុង​ប្រតិបត្តិ​ខែ​រ៉​ម៉ា​ឌន​របស់ខ្លួន ដែលជា​ធម្មតា​នៅពេល​ល្ងាច​ពួកគេ​តែងមាន​ការជួបជុំ​នៅតាម​វិហារ​សាសនា ក្នុងន័យ​ស្រាយ​បួស​រួមគ្នា​។ រីឯ​ពេលយប់ មានការ​ថ្វាយបង្គំ​រួមគ្នា​តាម​វិហារ​ផងដែរ​។ នៅ​ឆ្នាំនេះ ការ​ប្រតិ​ប​ត្ដិ​ជួបជុំ​ដូច្នេះ ត្រូវបាន​ហាមឃាត់​។ សាសនិក​ឥស្លាម​ទាំងអស់ តម្រូវឱ្យ​ប្រតិបត្តិការ​ថ្វាយបង្គំ​តា​រ៉​វេ​ហ្វ (​ថ្វាយបង្គំ​ពេលយប់​នៅក្នុង​ខែ​រ៉​ម៉ា​ឌន​) នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ការ​ស្រាយ​បួស​ហូប​អាហារ​ក៏​ដូច្នោះ​ដែរ​។​
 
​លោក កូប ស្មា​អែល កូន​បង្រៀន​សាសនា​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប យល់ថា សាសនិក​ឥស្លាម​ទាំងអស់ ចាំបាច់​ត្រូវគោរព​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​។ ថ្នាក់ដឹកនាំ​ដែល​លោក​ចង់​សំដៅ​នោះ មាន​ទាំង​រាជរដ្ឋាភិបាល និង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។ លោក​បន្ថែមថា បទបញ្ជា​ទាំងឡាយ​ក្នុងន័យ​ដើម្បី​ការការពារ និង​ដើម្បី​រក្សា​អាយុជីវិត​របស់​សាសនិក​ឥស្លាម​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​មិនមែន​ជាការ​រិត​ត្បិត​អ្វី​ឡើយ​។​
 
​ក្រៅពី​បង្ហាញ​ការអនុវត្ត​តាម​បទបញ្ជា​មេដឹកនាំ ក្នុងនោះ​លោក កូប ស្មា​អែល ក៏​ហាក់​មានការ​សោកស្ដាយ​ផងដែរ នៅពេលដែល​ឆ្នាំនេះ​ខែ​រ៉​ម៉ា​ឌន មិនបាន​ជួបជុំ​ថ្វាយបង្គំ​ឬ​ស្រាយ​បួស​រួមគ្នា​តាម​វិហារ​សាសនា​។ យ៉ាងណា​លោក​យល់ថា ការអនុវត្ត​តាម​បទបញ្ជា គឺជា​ការល្អប្រសើរ​បំផុត​។​
  
វិហារឥស្លាមភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

​ចំណែក​មេដឹកនាំ​សាសនា​ក្នុង​វិហារ​រ៉​ហ្វី​អ៉ះ ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស​នោះ​វិញ ក៏បាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​គោរព​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល និង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា​ដែរ​។ លោក ត្រេស អែល ប្រាប់ថា ជា​កិច្ច​ការដែល​សំខាន់បំផុត​ដែល​សាសនា​ឥស្លាម​បង្រៀន​ឱ្យ​អ្នកប្រតិបត្តិ​គ្រប់រូប ត្រូវគោរព​តាម​បទបញ្ជា​របស់​មេដឹកនាំ ដ្បិតថា​មេដឹកនាំ​ទាំងនោះ​ជា​អ្នកទទួលខុសត្រូវ​រាល់​បញ្ហា​កើតឡើង​។​
 
​គ្រូបង្រៀន​សាសនា​ឥស្លាម​មួយរូប​ទៀត​នៅ​សហគមន៍​ក្នុង​ខេត្តសៀមរាប លោក អូស្មាន ពិន សឡេះ ក៏បាន​ចូលរួម​ផ្សព្វផ្សាយ រាល់​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​ដល់​សហគមន៍​ខ្លួន​ដែរ​។ លោក​ប្រាប់ថា សហគមន៍​ឥស្លាម​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ បាន​យល់ដឹង​ច្រើន​ពី​វិធី​បង្ការ ការទប់ស្កាត់ និង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ស្រាយ​បួស​តាម​ផ្ទះ​ក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន​នេះ​។​
 
​ចំពោះ​ការអនុវត្ត​ការ​ស្រាយ​បួស និង​ការ​ថ្វាយបង្គំ​តា​រ៉​វេ​ហ្វ​នៅតាម​ផ្ទះ ដែល​ខុសពី​រាល់​ឆ្នាំ គ្រូបង្រៀន​សាសនា​ឥស្លាម លោក កូប ស្មា​អែល ប្រាប់ថា​ការអនុវត្ត​បែបនេះ​គឺ​សាសនិក​ទាំងអស់​នឹង​ទទួលផល​បុណ្យ​ដូច​ការធ្វើ​នៅ​វិហា​រដែរ​។ លោក​ពន្យល់ថា ការគោរព​ប្រណិប័តន៍​គឺ​ស្ថិតក្នុង​ចិត្ត​របស់​យើង​គ្រប់រូប ចង់​យើង​ទៅ​គោរព​ក្នុង​វិហារ​ណាស់ តែ​កាលៈទេសៈ​នេះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ស្ដាប់​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។ លោក​បន្ថែមថា​៖« បើ​យើង​ជួបជុំគ្នា​វា​អាចឱ្យ​ការឆ្លង​នោះ កាន់តែ​ឆាប់រហ័ស ទី​១​យើង​រក្សា​ឱ្យបាន​នូវ​សុខ​សប្បាយ ដើម្បី​សេចក្ដីសុខ​ទាំងអស់គ្នា អ​ល់​ឡោះ​ផ្តល់​ផល​បុណ្យ​ឱ្យ​យើង​ដូចគ្នា​ទៅនឹង​ការថ្វាយ​បង្គំ​ជុំគ្នា​នោះដែរ​»​។​
 
​នៅ​ពាក់​កណ្ដាលខែ មីនា កន្លងទៅ សហគមន៍​ឥស្លាម​ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២៣​នាក់ ក្នុងចំណោម​មនុស្ស​៧៩​នាក់ ដែល​បាន​ទៅ​ចូលរួម​បុណ្យ​សាសនា​នៅ​ទីនោះ​។ បុរស​ទាំង​នោះបាន​ចម្លង​ទៅ​ប្រពន្ធ​និង​កូន​ចំនួន​៨​នាក់​ទៀត ហើយ​ក្រោយមក​ក្រសួងសុខាភិបាល​បាន​រកឃើញ​ពលរដ្ឋ​ខ្មែរឥស្លាម​ដែល​វិលត្រឡប់​ពី​ម៉ាឡេស៊ី​វិញ ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​បន្ថែម​។ ដូច្នេះ​សរុប​សហគមន៍​ឥស្លាម​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​៣៣​នាក់ បច្ចុប្បន្ន​ជាសះស្បើយ​៣២​នាក់ នៅសល់​ម្នាក់​ដែលមាន​អាយុ​ច្រើន និង​មាន​ជំងឺ​ប្រចាំកាយ​៕
 
 
 

Tag:
 ខែ​រ៉​ម៉ា​ឌន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com