ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ ដាំ​ឈើ​ហូប​ផ្លែ​និង​បន្លែ​ជាង​១០​ប្រភេទ សម្រាប់​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​
26, Apr 2020 , 9:59 pm        
រូបភាព
​កណ្ដាល​៖ មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល មាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ដូចជា ដូង ស្វាយ មៀន ចេក ទៀប ល្ហុង ក្រូច ខ្នុរ ម្កាក់ ព្រីង និង​ពោត​ជាដើម​។ ក្រៅពី​ឈើ​ហូប​ផ្លែ​ទី​អារាម​នេះ​ក៏មាន​ដាំ ត្រឡាច ម្ទេស ខ្ទឹម ជី រំដេង រមៀត ក្ដាត ដំឡូងឈើ និង​មាន​ច្រើន​ទៀត សម្រាប់​ធ្វើជា​ចង្ហាន់​ព្រះសង្ឃ​។ 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖

​ស្ថិតនៅ​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​ប្រហែល​ជិត​១​គីឡូម៉ែត្រ ទី​អារាម​ដែល​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​ស្វាយ​របស់​អ្នកភូមិ​នេះ មាន​ព្រះសង្ឃ​គង់នៅ​៦​អង្គ និង​មាន​យាយជី​២​រូប អាស្រ័យ​ជាប្រចាំ​។ នា​ម៉ោង​ប្រមាណ​៨​ព្រឹក មណ្ឌល​វិបស្សនាធុរៈ ដែលមាន​ផ្ទៃដី​ប្រមាណ​ជា​១​ហិកតា​នេះ មានកូន​អ្នកភូមិ​ប្រមាណ​ជា​៧​នាក់ កំពុង​យក​ដំបង​គប់​ទៅ​ដើម​ព្រីង​ធំ​មួយ ដើម្បី​បាន​ផ្លែ​ចែកគ្នា​ទទួលទាន​។ 
 
​លម្អ​ដោយ​ដើម​អំពិល​បារាំង​យ៉ាង​ធំ​ស្កឹមស្កៃ​ជាច្រើន​ដើម ញាំ​ង​ឱ្យ​ទី​អារាម​នេះ មាន​ម្លប់​គួរ​ជាទី​ចង់​សម្រាកលំហែ​។ ខ្នុរ​មាន​ផ្លែ​តូចធំ​ជាច្រើន​ដើម ហើយ​មៀន​ផ្កា​ពេញ​ដើម រួមទាំង​ឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត នៅ​ពាសពេញ​ដី ក៏បាន​ជួយ​លើក​សោភ័ណភាព​ទី​អារាម​នេះ​មួយកម្រិត​ទៀត​។ មិនមាន​ដាំ​ជា​ចម្ការ ឬ​ដាំ​ជា​ទ្រុងទ្រាយ​ធំ​ឡើយ ឈើ​ហូប​ផ្លែ ក៏ដូចជា​បន្លែ ដែល​ដាំ​ក្នុង​មណ្ឌល​វិបស្សនា​នេះ គឺ​ដាំ​នៅត្រង់​នេះ​បន្តិច​ត្រង់នោះ​បន្តិច ដោយ​ភាគច្រើន​ដាំ​នៅតាម​ព្រំដី​របស់​អារាម និង​នៅតាម​មាត់​ស្រះ​។​
  
​លោកយាយ ញឹម សយ ជា​ដូនជី​ដែល​មក​សំណាក់​ធម៌​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់​នេះ ដែល​កំពុង​ដើរទៅ​ជិត​ដើម​ខ្នុរ មាន​ផ្លែ​ធំៗ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំណាំ​នៅក្នុង​ទី​អារាម​នេះ មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ដាំ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ដើម្បី​ធ្វើជា​ចង្ហាន់​ព្រះសង្ឃ​។ លោកយាយ​បន្ថែមទៀតថា ដំណាំ​ខ្លះ​អាច​ប្រមូល​ផល​បាន​ច្រើន និង​មាន​អ្នក​មក​ទិញ​ដែរ ហើយ​ប្រាក់កម្រៃ​ដែល​ទទួលបាន​គឺ​ទុក​សម្រាប់​ទិញ​ចង្ហាន់​ព្រះសង្ឃ​។​
 
​លោកយាយ​ដែលមាន​ជន្មាយុ​៦៧​ឆ្នាំ​រូបនេះ ពន្យល់​ដោយ​ភ្នែក​សម្លឹង​មើលទៅ​ដំណាំ​ផ្សេងៗ​ដូច្នេះ​៖«​ដាំ​ដំណាំ​ទាំងនេះ​ដើម្បី​បាន​បន្លែ​ធម្មជាតិ​ខ្លះ កុំឱ្យ​ទិញ​តែ​បន្លែ​គេ​ពេក​។ ដាំដំឡូង​មី បាន​ស្ងោ​ប្រគេន​ព្រះសង្ឃ​បាន​ច្រើនដង​ដែរ តែ​ឥឡូវ​ងាប់​ជិត​អស់ហើយ ព្រោះ​វា​ក្ដៅ​ពេក នៅចាំ​តែ​ដាំ​សារ​ថ្មី​ទេ​។ រមៀត​បើ​គាស់​វិញ បាន​ប្រហែល​២០០​ទៅ​៣០០​គីឡូក្រាម​ដែរ ហើយ ខ្នុរ និង ចេក បាន​លក់​ខ្លះ​ដែរ​»​។ 
  
​ចំណែក​លោកតា គឹ​ន ខន ដែលមាន​ជន្មាយុ​៧៧​ឆ្នាំ បានមក​ជួយ​កិច្ចការ​មណ្ឌល ដូចជា​លើកដី​ចាក់​បំពេញ​ការដ្ឋាន ដើម្បី​សាងសង់​ព្រះវិហារ និង​កិច្ចការ​មួយចំនួនទៀត ។ ឆ្លៀត​ពី​កិច្ចការ​ទាំងនេះ លោកតា​ក៏​យក​ពេលទំនេរ​ខ្លះៗ ទៅ​ដាំពោត និង​ដាំ​ត្រឡាច នៅលើ​ដី ទំនេរ​តាម​មាត់​ស្រះ ដើម្បី​ទុកជា​សម្បត្តិ​មណ្ឌល ក៏ដូចជា​ទុក​សម្រាប់​ចង្ហាន់​ព្រះសង្ឃ​។ 
 
​លោកតា​បញ្ជាក់បន្ថែម​ដូច​ច្នេះ​៖«​ខ្ញុំ​ចេះតែ​នៅ​មិន​សុខ ឃើញ​ដី​ទំនេរ​ចេះតែ​ចង់​ដាំ​ទុក​ធ្វើជា​ចង្ហាន់​ព្រះសង្ឃ​។ ខ្ញុំ​ដាំពោត​ក្រហម ព្រោះ​រក​ពូជ​ពោតស​មិនបាន​។ ឥឡូវនេះ​ដាំ​បាន​ត្រឡាច​ខ្លះ​ដែរ​។ មេឃ​ក្ដៅ​ពេក ដាំ​ដំណាំ​មិនសូវ​បាន​ផល​ទេ ចាំមើល​ពេល​មាន​ភ្លៀង​ធ្លាក់ ទើប​ខ្ញុំ​ចាប់​ដាំ​ស្ពៃ ត្រប់ ននោង ហើយនឹង​ដំណាំ​មួយចំនួនទៀត ឱ្យបាន​ច្រើន​មុខ​បន្តិច បានធ្វើ​ចង្ហាន់​ព្រះសង្ឃ​បាន​ច្រើន​»​។  
 
​ជាធម្មតា​នៅ​ទី​អារាម​នេះ យាយជី ឬ​តា​តា​តែងតែ​ដាំ​បន្លែ​រួមផ្សំ​ជាច្រើន​ប្រភេទ ទុក​សម្រាប់​ចង្ហាន់​ព្រះសង្ឃ​។ បើ​នៅ​ខែ​ភ្លៀង​វិញ ល្ហុង​មាន​ផ្លែ​ច្រើន​ហើយ​ធំៗ​ល្អ​។ ចំណែក​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក៏​ទទួលបាន​ផល​ច្រើន​ដែរ​។ ទោះជា​យ៉ាងណា​នៅពេល​បច្ចុប្បន្ននេះ មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ នៅសល់​ដី​ទំនេរ​ច្រើន ព្រោះតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង មិនទាន់​សាក​សម​នឹង​ដាំ​ដំណាំ​ផ្សេងៗ​៕ 
 






Tag:
 កណ្ដាល​
  ដំណាំ​
  បន្លែ​
  វត្ត​
  មណ្ឌល​វិបស្សនា
© រក្សាសិទ្ធិដោយ thmeythmey.com