COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន សង្ឃឹមថា ចិន​គោរព​តាម​សន្យា ថា «​មិន​បន្តសកម្មភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​»
26, Apr 2020 , 11:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បានបង្ហាញ​ការ​ជឿជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​គោរព​ពាក្យសន្យា​ដោយ​មិន​ធ្វើ​សកម្មភាព​ខុសច្បាប់ ឬ​ឯកតោភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ សេចក្តីថ្លែងការណ៍​ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​ការបង្កើត​តំបន់​ថ្មី​របស់​ក្រុង​ប៉េកាំង​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នាពេល​ថ្មីៗ​នេះ​។​

 
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque នៅ​ថ្ងៃ​២៣ មេសា​កន្លងទៅ បាន​ឲ្យ​ដឹងថា ចិន ធ្លាប់បាន​សន្យា​ជាមួយនឹង​ហ្វីលីពីន ថា នឹងមិន​ធ្វើ​សកម្មភាព​បន្ថែម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀតឡើយ ជាពិសេស​លើ​តំបន់​ដែល​ហ្វីលីពីន​បានទាមទារ​គ្រប់គ្រង​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Philstar​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ជាមួយនឹង​ការ​រម្លឹក​ពី​ការសន្យា​ទ្វេភាគី​ជាមួយនឹង​គ្នា ថ្មីៗ​នេះ ក្រសួងការបរទេស​ហ្វីលីពីន ក៏បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅកាន់​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​ម៉ានីល​ពីរដង​រួច​ផងដែរ បន្ទាប់ពី​មាន​របាយការណ៍​ថា មាន​សកម្ម​ភាពមិន​គ​ប្បី​របស់​កងទ័ព​ចិន​ទៅកាន់​នាវា​ទាហានជើងទឹក​របស់​ហ្វីលីពីន និង​សកម្មភាព​មួយចំនួន​ក្នុង​អធិបតេយ្យ​របស់​ហ្វីលីពីន ដែល​ក៏​ជា​ផ្នែក​មួយ​ស្ថិតនៅ​ខេត្ត​ហៃ​ណាន​របស់​ចិន​។ 
 
​គួរកត់សម្គាល់​ផងដែរ​នោះ សេចក្តីថ្លែងការណ៍​ការ​ទូត​តវ៉ា​របស់​ហ្វីលីពីន ធ្វើឡើង​ក្រោយ​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ នៃ​ការបង្ហាញ​ពី​ភាពជិតស្និទ្ធ​រវាង​ហ្វីលីពីន និង​ចិន​របស់​ហ្វីលីពីន បន្ទាប់ពី​ចិន បានផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​ដល់​ហ្វីលីពីន សម្រាប់​ការការពារ និង​ទប់ស្កាត់​វីរុស Covid-19​។ ហ្វីលីពីន ថែមទាំង​ទើបតែ​បាន​ពណ៌នា និង​ចាត់ទុក ចិន ជា «​មិត្ត​ជិតស្និទ្ធ​ជា​អមត (BFF) » ទៀតផង​។ 
 
​គួរ​ជម្រាប​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​មាន​ជម្លោះ​អធិបតេយ្យ​មួយ​ដែលមាន​រដ្ឋ​អាស៊ាន​ជាប់​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វី​លី​ពី​និ និង​វៀតណាម ជាមួយនឹង​ចិន​។ ទោះបីជា​តំបន់​កំពុងតែ​ប្រឈម​នឹង​ការគំរាមកំហែង​ពី​វីរុស​រាតត្បាត Covid-19 ក៏ដោយ គេ​សង្កេតឃើញថា ចិន នៅតែមាន​សកម្មភាព​វាតទី​នៅក្នុង​តំបន់​មាន​ជម្លោះ​រហូតដល់​ការបង្កើត​តំបន់​រដ្ឋបាល​ផ្សេងៗ​ទៀតផង​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com